"មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់ប៉ា​របស់​ខ្ញុំ" ត្រូវ​​ប្រជែង​ជាមួយ​រឿង​បរទេស​ជិត ១០០រឿង​​ក្នុង​ពានអូស្ការ

  • 2017-09-22 07:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឬ "First They Killed My Father" ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​បេក្ខភាព​ខ្សែ​ភាព​យន្ត​ជាច្រើន​ទៀត ដែល​ត្រូវ​ដណ្ដើម​យក​ពាន​រង្វាន់​អូស្ការ លើ​ផ្នែក "ខ្សែ​ភាពយន្ត​និយាយ​ភាសា​បរទេស​ល្អ​បំផុត" ឬ “Best Foreign Language Film"។

អ្នកដឹកនាំ​រឿង Angelina Jolie និងអ្នកស្រី អ៊ឹង លួង អ្នក​និពន្ធ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​"
យ៉ាង​ហោច​ណាស់​ ខ្សែ​ភាពយន្ត​បរទេស​ ៩០រឿង ត្រូវ​បាន​ដាក់​ចូល​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​នេះ មុន​ថ្ងៃ​បិទ​ឈប់​ទទួល​បេក្ខភាព​នៅ​ថ្ងៃ​ទី២ ខែតុលា។ រឿង​ទាំង​អស់​នោះ នឹង​ត្រូវ​ជម្រុះ​សល់ ៩រឿង​ រួច​បន្ត​ជម្រុះ​សល់​ត្រឹម ៥រឿង សម្រាប់​ប្រជែង​គ្នា​យក​ពាន​ "Best Foreign Language Film” របស់​ពាន​រង្វាន់អូស្ការ លើក​ទី៩០​ ឆ្នាំ​២០១៨។

ខ្លីៗ សូម​លើក​យក​ខ្សែ​ភាពយន្ត​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន ដែល​ត្រូវ​ប្រជែង​នឹងរឿង "First They Killed My Father”៖

  • រឿង “The Square” ជា​ភាសា​ស៊ុយអែត។ រឿង​នេះ​បាន​ឈ្នះ​ពាន​រង្វាន់ Palme d'Or ដែល​ជា​ពាន​រង្វាន់​​ធំ​បំផុត​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន។ រឿង​នេះ​សរសេរ និង​ដឹកនាំ​ដោយ​លោក Ruben Östlund និង​សម្ដែង​ដោយ​តារា​ល្បី Claes Bang, Elisabeth Moss និង Dominic West។​
  • រឿង “In the Fade” ជាភាសា​អាល្លឺម៉ង់។ In the Fade ក៏​ស្ថិត​ក្នុង​ចំណោមរឿង​ដ៏​លេចធ្លោ​មួយ​ដែរ ក្រោយ​តារា​សម្ដែង​ក្នុង​រឿង​នេះ គឺ​នាង Diane Kruger បាន​ឈ្នះ​ពាន​រង្វាន់​តារា​ស្រី​ល្អ​បំផុត ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន។ រឿងនេះ​ដឹក​នាំ​ដោយ​លោក Fatih Akin។
  • រឿង "120 Beats per Minute” ឬ BMP (Beats per Minute) ជា​ភាសា​បារាំង។ រឿងនេះ ដឹកនាំ​ដោយ Robin Campillo និង​សម្ដែង​ដោយ Nahuel Pérez Biscayart, Arnaud Valois, Adèle Haenel។ ខ្លីៗ​ គិត​ថា​រឿង​នេះ ក៏​នឹង​ក្លាយ​ជា​បេក្ខភាព​ដ៏​ខ្លាំង​មួយ ដោយសារ​វា​បាន​ឈ្នះ​ពាន​ដល់​ទៅ ៤ ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ដែល​រួម​មាន​ទាំង​ពាន​ Grand Prix ផងដែរ (ពាន​ធំ​លំដាប់​ទី២ បន្ទាប់​ពី Palme d'Or ក្នុង​មហោស្រព​ទីក្រុង​កាន)។

ភាពយន្ត​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទៀត រួម​មានដូចជា ​រឿង "The Insult” និយាយ​ភាសា​លីបង់, “A Fantastic Woman” (ភាសា​ស៊ីលី), “Loveless” (ភាសា​រុស្ស៊ី), “Foxtrot” (ភាសា​អ៊ីស្រាអែល), “Happy End” (ភាសា​អូទ្រីស) និង​រឿង “Thelma” (ភាសា​ន័រវែស) ជាដើម៕

ទស្សនា​សកម្មភាព​ក្រៅឆាក នៃ​ការ​ថត​ខ្សែ​ភាពយន្ត "មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ារបស់ខ្ញុំ" ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;