ដើម​ខ្នុរ វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ច្រើន​ប្រភេទ

  • 2017-09-09 08:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូភ្លេង និង​ជា​ជាង​ធ្វើ​ឧបករណ៍​ភ្លេង​បុរាណ លោក យិន វណ្ណា បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Sabay ថា ដើមខ្នុរ​ជា​ប្រភេទ​ឈើ​ល្អ​បំផុត ដែល​អាច​ធ្វើ​ជា​ឧបករណ៍​ភ្លេង​បុរាណ​បាន​ច្រើន​ប្រភេទ។

លោក​ថា ដើម​វា​អាច​យក​ទៅ​ធ្វើ​ឧបករណ៍​ភ្លេង​ដូច​ជា ស្គរ​តូច ស្គរ​ឆៃយ៉ាំ ស្គរ​រមនា តាខេ ស្នូក​ចាប៉ី​ដង​វែង ឃឹម ពិណ ស្នូក​រនាត ទ្រអ៊ូ ទ្រសោ ​ជាដើម។

«បើ​និយាយ​ពី​ឈើ​មួយ​នេះ ធ្វើ​បាន​ច្រើន​ណាស់ សឹងតែ​គ្រប់​ឧបករណ៍​ទាំងអស់ តែ​អាស្រ័យ​ទៅ​តាម​ចំណូលចិត្ត​អ្នក​ធ្វើ​​ឧបករណ៍​នី​មួយៗ​ដែរ ថា​គេ​ចង់​យក​វា​ទៅ​ធ្វើ​អត់។ ពី​ដើម​គេ​និយម​យក​ឈើ​នេះ ធ្វើ​ឧបករណ៍​ភ្លេង​ណាស់ សូម្បី​ស្គរ​ធំ​ៗ នៅ​តាម​វត្ត​ក៏​គេ​យក​វា​ធ្វើ​ដែរ ព្រោះ​វា​ស្រាល ពណ៌​ស្អាត ជាពិសេស​នោះ​វា​មាន​សំឡេង​ល្អ ហើយ​ឮ​ខ្លាំង»

ជាមួយ​គ្នា​នេះ​ដែរ ឧបករណ៍​ពិណ​ធ្វើ​ពី​ដើម​ខ្នុរ គឺ​មាន​គុណភាព​ល្អ​លេខ​មួយ។ នេះ​ជា​ការ​អះអាង​របស់​លោក កែវ សុនន្ទកវី សាស្ត្រាចារ្យ​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ ស្ថិត​ក្នុង​ត្រកូល​អ្នក​ភ្លេង ៥ជំនាក់ និង​ជា​ជាង​ធ្វើ​ឧបករណ៍​ពិណ។

យោង​តាម​សៀវភៅ "តន្ត្រី​នៅ​ប្រទេស​កម្ពុជា” រៀប​រៀង​ដោយ​អ្នក​ស្រី កែវ ណារុំ ក៏​បាន​បញ្ជាក់​ដែរ​ថា ដើម​ឈើ​មួយ​ប្រភេទ​នេះ អាច​យក​ទៅ​ធ្វើ​ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ​បាន​ច្រើន​ប្រភេទ៕

អត្ថបទ៖ ប៉ូ សាគុន

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;