គណបក្ស​ប្រជាជន​កម្ពុជា​ ប្រកាស​ផ្ដាច់​សម្ព័ន្ធ​ភាព​ ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ

  • 2017-07-21 04:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ដោយ​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​នឹង​មិន​បន្ត​សហការ​ជាមួយ​មនុស្ស​ដែល​ក្បត់សម្ព័ន្ធ​ភាពដូច​លោក ញឹក ប៊ុនឆៃ តទៅទៀត​ទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក​បន្ត​ថា កុំ​ថា​ឡើយ​លោក ញឹក ប៊ុនឆៃ សូម្បី​មន្ត្រី​ដែល​នៅ​ហែហម​ជាមួយ​លោក ញឹក ប៊ុនឆៃ ទាំង​អម្បាលម៉ាន នឹង​ត្រូវ​បោស​សម្អាត​ឲ្យ​អស់​ពី​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​មិន​លើកលែង​ឡើយ។ លោក​បន្ត​ថា «***បើ​មិន​ទាន់​អស់ ក៏​ធ្វើ​ទាល់​តែ​អស់​ដែរ។ អត់​រក្សា​ទុក​តំណែង​ឲ្យ​ទេ មិន​អាច​ឲ្យ​ស៊ី​ប្រាក់ខែ​រាជ​រដ្ឋាភិបាល ហើយ​មក​វ៉ៃ​រាជ​រដ្ឋាភិបាល​ទេ។ ទោះ​បី​សាមី​ខ្លួន​គាត់​ចង់ ឬ​មិន​ចង់​ក៏ដោយ នេះ​ជា​លក្ខខណ្ឌ​ដែល​ត្រូវ​តែ​ធ្វើ​បែប​ហ្នឹង***»។

ការ​ប្រកាស​ជំហរ​កាត់​ផ្តាច់​សម្ពន្ធ​មេត្រីភាព​បែប​នេះ​របស់​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ព្រះមហាក្សត្រ ព្រះអង្គ​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១២​រូប​ពី​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា បន្ថែម​ទៀត។ ទីប្រឹក្សា​ទាំងអស់​ដែល​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​នេះ មាន​ការ​លើក​ឡើង​ថា គឺ​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ

លោក ញឹក ប៊ុនឆៃ រង​ការ​ចោទ​ថា បាន​លួច​ទាក់ទង​ដោយ​សម្ងាត់​តាម​ទូរសព្ទ​ជាមួយ​លោក អេង ឆៃអ៊ាង ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឃុំ-សង្កាត់។ ប៉ុន្តែ​ព័ត៌មាន​ស្ដីពី​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ បកស្រាយ​ថា ពុំ​មែន​ជា​ការពិត​ទេ។

ជំនួយការ​ផ្ទាល់​លោក ញឹក ប៊ុនឆៃ គឺ​លោក ម៉ៅ សុផាន់ណា ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បញ្ចប់​មុខ​តំណែង​ដូច​ការ​លើកឡើង​​នេះ ប៉ុន្តែ​លោក​សុំ​រក្សា​សិទ្ធិ​ក្នុង​ការ​បកស្រាយ ដោយ​ត្រូវ​រង់ចាំ​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យ​បាន​លម្អិត​ជា​មុន​សិន។

ជុំវិញ​ការ​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជា​បន្តបន្ទាប់​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ត្រូវ​បាន​លោក ម៉ៅ សុផាន់ណា បញ្ជាក់​ថា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​គណបក្ស​នេះ​ឡើយ៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;