Booysen៖ ​Muangthong ​ឆ្នាំ​នេះ​ល្អ​ទាំង​ព្រម ​យើង​មិន​ងាយ​ឈ្នះ​ស្រួល​ៗ​ទេ

  • 2017-07-12 09:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Shane Booysen ខ្សែ​ប្រយុទ្ធក្លឹប​ភ្នំពេញក្រោន ដែល​ជាប់​ឈ្មោះ​ក្នុង​ក្រុម K-Cement Cambodian All Stars ​ជា​លើកទី២ បាន​បង្ហើប​ចំណាប់​អារម្មណ៍​ថា ​ក្រុម​ SCG Muangthong United ​នៅ​ឆ្នាំ​នេះ​បាន​រៀប​ចំ​ក្រុម​បាន​ល្អ​ជាង​ឆ្នាំ​មុន ដូច្នេះ​ប្រកួត​ថ្ងៃ​១៦ ខែកក្កដា​​ខាង​មុខ​នេះ​ នឹង​កាន់​តែ​ជក់​ចិត្ត​។

​Booysen ​​បញ្ជាក់ថា​​ ក្រុម​កម្ពុជា មិន​ងាយ​ឈ្នះ​ការ​ប្រកួត​នេះ​ស្រួលៗ​ឡើយ ព្រោះ​ Muangthong មក​លើក​នេះ គឺ​លើក​គ្នា​មក​ទាំង​ក្រុម​ធំ​តែម្ដង។ យ៉ាងណាក្ដី ខ្សែ​ប្រយុទ្ធ​អាហ្រ្វិកខាងត្បូង​រូបនេះ បាន​សន្យា​នឹង​អ្នក​គាំទ្រ ថា​ខ្លួន​នឹង​​ប្រឹងប្រែង​លេង​ឲ្យ​ល្អ​បំផុត​ដូច​កាល​ឆ្នាំ​មុន ដើម្បី​អ្នក​គាំទ្រ​សប្បាយ​ចិត្ត។

Booysen ពេល​ប្រកួត​ឈ្នះ Cambodian All Star កាលពី​ឆ្នាំមុន
មិន​ខុស​ពី​ការ​លើកឡើង​នេះ​ទេ ក្លឹប​ Muangthong ​បាន​បញ្ជាក់​​ថា​នឹង​នាំ​យក​កីឡាករ​ពេញ​ជើង​តែ​ម្ដង ​ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រកួត​កាន់​តែ​ជក់​ចិត្ត​ និង​សងសឹក​សម្រាប់​ការ​បរាជ័យ​កាល​ពី​ឆ្នាំ​មុន។ ក្រុម​ម្ចាស់​ជើង​ឯក​លីគ​កំពូល​ថៃ​មួយ​នេះ ​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែកក្កដា​ស្អែកនេះ។

សូម​រំលឹក​ផង​ដែរ​​ថា ​កាល​ពី​ឆ្នាំ​២០១៦​​ ក្រុម​ Muangthong United បាន​​ចាញ់ K-Cement Cambodian All Star ក្នុង​លទ្ធផល ៣-៤ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​កម្ពុជា​រាប់​ម៉ឺន​នាក់។ តើ​ការ​ជួប​គ្នា​ឆ្នាំ​នេះ Muangthong អាច​សងសឹក​បាន​ដែរ​ឬ​ទេ?

អត្ថបទ៖ សុខ មុន្នីរម្យ

អត្ថបទថ្មី
;