អាជ្ញាធរ​ខេត្ត​សៀមរាប ចាត់​វិធានការ​ចំពោះ​ហាង​នៅ Pub Street

  • 2017-09-06 07:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃឹម ប៊ុនសុង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប បាន​បញ្ជា​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ត្រូវ​ឲ្យ​ម្ចាស់​ហាង និង​ភោជនីយដ្ឋាន​នៅ​តំបន់ Pub Street ធ្វើការ​រុះរើ ឬ​កាត់​សំយាប ដែល​បាន​លៀន​ចេញ​មក​ចិញ្ចើម​ផ្លូវ ធ្វើ​ឲ្យ​បាត់បង់​នូវ​សោភណភាព​ក្រុង​សៀមរាប ជា​ក្រុង​ដែល​ត្រូវ​បាន​ដាក់​ប្រឡង​ប្រណាំង​ក្នុង​តំបន់​អាស៊ាន។

ការ​បញ្ជា​របស់​លោក ឃឹម ប៊ុនសុង បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី០៣ ខែ​កញ្ញា ឆ្នាំ២០១៧ នៅ​ពេល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត ចុះ​ធ្វើការ​ត្រួត​ពិនិត្យ​មើល អំពី​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ក្រុង​សៀមរាប។

ក្នុង​ពេល​ចុះ​ធ្វើការ​ត្រួត​ពិនិត្យ​មើល​ពី​សណ្ដាប់ធ្នាប់ គណៈប្រតិភូ​ខេត្ត​សៀមរាប បាន​សង្កេត​ឃើញ​ថា នៅ​ក្នុង​តំបន់​ផ្សារចាស់ Pub Street នេះ កំពុង​មាន​ភាព​អាណាធិបតេយ្យ​ក្នុង​ការ​លក់​ដូរ នៅ​តាម​ភោជនីយដ្ឋាន​មួយ​ចំនួន។ ម៉្យាង​ទៀត តំបន់ Pub Street នេះ ជា​ទី​ប្រមូល​ផ្តុំ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិសាសន៍ នៅ​ក្នុង​ពេល​រាត្រី ព្រម​ទាំង​បណ្តា​ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត​មួយ​ចំនួន បាន​ធ្វើការ​ចាក់​ឌីសស្កូ បំពង​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ អ្នក​ជម្ងឺ​ក្នុង​មន្ទីរពេទ្យ និង​ព្រះសង្ឃ​ក្នុង​វត្ត នៅ​ក្នុង​ពេល​រាត្រី ដោយ​មិន​បាន​គោរព​ទៅ​តាម​ច្បាប់​កំណត់​ឡើយ ។ ក្នុង​នោះ​ដែរ ក៏​មាន​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ចំនួន បាន​យក​ចិញ្ចើម​ផ្លូវ និង​ផ្លូវ​ឌឿងហែម​ធ្វើ​ជា​កម្មសិទ្ធិ​រកស៊ី​របស់​ខ្លួន​ទៀត​ផង។

ដោយសារ​បញ្ហា​ទាំង​នេះ លោក ឃឹម ប៊ុនសុង ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង និង​មន្ទីរ​ជំនាញ ក៏​ដូច​លោក​ស្នងការ​ខេត្ត ត្រូវ​ធ្វើ​សេចក្តី​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាម្ចាស់​ភោជនីយដ្ឋាន​ជាមុន ដើមី្ប​ឲ្យ​ពួក​គាត់​បាន​យល់​អំពី បញ្ហា​ការ​កើតឡើង​នូវ​ហានិភ័យ​ចំពោះ​ខ្លួន នៅ​ពេល​ដែល​បងប្អូន​នាំ​គ្នា​ធ្វើការ​បិទ​នូវ​ផ្លូវ​ឌឿងហែម ដែល​ជា​ច្រកចេញ​ចូល​យក​ទៅ​ធ្វើការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​នោះ៕

អត្ថបទ៖ វាសនា

;