ថ្ងៃសុក្រ​ទី១៣ ត្រូវ​​ចៀសវាង​រឿង ១៣​យ៉ាង ដើម្បីគេច​ចេញពី​សំណាង​អាក្រក់

  • 2017-10-13 09:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃ​សុក្រ ដែល​ចំ​ថ្ងៃ​ទី១៣ ត្រូវ​ចាត់​ទុក​ថា​ជា​ថ្ងៃ​អាក្រក់​បំផុត​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ជំនឿ​បស្ចិមប្រទេស ដែល​មាន​ប្រវត្តិ​យូរ​ណាស់​មក​ហើយ។ ជា​រៀង​រាល់​ឆ្នាំ មាន​ថ្ងៃ​ទី១៣ ចំ​ថ្ងៃ​សុក្រ យ៉ាង​តិច​ម្ដង និង​ច្រើន​បំផុត ៣​ដង។ ចំណែក​ឆ្នាំ​២០១៧ នេះ មាន ២​ដង គឺ​ចំ​ថ្ងៃ​១៣ ខែ​មករា​ម្ដង និង​ចំ​ថ្ងៃ​១៣ ខែ​តុលា​នេះ​ម្ដង​ទៀត។ នៅ​ថ្ងៃ​នេះ គួរ​ចៀស​វាង​រឿង​​មួយ​ចំនួន ដែល​អាច​នាំ​សំណាង​អាក្រក់​ដល់​ខ្លួន។

១. ចៀស​ពី​លេខ១៣

លេខ​១៣ ត្រូវ​ចាត់​ទុក​ថា​ជា​លេខ​អាក្រក់​មួយ ហើយ​មន្ទីរពេទ្យ​ជា​ច្រើន គ្មាន​បន្ទប់​លេខ១៣ឡើយ។ គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជាន់​ទី១៣ ឬ​កុំ​អង្គុយ​ញាំ​អី​នៅ​តុ​មាន​លេខ១៣ នៅ​ថ្ងៃ​ដ៏​អាក្រក់​នេះ។

២. ចៀស​ពី​ឲ្យ​ផុត​ពី​ផ្នូរ​ខ្មោច

មាន​ជំនឿ​ជា​ច្រើន​ទាក់​ទង​នឹង​ផ្នូរ​ខ្មោច ហើយ​ជំនឿ​ដ៏​សាមញ្ញ​មួយ​នោះ គឺ​ការ​ដើរ​លើ​ផ្នូរ​ខ្មោច ឬ​ដក​ដង្ហើម​ពេល​ឆ្លង​កាត់​ផ្នូរ​ខ្មោច អាច​នាំ​សំណាងអាក្រក់​បាន។ គួរ​រក​ផ្លូវ​ផ្សេង ដើម្បី​ដើរ ចៀស​វាង​ការ​ឆ្លង​កាត់​ផ្នូរ​ខ្មោច មិន​ថា​តែ​ថ្ងៃ​សុក្រ​ទី១៣ ទេ គឺ​រាល់​ថ្ងៃ​តែ​ម្ដង។

៣. ចៀស​វាង​ទៅ​ណា​ឆ្ងាយ

នៅ​ថ្ងៃ​សុក្រ​ទី១៣ នេះ គួរ​កុំ​ទៅ​ណា​ឆ្ងាយ ឬ​បើ​អាច ដេក​នៅ​ផ្ទះ​ជា​រឿង​ល្អ​បំផុត។ ការ​ធ្វើ​ដំណើរ និង​​សកម្មភាព​ផ្សេង​នៅ​ថ្ងៃ​នេះ អាច​នាំ​គ្រោះ​ថ្នាក់​បាន។

៤. ប្រយ័ត្ន កុំ​ធ្វើ​ឲ្យ​បែក​កញ្ចក់

ការ​ធ្វើ​ឲ្យ​បែក​កញ្ចក់​នៅ​ថ្ងៃ​នេះ អាច​នាំ​សំណាង​មិន​ល្អ​ដល់​ទៅ ៧ឆ្នាំ។ ដើម្បី​ការពារ​ឲ្យ​ធ្លាក់​បែក គួរ​កុំ​ប្រើ​កញ្ចក់​កាន់​នៅ​ដៃ ហើយ​ប្រើ​កញ្ចក់​នៅ​ជាប់​ជញ្ជាំង និង​រក្សា​គម្លាត​ឆ្ងាយ​បន្តិច។ ​ ​៥. កុំ​ទទួល​ទាន​អំបិល

បើ​អាច​ចៀស​បាន គួរ​កុំ​ទទួល​ទាន​អំបិល​នៅ​​ថ្ងៃ​នេះ ឬ​អាច​កាត់​បន្ថយ​ខ្លះ។ ការ​ធ្វើ​ឲ្យ​កំពប់​អំបិល អាច​នាំ​សំណាង​មិន​ល្អ ប៉ុន្តែ​មាន​វិធី​បញ្ចៀស​គ្រោះ​បាន។ បើ​អ្នក​ធ្វើ​ឲ្យ​កំពប់​អំបិល គួរ​យក​អំបិល​បន្តិច បោះ​ទៅ​ក្រោយ​ពី​លើ​ស្មា​ខាង​ឆ្វេង។

