Iceland ក្លាយជា​ប្រទេស​តូចជាងគេ​​បំផុត​ ដែល​ជាប់​​ទៅលេង World Cup

  • 2017-10-10 01:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផល​ឈ្នះ​កូសូវ៉ូ ២-០ កាលពី​យប់មិញ​នេះ ធ្វើ​ឲ្យអ៊ីស្លង់ (Iceland) បានជាប់​ទៅលេង​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​បាល់ទាត់របស់​ខ្លួន និង​បាន​ក្លាយ​ជា​ប្រទេស​តូច​បំផុត ​ដែល​អាច​ឡើង​ទៅ​លេង​ពាន​រង្វាន់​បាល់ទាត់​ធំ​បំផុត​មួយ​នេះ។

៣ពិន្ទុ​បន្ថែម​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​ពូល I នេះ ធ្វើ​ឲ្យ​អ៊ីស្លង់ មាន ២២ពិន្ទុ លើស​ក្រុម​លេខ២ ក្រូអាត ចំនួន ២ពិន្ទុ។ ក្រូអាត នឹង​ត្រូវ​លេង Play-off ជាមួយ​ក្រុម​លេខ២ ក្នុង​ពូល​ផ្សេង​ទៀត ដើម្បី​ដណ្ដើម​កៅអី​ទៅ World Cup។ ក្រុម​ផ្សេង​ទៀតក្នុង​ពូល I ដែល​ធ្លាក់ រួម​មាន អ៊ុយក្រែន តួកគី ហ្វាំងឡង់ និងកូសូវ៉ូ។

Iceland ជា​ប្រទេស​ដែន​កោះ នៅ​ភាគ​ខាង​ជើង​នៃ​មហា​សមុទ្រ​អាត្លង់ទិច ដែល​មាន​ផ្ទៃដី ១០៣ពាន់​គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន តែ​ជាង ៣៣ម៉ឺននាក់​ប៉ុណ្ណោះ។ បើ​និយាយ​ពី​ជម្រើសជាតិ​បាល់ទាត់​វិញ ប្រទេស​នេះ មិន​ធ្លាប់​ស្គាល់​ជាតិ​ទៅលេង​ World Cup នោះទេ​ពីមុន​មក។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៦មក ក្រុម​បាល់ទាត់​ប្រទេសនេះ បាន​ធ្វើ​ឲ្យ​ពិភពលោកភ្ញាក់ផ្អើល ដោយ​បានឡើង​ដល់​វគ្គ ៨ក្រុម​ចុងក្រោយ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប និង​បាន​ជាប់​ទៅលេង World Cup ឆ្នាំ២០១៨ នា​ពេល​នេះ។

គិត​ត្រឹម​យប់មិញ​នេះ មាន​​ក្រុមចំនួន ១៧ហើយ ដែល​ជាប់ស្វ័យប្រវត្តិ​ទៅ​កាន់ World Cup 2018។ ក្រុម​ទាំង​នោះ រួមមាន៖ រុស្ស៊ី (ម្ចាស់​ផ្ទះ) បែលហ្ស៊ិក អង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ ស៊ែប អេស្ប៉ាញ អ៊ីស្លង់ ប្រេស៊ីល កូស្ដារីកា ម៉ិកស៊ីកូ អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត ជប៉ុន កូរ៉េខាងត្បូង អេហ្ស៊ីប និងនីហ្សេរីយ៉ា៕

ក្រុម​ទាំង ១៧ ដែល​ជាប់​ទៅ​ World Cup គិត​ត្រឹម​យប់ថ្ងៃ​ចន្ទ ទី ៩ តុលា

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;