ព្រឹទ្ធសភា អនុម័តសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន ៤ ដែលពាក់ព័ន្ធនឹងការបែងចែកអាសនៈ ពេលរំលាយបក្ស
- 2017-10-20 02:52:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹទ្ធសភា អនុម័តសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន ៤ ដែលពាក់ព័ន្ធនឹងការបែងចែកអាសនៈ ពេលរំលាយបក្ស
ចន្លោះមិនឃើញ
ព្រឹទ្ធសភា បានអនុម័តលើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអាសនៈ ពេលរំលាយគណបក្សនយោបាយក្នុងរដ្ឋសភា ដោយសំឡេង ៤០ នៃសមាជិកព្រឹទ្ធសភាទាំងមូល ដែលបានចូលរួមប្រជុំនៅព្រឹកថ្ងៃទី២០តុលានេះ។
ទី១- សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ទី២- សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ទី៣- សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
និងទី៤- សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។
លោក ជាម យៀប សមាជិករដ្ឋសភា និងជាតំណាងនៃតំណាងរាស្ត្រហត្ថលេខី ៤៩រូប ចូលរួមកិច្ចប្រជុំព្រឹទ្ធសភា ដើម្បីការពារសេចក្តីស្នើច្បាប់វិសោធនកម្មនៃច្បាប់ទាំង ៤នេះ បានលើកឡើងថា ការស្នើធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ មិនមានចេតនាចង់បំផ្លិចបំផ្លាញគណបក្សនយោបាយណាមួយឡើយ តែធ្វើឡើង ឲ្យស្របតាមច្បាប់ និងវិសោធនកម្មច្បាប់គណបក្សនយោបាយ ព្រមទាំងដោយយោងតាមទិដ្ឋភាពនយោបាយ ហើយដើម្បីជំរុញឲ្យកម្ពុជា ក្លាយជានីតិរដ្ឋពិតប្រាកដ។
សូមរំលឹកថា សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ខាងលើនេះ ត្រូវបានរដ្ឋសភា ដែលមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ៦៧រូប បានប្រជុំ បោះឆ្នោតអនុម័ត កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។ តាមនីតិវិធី ក្រោយពីព្រឹទ្ធសភា ប្រជុំអនុម័តលើសេចក្តីស្នើច្បាប់ទាំងនេះហើយ រដ្ឋសភានឹងបញ្ជូនសេចក្តីស្នើច្បាប់នេះ ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ មុននឹងថ្វាយព្រះមហាក្សត្រ ក្នុងនាមជាប្រមុខរដ្ឋ ដើម្បីឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើជាផ្លូវការ និងជាការប្រញាប់៕