៦. ចៀស​ឲ្យ​ឆ្ងាយ​ពី​តុ

ធម្មតា​មនុស្ស​ប្រើ​ប្រាស់​តុ​រាល់​ថ្ងៃ តែ​មាន​ជំនឿ​ជា​ច្រើន​ទាក់​ទង​នឹង​តុ ហើយ​នៅ​ថ្ងៃ​សុក្រ​ទី១៣ នេះ មិន​គួរ​អង្គុយ​នៅ​តុ​យូរ​ពេក​ទេ។ ពេល​អង្គុយ គួរ​កុំ​ដាក់​ស្បែក​ជើង​លើ​តុ ច្រៀង ដេក ឬ​ដាក់​កូន​សោ​នៅ​លើ​តុ។

៧. កុំ​ដើរ​ក្រោម​ជណ្ដើរ

ដើរ​ក្រោម​ជណ្ដើរ​មិន​ត្រឹម​តែ​នាំ​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នាំ​សំណាង​អាក្រក់​ទៀត​ផង។ ដូច​នេះ​គួរ​ចៀស​វាង ការ​ដើរ​មុជ​ក្រោម​ជណ្ដើរ​នៅ​ថ្ងៃ​នេះ។

៨. កុំ​ឲ្យ​បក្សី​ចូល​ផ្ទះ

នៅ​ថ្ងៃ​នេះ ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត ហើយ​បើ​ចេញ ឬ​ចូល​បន្ទប់ ត្រូវ​បោះ​ពួយ​ឲ្យ​លឿន ការពារ​ក្រែង​បក្សី​ចូល។ បក្សី​ចូល​ផ្ទះ​នៅ​ថ្ងៃ ជា​ប្រផ្នូល​នៃ​សេចក្ដី​ស្លាប់។

៩. កុំ​ប្រើ​ឆត្រ

បើ​អាច​ចៀស​បាន គួរ​កុំ​ប្រើ​ឆត្រ ដែល​អាច​នាំ​សំណាង​អាក្រក់​នៅ​ពេល​តម្លោះ​បាន។ ប៉ុន្តែ​បើ​ចៀស​មិន​បាន​ទេ កុំ​តម្លោះ​ឆត្រ​នៅ​ក្នុង​អគារ ឬ​ក្នុង​ផ្ទះ ចាំ​ចេញ​ក្រៅ​ផុត​សិន ព្រោះ​ការ​តម្លោះ​ឆត្រ​ក្នុង​អគារ ឬ​ផ្ទះ អាច​នាំ​ហេតុ​មិន​ល្អ។

១០. ចៀស​ពី​ឆ្មាខ្មៅ

ឆ្មារ​ខ្មៅ ជា​តំណាង​នៃ​សំណាង​អាក្រក់​នៅ​ប្រទេស​ជា​ច្រើន។ ត្រូវ​ចៀស​ដាច់ខាត​កុំ​ឲ្យ​វា​រំលង​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​អ្នក។ ប្រទេស​មាន​ជំនឿ​ថា ការ​ឃើញ​ឆ្មា​ខ្មៅ ជា​ប្រផ្នូល​នៃ​សេចក្ដី​ស្លាប់។

១១. កុំ​សម្លាប់​ពីងពាង

ចៀស​ដាច់​ខាត កុំ​សម្លាប់​ពីងពាង​នៅ​ថ្ងៃ​នេះ ទោះ​បី​មិត្ត​រួម​បន្ទប់​របស់​អ្នក ជា​អ្នក​សម្លាប់​ក៏​ដោយ។

១២. កុំ​ដាក់​ស្បែក​ជើង​លើ​តុ

ទោះ​ស្បែក​ជើង​នោះ​ទិញ​ថ្មី​ក៏​ដោយ កុំ​យក​មក​ដាក់​លើ​តុ ដើម្បី​ថត​បង្ហោះ ឬ​យក​មក​ដាក់​លើ​តុ​ពិនិត្យ​មើល។ មាន​ជំនឿ​ថា កា​ដាក់​ស្បែក​ជើង​លើ​តុ អាច​នាំ​ហេតុ​ឲ្យ​សមាជិក​គ្រួសារ​ជួប​គ្រោះ​ដល់​ជីវិត។

១៣. ជាន់​លើ​គំនូស ឬ​ស្នាម

គួរ​ចៀស​ឲ្យ​បាន កុំ​ដើរ​ជាន់ ឬ​លោត​ចំ​ស្នាម និង​គំនូស​នានា ព្រោះ​អាច​នាំ​សំណាង​អាក្រក់​ផង​ដែរ៕

ប្រភព៖ USAtoday ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី
;