មក​ស្គាល់​ច្បាប់​ដោះដូរ​កីឡា​របស់​លីគ​ថៃ ដែល​អាច​ទិញ​កីឡាករ​អាស៊ាន​បាន​ម្នាក់

  • 2017-09-16 06:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​ប្រកាស​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦​ថា ខ្លួន​នឹង​អនុវត្ត​គោលការណ៍​ កីឡាករ​អាស៊ីអាគ្នេយ៍ នៅ​ក្នុង​លីគ​កំពូល និង​លីគ​លំដាប់​ទី​ពីរ ដើម្បី​ផ្ដល់​ចន្លោះ​មួយ សម្រាប់​កីឡាករ​អាស៊ាន​ ដើម្បី​ទទួល​បាន​ឱកាស​ក្នុង​ការ​ចូលរួម​ជាមួយ​ក្លឹប​នៅ​ប្រទេស​ថៃ។ ច្បាប់​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត នៅ​រដូវ​កាល​ ២០១៨ ខាងមុខ​នេះ សម្រាប់​លីគ​កំពូល​ថៃ។

ច្បាប់​ដដែល បាន​កំណត់​ឲ្យ​ក្លឹប​នីមួយៗ ទិញ​កីឡាករ​បរទេស​បាន​ចំនួន ៤​នាក់ រួមទាំង​កីឡាករ​អាស៊ាន​ម្នាក់ ឬ ៤+១ ។ ក្រៅពី​កីឡាករ​អាស៊ាន​ម្នាក់ ក្លឹប​ទាំង​អស់​អាច​ទិញ​កីឡាករ​អាស៊ី បាន​ម្នាក់ និង​កីឡាករ​បរទេស​មកពី​ទ្វីប​ផ្សេងៗ ចំនួន ៣​នាក់។ ហើយ​ក្លឹប​នីមួយៗ អាច​ដាក់​កីឡាករ​បរទេស​បាន​ចំនួន ត្រឹម​តែ ៤នាក់​ប៉ុណ្ណោះ (៣+១) ក្នុង​ការ​ប្រកួត​នីមួយៗ។

ច្បាប់​នេះ មាន​វិសាលភាព​លើ​ប្រទេស​អាស៊ាន​ចំនួន ៩ គឺ ​ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង​វៀតណាម។ បច្ចុប្បន្ន ច្បាប់​នេះ​កំពុង​តែ​អនុវត្ត​នៅ​លីគ​លំដាប់​ទី​ពីរ​ថៃ។

សូម​បញ្ជាក់​ថា កីឡាករ​របស់​ក្រុម​អគ្គិសនី​កម្ពុជា ធារី ​ចន្ថាប៊ីន ក៏​ទើបតែ​បាន​ផ្លាស់​ទៅ​ក្រុម Krabi FC នៃ​លីគ​ទី​ពីរ​ថៃ កាលពី​ដើម​ឆ្នាំ​២០១៧​នេះ។ ហើយ​ថ្មីៗ​នេះ​ដែរ បណ្ដាញ​សារព័ត៌មាន​ថៃ​មួយ​ចំនួន​កំពុង​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​មក​លើ​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​កំពុង​ប្រកប​អាជីព​នៅ​លីគ​លំដាប់​ទី​បី​ជប៉ុន ​ស្រប​ពេល​ដែល​ច្បាប់​ខាងលើ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ នៅ​លីគ​កំពូល​របស់​ខ្លួន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;