Dele Alli បកស្រាយ​ពី​ការ​បញ្ចេញ​កាយវិការ​មិន​សមរម្យ​លើ​ទីលាន

  • 2017-09-05 07:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Dele Alli ត្រូវ​បាន​សារព័ត៌មាន​នានា ចុះ​ផ្សាយ​ពី​សកម្មភាព​មួយ​ដែល​គេ​បាន​បង្ហាញ​ដល់​មិត្ត​រួម​ក្រុម Kyle Walker អំឡុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2018 ដែល​ក្រុម​ម្ចាស់​ផ្ទះ​អង់គ្លេស បាន​យក​ឈ្នះ​ស្លូវ៉ាគី ដោយ​លទ្ធផល ២-១ កាលពី​យប់មិញ ។

ដើមឡើយ ការយល់​ឃើញ​មួយ​​ចំនួន​បាន​លើក​ឡើង​ថា ​ខ្សែ​បម្រើ​របស់ Spurs រូប​នេះ មាន​ចេតនា​បញ្ចេញ​កាយវិការ​នេះ​ដាក់​អាជ្ញាកណ្ដាល​សញ្ជាតិ​បារាំង Clement Turpin ដែល​ជា​អ្នក​កាត់​សេចក្ដី​ក្នុង​ជំនួប​នោះ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ប្រកួត​បាន​បញ្ចប់ តារា​ឆ្នើម​របស់​អង់គ្លេស​រូប​នេះ បាន​អះអាង​ថា រូបគេ​គ្រាន់តែ​លេង​សើច​ជាមួយ​មិត្ត​រួមក្រុម​របស់​គេ​ប៉ុណ្ណោះ។

Alli បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា៖ «គ្រាន់តែ​ចង់​បកស្រាយ​ថា កាយវិការ​យប់​នេះ គឺ​គ្រាន់តែ​ជា​ការ​លេង​សើច​រវាង​ខ្ញុំ ជាមួយ​មិត្ត​សំឡាញ់ Kyle Walker ប៉ុណ្ណោះ! ​សូម​អភ័យទោស​ប្រសិនបើ​មាន​ការ​លើសលស់​ណា​មួយ!»

សកម្មភាព​របស់ Alli ត្រូវ​បាន​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍​ដែល​ផ្សាយ​ទូទាំង​ពិភពលោក​យ៉ាង​ច្បាស់។ ទោះបីជា​មាន​ការ​បកស្រាយ​យ៉ាង​ណា​ក្ដី ប្រសិនបើ FIFA រក​ឃើញ​ថា Alli មាន​បំណង​ធ្វើ​ដាក់​លើ​អាជ្ញាកណ្ដាល​មែន​នោះ រូបគេ​អាច​ត្រូវ​ពិន័យ មិន​ឲ្យ​លេង​ចំនួន​ ៣​ប្រកួត រួមទាំង​ការ​ប្រកួត​បញ្ចប់​ពូល ទល់នឹង​ក្រុម​ស្លូវើនៀ និង លីទុយអានី នៅ​ខែ​តុលា ខាងមុខ​ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;