ក្លឹបខ្លាំងៗប៉ះគ្នាចុងសប្ដាហ៍នេះ មុនដោះលែងកីឡាឲ្យចូលរួមជួយជម្រើសជាតិ
- 2017-09-28 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបខ្លាំងៗប៉ះគ្នាចុងសប្ដាហ៍នេះ មុនដោះលែងកីឡាឲ្យចូលរួមជួយជម្រើសជាតិ
ចន្លោះមិនឃើញ
ចុងសប្ដាហ៍នេះ ក្លឹបខ្លាំងៗ នៅកម្ពុជានឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ បន្ទាប់ពីលីគបានឈប់សម្រាក ដើម្បីឲ្យកីឡាករជម្រើសជាតិត្រៀមខ្លួនប្រមូលផ្ដុំហ្វឹកហាត់ នៅដើមខែតុលាខាងមុខនេះ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019។
ជំនួបមិត្តភាពគូពិសេសដែលប្រកួតមុនគេនៅថ្ងៃទី២៩កញ្ញា ស្អែកនេះ គឺជាការជួបគ្នារវាងក្រុមព្រះខ័នរាជស្វាយរៀង ជាមួយក្រុមក្រសួងការពារជាតិ នៅកីឡដ្ឋានកងយោធពលខេមរៈភូមិន្ទ (ស្តាតចាស់) វេលាម៉ោង ៣:៣០ នាទីរសៀល (ផ្សាយផ្ទាល់លើទំព័រ CNCC)។
ចំណែក ថ្ងៃសៅរ៍ទី៣០កញ្ញា មានការប្រកួតមិត្តភាពគូពិសេសចំនួន ២គូទៀត។ ក្នុងនោះ ក្លឹបបឹងកេត នឹងធ្វើការប្រកួតជាមួយ ភ្នំពេញក្រោន នៅកីឡដ្ឋាន RSN វេលាម៉ោង ៤ រសៀល (ចូលរួមទស្សនាដោយសេរី) និងជំនួបរវាងក្លឹបបាល់ទាត់ វិសាខា ជាមួយក្លឹបអគ្គិសនីកម្ពុជា នៅទីលានអគ្គិសនីកម្ពុជា វេលាម៉ោង ៣រសៀល។
បន្ទាប់មក នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ កីឡាករតាមក្លឹបនីមួយៗដែលមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិ នឹងត្រូវប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមខ្លួនទៅសួរសុខទុក្ខក្រុមជម្រើសជាតិវៀតណាម ក្នុងការប្រកួតទីបួន ពូល C វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