​តើ Leonardo និង ឃួន ឡា បូរ៉ាវី បោះឆ្នោត​ឲ្យ Ronaldo, Messi ឬ Neymar?

  • 2017-10-24 00:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផល​នៃ​ពាន​រង្វាន់កីឡាករ​ល្អបំផុត​ក្នុង​លោក ឬ The Best FIFA Men’s Player ឆ្នាំ​២០១៧ បាន​ប្រកាស​ឲ្យ​ដឹង​ហើយ​កាលពី​យប់មិញ​នេះ ដែល​ជ័យជម្នះ​បាន​ទៅ​កីឡាករ​ព័រទុយហ្គាល់ Cristiano Ronaldo ក្រោយ​ទទួល​សំឡេង​គាំទ្រ​លើស​បេក្ខភាពចុងក្រោយ ២រូប​ទៀត គឺ Lionel Messi និង Neymar ។

តើ​គ្រូ​បង្វឹក​ជម្រើសជាតិ​កម្ពុជា​ដែល​ទើប​ចាកចេញ​ពី​តំណែង Leonardo Vitorino និង​ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា ឃួន ឡាបូរ៉ាវី បាន​បោះឆ្នោត​ឲ្យ​កីឡាករ​ណា​ខ្លះ?

បើ​តាម​ឯកសារ​របស់ FIFA បាន​ឲ្យដឹង​ថា Leonardo បាន​បោះឲ្យ​កីឡាករ​រួម​សញ្ជាតិ​ប្រេស៊ីល Neymar ជា​ជម្រើស​ទី១ (ទទួល​បាន ៥ពិន្ទុ) Ronaldo ជា​ជម្រើស​ទី២ (ទទួល​បាន ៣ពិន្ទុ) និង Messi ជា​ជម្រើស​ទី៣ (ទទួល​បាន ១ពិន្ទុ)។

លោក Leonardo Vitorino
ចំណែក​ឯ ឃួន ឡាបូរ៉ាវី វិញ បាន​បោះឆ្នោត​ឲ្យ​ Messi ជា​ជម្រើស​ទី១, Ronaldo ជា​ជម្រើស​ទី២ និង Neymar ជា​ជម្រើស​ទី៣។
ឃួន ឡាបូរ៉ាវី

ក្រៅ​ពីគ្រូ​បង្វឹក និង​កីឡាករ​ប្រធាន​ក្រុម កម្ពុជា​នៅ​មាន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​១រូប​ទៀត គឺ​លោក​អ៊ឹង ចំរើន អ្នក​សារព័ត៌មាន​ដែល FIFA បាន​ជ្រើសរើស។ លោក អ៊ឹង ចំរើន បាន​បោះឲ្យ Cristiano Ronaldo ជា​ជម្រើស​ទី១ Harry Kane ជម្រើស​ទី២ និង Lionel Messi ជម្រើស​ទី៣។

លោកអ៊ឹង ចំរើន (រូបភាព៖ Facebook)

ជាសរុប​រួម Ronaldo បាន​ទទួល ១១ពិន្ទុ​ពី​កម្ពុជា, Messi ទទួល​បាន ៧ពិន្ទុ, Neymar ទទួល​បាន ៦ពិន្ទុ និង Harry Kane ទទួល​បាន ៣ពិន្ទុ។

គួរ​បញ្ជាក់ថា ជា​លទ្ធផល Ronaldo បាន​ក្លាយ​ជា​ម្ចាស់​ពាន The Best FIFA Men’s Player ក្រោយ​ទទួល​សំឡេង​គាំទ្រ​សរុប ៤៣,១៦% ខណៈ Messi បាន​ ១៩,២៥% និង Neymar បាន ៦,៩៧%៕

ចុច​អាន៖ Ronaldo បំបាក់ Messi និង Neymar យក​ពាន​កីឡាករ​ល្អបំផុត​ក្នុង​លោក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;