យុវជន គង់ រ៉ៃយ៉ា បើកបណ្ណាល័យដាក់ឈ្មោះបណ្ឌិត កែម ឡី
- 2017-07-26 02:43:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជន គង់ រ៉ៃយ៉ា បើកបណ្ណាល័យដាក់ឈ្មោះបណ្ឌិត កែម ឡី
ចន្លោះមិនឃើញ
យុវជន គង់ រ៉ៃយ៉ា ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ ១ឆ្នាំកន្លះ ដោយរងការចោទទាក់ទិននឹងការបង្ហោះសារបដិវត្តន៍ពណ៌លើហ្វេសប៊ុក (Facebook) នោះ បានបើកបណ្ណាល័យមួយដាក់ឈ្មោះថា បណ្ណាល័យបណ្ឌិត កែម ឡី។ យុវជន កែម ឡី និយមរូបនេះអះអាងថា ការបើកបណ្ណាល័យនេះ ដើម្បីរម្លឹកពីវីរភាពបណ្ឌិត កែម ឡី និងលើកទឹកចិត្តឲ្យមានការអាននៅកម្ពុជា។
បណ្ណាល័យ កែម ឡី នេះ បានបើកជាផ្លូវការតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ដែលស្ថិតនៅផ្ទះលេខ១២១ ផ្លូវលេខ៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ទាក់ទាញប្រិយមិត្តអ្នកអានបានច្រើនប៉ុន្មានឡើយ។
បណ្ណាល័យ កែម ឡី នេះ គឺចែកចេញជាបីបន្ទប់ គឺបន្ទប់ទី១ សម្រាប់ដាក់សៀវភៅ រីឯបន្ទប់ទី២ គឺកន្លែងដាក់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ និងបន្ទប់ទី៣ គឺជាបន្ទប់សម្រាប់ស្ដាប់សំឡេងវិភាគរបស់លោកបណ្ឌិត កែម ឡី និងអ្នកវិភាគល្បីៗមួយចំនួនទៀត។ យុវជន គង់ រ៉ៃយ៉ា ថា បណ្ណាល័យនេះបើកចាប់ពីម៉ោង ៧កន្លះព្រឹក រហូតដល់ ៥ល្ងាច ជារៀងរាល់ថ្ងៃ ដោយមិនយកប្រាក់កម្រៃពីភ្ញៀវឡើយ ដូច្នេះគេអាចចូលទៅអានបានដោយសេរីដើម្បីក្រេបជញ្ជក់យកចំណេះដឹង។
ទោះយ៉ាងណាក្ដី ម្ចាស់បណ្ណាល័យរូបនេះសម្ដែងការសោកស្ដាយដែលមកដល់ពេលនេះ បណ្ណាល័យរបស់លោកនៅមិនទាន់មានអ្នកចូលអានច្រើននៅឡើយ ទោះបីជាខំបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកក្ដី។
ងាកមកនិយាយអំពីបណ្ណាល័យ កែម ឡី ដែលបង្កើតឡើងដោយយុវជន គង់ រ៉ៃយ៉ា វិញ គឺគេអះអាងថា បណ្ណាល័យនេះគឺជួលផ្ទះមួយល្វែងដែលថ្លៃឈ្នួលក្នុងមួយខែ ៥៣០ដុល្លារ ដូច្នេះបើបូកសរុបទាំងថ្លៃទឹក ថ្លៃភ្លើងផង គឺមិនតិចជាង ១ពាន់ដុល្លារនោះទេ សម្រាប់ចំណាយក្នុង ១ខែ។ ថវិកានេះ បានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ហើយលោកក៏មានគម្រោងលក់អាវបណ្ឌិត កែម ឡី និងក្រមាខ្មែរ ព្រមទាំងសម្ភារៈផ្សេងៗដែលផលិតដោយស្នាដៃខ្មែរ ដើម្បីបានចំណូលខ្លះ ទប់នឹងការចំណាយ៕