កីឡា​ទូកក្ដោង​កម្ពុជា ត្រូវ​ទទួល​ស្គាល់​ជា​សមាជិក “World Sailing”

  • 2017-07-26 08:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពីសមាជិក​ភាព​របស់ “World Sailing” ជា​ផ្លូវ​ការ ដែល​ទទួល​ស្គាល់​ពី​សហព័ន្ធ​ពិភពលោក និង​សហព័ន្ធ​អាស៊ី កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា សហព័ន្ធ​កីឡា​ទូក​ក្ដោង​កម្ពុជា​ បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០១៥  បន្ទាប់ពី​បាន​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​ យុវជន និង​កីឡា ព្រមទាំង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ ​សហព័ន្ធ​មួយ​នេះ​បាន​ធ្វើ​សកម្មភាព​ជាច្រើន ថែមទាំង​ជា​ប្រភេទ​កីឡា​អូឡាំពិក ទៀត​ផង។ ប្រភេទ​កីឡា​នេះ​ទាមទារ​នូវ​ធនធាន​ច្រើន និង​ទីកន្លែង​ហ្វឹកហាត់​មាន​ស្តង់ដារ ពិសេស​សមុទ្រ ដែល​មាន​ខ្យល់ និង​ឆ្នេរ​ត្រឹមត្រូវ។

សហព័ន្ធ បាន​សម្រិតសម្រាំង​បាន​កីឡាករ​បាន​ចំនួន ១០​រូប ក្នុង​នោះ​មាន ៣រូប​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ ដែល​លេង ២​វិញ្ញាសា។ កីឡាករ សូត្រ មេសា និង​កីឡាករ ហៀង សុខ​ហេង អាយុ ១៥​ឆ្នាំ លេង​វិញ្ញាសា Windsurfing RS:One និង​កីឡាករ ឌុច ប៊ុនធឿន ជា​នាវិក​ប្រចាំ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម អាយុ ៣៣​ឆ្នាំ លេង​វិញ្ញាសា Laser Radial ។

ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី២៩ ​ឆ្នាំ២០១៧ នេះ ​កម្ពុជា​នឹង​បញ្ជូន​កីឡាករ ៣​រូប​នេះ ទៅ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ទាំងពីរ​៕

ប្រភព៖ Looking Today ប្រែ​សម្រួល៖ លាភ.

;