ស្ករត្នោតត្រូវប៉ាន់ អ្នកឡើងត្នោតនៅកំពង់ស្ពឺ រកចំណូលបានដល់ ៣ពាន់ដុល្លារ
- 2017-09-12 02:24:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ករត្នោតត្រូវប៉ាន់ អ្នកឡើងត្នោតនៅកំពង់ស្ពឺ រកចំណូលបានដល់ ៣ពាន់ដុល្លារ
ចន្លោះមិនឃើញ
ស្ករត្នោតនៅខេត្តកំពង់ស្ពឺ កំពុងត្រូវប៉ាន់ខ្លាំងនារដូវប្រមូលផលស្ករត្នោត ឆ្នាំ២០១៧ នេះ។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ស្ករត្នោតរបស់សមាគម មានក្រុមហ៊ុនដល់ទៅ ៨ រង់ចាំទទួលទិញយកទៅកែច្នៃទៅជាម្សៅស្ករសម្រាប់នាំចេញទាំងអស់ ដែលធ្វើឲ្យអ្នកឡើងត្នោតដែលជាសមាជិកសមាគម អាចរកចំណូលបានប្រមាណ ១៥ម៉ឺនរៀលក្នុងមួយថ្ងៃ ឬ ៣០០០ដុល្លារក្នុងមួយរដូវ។
ចំណូលនេះ គឺសម្រាប់អ្នកឡើងត្នោតដែលមានលទ្ធភាពឡើងដើមត្នោតបានច្រើនជាង ៣០ដើម (ទទួលផលស្ករ ៣០គីឡូក្រាមក្នុងមួយថ្ងៃ)។ រីឯអ្នកដែលឡើងត្នោតបានត្រឹមកម្រិតមធ្យម គឺអាចរកបានប្រមាណ ២៥០០ដុល្លារក្នុងមួយរដូវ។
ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺខាងលើ បានបន្ថែមទៀតថា ដោយសារស្ករត្នោត ឬស្ករក្រហមមានតម្លៃនៅលើទីផ្សារ មិនថាក្នុងស្រុក ឬនាំចេញ ធ្វើឱ្យឈ្មួញទុច្ចរិតមួយចំនួន កំពុងក្លែងបន្លំចេះល្បិចចេះច្នៃយកស្ករស ដែលមានតម្លៃថោកតែជាង ២០០០ ទៅ ៣០០០ រៀល ក្នុង១គីឡូក្រាម ទៅច្នៃធ្វើជាស្ករក្រហម ដោយលាយជាមួយប្រេងឆា ប្រេងសណ្តែក អំបិល និងសារធាតុគីមីមួយចំនួនទៀត រំងាស់នឹងខ្ទះ វឹក-កូរ ចេញជាស្ករក្រហមដូចស្ករត្នោត ហើយដឹកលក់ចរាចរណ៍តាមផ្សារក្នុងក្រុងភ្នំពេញ ពិសេសផ្សារច្បារអំពៅ និងផ្សារដេប៉ូ។ ក្នុងមួយថ្ងៃ ស្ករក្រហមបែបនេះ ត្រូវបានគេផលិតបាន ១០តោន សម្រាប់ស្តុកលក់នៅលើទីផ្សារ៕