U18 ថៃ​និង​ម៉ាឡេស៊ី ឈ្នះ​ប៉េណាល់ទី​ដូច​គ្នា ឡើង​ប៉ះ​គ្នា​វគ្គ​ផ្តាច់ព្រ័ត្រ ដូច​កាល​ស៊ី​ហ្គេម

  • 2017-09-16 03:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​១៨ឆ្នាំ (U18) ថៃ និង U18​ម៉ាឡេស៊ី នឹង​ត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍​ជើងឯក​យុវជន​អាស៊ាន​អាយុ​ក្រោម​១៨ឆ្នាំ (2017 AFF U18 Youth Championship) បន្ទាប់ពី​ថៃ យក​ឈ្នះ​ឥណ្ឌូណេស៊ី ដោយ​បាល់​ប៉េណាល់ទី ៣-២ ខណៈ​ម៉ាឡេស៊ី យក​ឈ្នះ​ម្ចាស់ផ្ទះ ​មីយ៉ាន់ម៉ា ដោយ​ការ​ទាត់​បាល់ ១១​ម៉ែត្រ​ដូចគ្នា ក្នុង​លទ្ធផល ៥-៤ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ កាលពី​ម្សិលមិញ។ ​ទាំង ២គូ សុទ្ធតែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ដូចគ្នា ក្នុង​រយៈ​ពេល ៩០​នាទី។

ក្រុមថៃ ប៉ះ ឥណ្ឌូណេស៊ី វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ
ម៉ាឡេស៊ី ប៉ះ មីយ៉ាន់ម៉ា វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ

​ថៃ នឹង​ត្រូវ​ជួប ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ប្រទេស​មីយ៉ាន់ម៉ា។ ជំនួប​នេះ គឺ​ដូច​កាល​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​ទើបតែ​បញ្ចប់​ចុងខែ​សីហា​កន្លង​ទៅ​ ដែល​ក្រុម U22 ថៃ បាន​យក​ឈ្នះ U22 ម៉ាឡេស៊ី ដោយ​លទ្ធផល ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ធ្វើឲ្យ​ថៃ​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​លើក​ទី​២៩ ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស ជា​លើក​ទី១៦។

សូម​បញ្ជាក់​ថា ​U18 ថៃ និង U18 ម៉ាឡេស៊ី សុទ្ធតែ​ជា​ក្រុម​មក​ពី​ពូល A កាលពី​វគ្គ​សន្សំ​ពិន្ទុ ដោយ​ធ្លាប់​ឈ្នះ ៤​ប្រកួត និង​ស្មើ ១​ប្រកួត​ដូចគ្នា។ ប៉ុន្តែ​ម៉ាឡេស៊ី ឈរនៅលេខ១ ដោយសារ​មាន​គ្រាប់​ចំណេញ​ច្រើន​ជាង។

ចំណែក​ការ​ប្រកួត​ដណ្ដើម​យក​លេខ៣ រវាង​ក្រុម U18 ឥណ្ឌូណេស៊ី ជាមួយ​មីយ៉ាន់ម៉ា នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ៣:៣០ នាទី​រសៀល៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;