អ្នកភូមិម្នាក់ ប្រគល់ ខួចបៃតង អាយុកាលជាង ១ពាន់ឆ្នាំ ឲ្យអាជ្ញាធរជាតិអប្សរា
- 2017-08-24 03:28:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភូមិម្នាក់ ប្រគល់ ខួចបៃតង អាយុកាលជាង ១ពាន់ឆ្នាំ ឲ្យអាជ្ញាធរជាតិអប្សរា
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤សីហានេះថា លោក កង ល័រ ជាអ្នកភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានប្រគល់ ខួចបៃតង សម័យអង្គរ (ស.វទី៩-១០) ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។
លោក កង ល័រ រើសបានខួចនេះប្រហែល ៣ខែហើយ ពេលជីកបង្គោលធ្វើទ្រុងចិញ្ចឹមទាកាប៉ា ដែលស្ថិតនៅភូមិត្នោតជ្រុំ។ ពេលរើសបានដំបូង លោកមិនដឹងថាជាវត្ថុបុរាណ ឬមានតម្លៃទេ ក៏មិនដឹងប្រវត្តិអីដែរ ហើយចេះតែរក្សាទុកទៅ ព្រោះមិនដឹងថាយកទៅឲ្យអ្នកណា។
លោក កង ល័រ សំណូមពរឲ្យប្រជាជនដទៃទៀតដែលរើស ឬជីកបានវត្ថុបុរាណ គួរយកមកឱ្យអ្នកមានសមត្ថកិច្ចមើលការខុសត្រូវ ជាជាងការលក់ដូរឱ្យឈ្មួញ ឬបំផ្លិចបំផ្លាញចោល។
លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជំនាញផ្នែកកុលាលភាជន៍ បានឲ្យដឹងថា នេះជាខួចបៃតង (Green Glazed) ដែលផលិតនៅសម័យអង្គរ ស.វទី៩ដល់ទី១០។
តាមរយៈខួចនេះដែរ គឺមានស្រទាប់រលោងស្អាត ដែលអាចដឹងថា ភាគច្រើនគឺផលិតនៅឡអន្លង់ធំ និងឡឫស្សី។ គេប្រើវាសម្រាប់ដាក់វត្ថុរាវដូចជាថ្នាំឬទឹកឃ្មុំជាដើម។ លោកបណ្ឌិត ក៏បានបញ្ជាក់ដែរថា ខួច និងវត្ថុផ្សេងៗប្រភេទពណ៌បៃតងនេះ គេឈប់ឃើញមានផលិតបន្តទៀត ដោយជំនួសនូវការផលិតកុលាលភាជន៍ពណ៌ត្នោតវិញម្តងចាប់ពីស.វទី១១ ដល់ស.វទី១៣ នៃគ.ស៕