អ្នកការពារសិទ្ធស្ត្រី រិះគន់ការចែកចាយរូបអាក្រាតសព សាន ស្រីឡៃ
- 2017-10-18 13:14:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកការពារសិទ្ធស្ត្រី រិះគន់ការចែកចាយរូបអាក្រាតសព សាន ស្រីឡៃ
ចន្លោះមិនឃើញ
អ្នកការពារសិទ្ធិស្ត្រី និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានស្នើអោយមានការដាក់ទណ្ឌកម្ម ឬបណ្ដេញពីការងារប្រសិនបើអ្នកថតរូប និងចែកចាយរូបអាក្រាតនៃសពរបស់តារាចម្រៀង សាន ស្រីឡៃ នោះគឺជាមន្ត្រីនគរបាលផ្នែកកោសល្យវិច័យសាកសព។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលបានដឹងព័ត៌មានទាក់ទងនឹងការចែកចាយរូបភាពនោះបានរិះគន់អ្នកចែកចាយនោះថា ប្រសិនបើជាមន្ត្រី គួរតែត្រូវដកតួនាទី។ អ្នកប្រើហ្វេសប៊ុកមួយចំនួនសរសេរប្រហាក់ប្រហែលគ្នាថា មន្ត្រីនោះគួរតែត្រូវបកសក្ដិចោលព្រោះល្មើសក្រមសីលធម៌វិជ្ជាជីវៈ និងក្រមសីលធម៌ខ្លាំងបំផុតក្នុងពេលអនុវត្តន៍ការងាររបស់ខ្លួន ព្រោះមុនពេលបានចូលធ្វើប៉ូលិសគឺសុទ្ធតែបានរៀនសូត្រចេះដឹង។
អ្នកសម្របសម្រួលគណៈកម្មាធិការលើកស្ទួយស្ត្រី ក្នុងវិស័យនយោបាយរបស់អង្គការសីលកា កញ្ញា សេង រាសី លើកឡើងថា នេះមិនមែនជាករណីលើកទីមួយទេ។ ករណីបែបនេះតែងកើតឡើងជាញឹកញាប់ទៅស្ត្រី ជាពិសេសស្ត្រីដែលរងគ្រោះដោយអំពើហិង្សា មានករណីរំលោភផ្លូវភេទជាដើម គឺរូបភាពរបស់ស្ត្រីរងគ្រោះតែងត្រូវគេដាក់បង្ហាញ ដោយមិនបានគិតពីភាពរងគ្រោះរបស់ស្ត្រីឡើយ។
ទាក់ទិននឹងករណីនេះ អគ្គស្នងការរងនគរបាលជាតិ លោក ជួន សុវណ្ណ បានប្រាប់សារព័ត៌មានក្នុងស្រុកថា កំពុងស្រាវជ្រាវចំពោះមន្ត្រីនគរបាលពាក់ព័ន្ធទាំងនោះ ប្រសិនបើមានករណីបែបនោះមែនលោកនឹងចាត់វិធានការតាមច្បាប់ ព្រោះវាបានធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់សព វិជ្ជាជីវៈ និងក្រមសីលធម៌នគរបាល។ សូមបញ្ជាក់ថា តារាចម្រៀង សាន ស្រីឡៃ ដែលមានវ័យ២៣ឆ្នាំ ត្រូវអតីតស្វាមីបាញ់សម្លាប់ នៅក្នុងហាងកែសម្ផស្សមួយក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៦ ខែ តុលា ហើយបុរសជាប្ដីក៏បានបាញ់សម្លាប់ខ្លួនឯងភ្លាមៗដែរ៕