នៅ​ខ្វះ​១០ម៉ឺន​ដុល្លារ​ទៀត​ទើប​ចេតិយ លោក កែម ឡី ត្រូវ​សាងសង់​រួចរាល់

  • 2017-10-31 03:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​មក​ទល់​នឹង​ពេល​នេះ ចេតិយ​របស់​លោក កែម ឡី សង់​រួចរាល់​ចំនួន​ប្រមាណ ៣០% ហើយ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុស​បង្កើត​របស់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៧។

លោក កែម រិទ្ធិសិទ្ធ ប្រាប់​ថា ចេតិយ​ដែល​សង់​នេះ​ត្រូវ​ចំណាយ​ទឹកប្រាក់​រហូត​ដល់ ១៧​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​នៅ​ពេល​នេះ​គឺ​នៅ​ខ្វះ​ខាត​ថវិកា​ប្រមាណ​ជា ១០​ម៉ឺន​ដុល្លារ​ទៀត ទើប​ចេតិយ​អាច​បញ្ចប់​ការ​សាងសង់។

កន្លង​មក​ដោយសារ​តែ​មាន​ការ​អំពាវនាវ​ពី​សំណាក់​ក្រុម​គ្រួសារ​លោក កែម ឡី ទាក់ទង​នឹង​ការ​ខ្វះ​ខាត​ថវិកា​ក្នុង​ការ​កសាង​ចេតិយ​នេះ ក៏​មាន​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​នាំ​គ្នា​បរិច្ចាគ​ក្នុង​ការ​ជួយ​កសាង។ ក្នុង​នោះ​ក៏​មាន​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ ដែល​បាន​ផ្ដល់​ជូន​ថវិកា​រហូត​ដល់​ទៅ ៧​ម៉ឺន​ដុល្លារ។

យោង​តាម​គណៈកម្មការ​សាងសង់​ចេតិយ​លោក កែម ឡី ធ្លាប់​បាន​ឲ្យ​ដឹង​ថា ចេតិយ​លោក កែម ឡី ត្រូវ​បាន​សិក្សា​តាម​រចនាបថ​បាពួន។ ចេតិយ​នេះ ត្រូវ​សង់​នៅ​លើ​ផ្នូរ​លោក កែម ឡី ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ប្លង់​នៃ​គម្រោង​សំណង់​ចេតិយ​នេះ​ចែក​ចេញ​ជា ៣​ផ្នែក​គឺ ខឿន តួ​ចេតិយ និង​កំពូល។ ក្នុង​នោះ ខឿន មាន​បង្គោល​សីមា​ព័ទ្ធ​ជុំវិញ ដែល​មាន​រចនាបថ​ប្រាសាទ​ព្រះ​វិហារ ដោយ​មាន​រូប​ចម្លាក់​សត្វ​តោ នៅ​ឈរ​ការពារ​ទាំង​៨ទិស។ រី​ឯ​តួ​ប្រាង្គ​ចេតិយ បែងចែក​ជា ៥​ថ្នាក់ ហើយ​ប្រាង្គ​ផ្គុំ​គ្នា ក្លាយ​ជា​តួ​ចេតិយ​មួយ ដែល​នៅ​កំពូល​ប្រាង្គ​ចេតិយ​មាន​រូប​ព្រហ្ម​មុខ​បួន​តំណាង​ឲ្យ​ព្រហ្ម​វិហារធម៌​ទាំង​៤ និង​មាន​បណ្ដោយ​៩​ម៉ែត្រ ទទឹង​៩​ម៉ែត្រ កម្ពស់​១៦​ម៉ែត្រ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;