ឥណ្ឌូណេស៊ីថា ម៉ាឡេស៊ី បន្លំក្នុងវិញ្ញាសាក្បាច់គុន
- 2017-08-29 02:40:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ីថា ម៉ាឡេស៊ី បន្លំក្នុងវិញ្ញាសាក្បាច់គុន
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌូណេស៊ី បានចោទម្ចាស់ផ្ទះម៉ាឡេស៊ី ថាបានលួចបន្លំលទ្ធផលអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាវាយគូគុន Pencak Silat នៅព្រឹត្តការណ៍ស៊ីហ្គេមលើកទី២៩ ដែលរៀបចំនៅទីក្រុងកូឡាឡាំពួរ។
ក្រុមម៉ាឡេស៊ីដែលមានកីឡាករ Taqiyuddin Bin Hamid និង Rosli bin Mohd Sharif បានឈ្នះមេដាយមាសលើវិញ្ញាសាខាងលើ ប៉ុន្តែភាគីខាងឥណ្ឌូណេស៊ី គឺលោក Edhy Prahowo អ្នកចាត់ការទូទៅ បានអះអាងថា អ្នកផ្ដល់ពិន្ទុ បានដាក់ពិន្ទុលម្អៀងទៅខាងម៉ាឡេស៊ី។ លោកបានបន្ថែមថា តាមសមត្ថភាពរបស់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី មិនសមនឹងទទួលបានមេដាយសំរឹទ្ធផង។
«ពួកគេមិនសក្ដិសមនឹងទទួលចំណាត់ថ្នាក់លេខ៣ ឬ លេខ៤ ផង។ ខ្ញុំបានដឹងរួចជាស្រេចទៅហើយថា ម៉ាឡេស៊ីនឹងធ្វើដូច្នេះ។ នេះជារឿងមិនល្អទេសម្រាប់អត្តពលិករបស់ពួកយើង។ យ៉ាងណា ពួកយើងមានតែទទួលយកលទ្ធផលនេះប៉ុណ្ណោះ»។ នេះជាសម្ដីរបស់លោក Edhy Prahowo ។
ទាក់ទងនឹងបញ្ហាដដែល កាលពីម្សិលមិញក្នុងការប្រកួតប្រដាល់សេរី រវាងកម្ពុជា គឺ ឡៅ ចិត្រា ជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក៏ត្រូវទទួលការរិះគន់ពីសំណាក់អ្នកលេងបណ្ដាញសង្គមផងដែរ ថាអ្នកដាក់ពិន្ទុ ក្នុងការប្រកួតមានភាពលម្អៀងទៅកាន់ខាងម្ចាស់ផ្ទះ បន្ទាប់ពីឲ្យ ឡៅ ចិត្រា ដែលវាយគ្របលើម្ចាស់ផ្ទះស្ទើរគ្រប់ទឹក ចាញ់ទៅវិញ។ ចំណែក ឡាវ ក៏ជួបរឿងដូចកម្ពុជាផងដែរ៕