កម្ពុជា នឹង​រៀបចំ​ប្រដាល់​គុនខ្មែរ​អន្តរជាតិ​ជា​លើក​ដំបូង

  • 2017-11-11 06:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ នឹង​សហការ​ជាមួយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដើម្បី​រៀបចំ​ការ​ប្រកួត​ប្រដាល់​គុនខ្មែរ​អន្តរជាតិ ជា​លើក​ដំបូង នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

លោក វ៉ាត់ ចំរើន
​អគ្គលេខាធិការ​រូបនេះ បាន​បញ្ជាក់​ថា ការ​រៀបចំ​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​នេះ គឺ​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ​២០២៣ ហើយ​ដើម្បី​ទាក់ទាញ​ប្រទេស​ក្នុង​តំបន់​ឲ្យ​គេ​គាំទ្រ​កម្ពុជា។

តាម​ការ​គ្រោង​ទុក ការ​ប្រកួត​នឹង​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី៧ ដល់ ១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ គោល​បំណង​សំខាន់​ពីរ​នៃ​ព្រឹត្តិការណ៍​នេះ គឺ ទី១ បំផុស​ឲ្យ​ប្រទេស​ជិត​ខាង​ចូល​រួម និង​គាំទ្រ។ ទី២ គឺ​ជា​ការ​ចាប់ផ្ដើម​មួយ​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នេះ ក្លាយ​ជា​កម្មវិធី​ប្រចាំ​ឆ្នាំ​តែម្ដង។

ចំពោះ​ការ​ប្រកួត នឹង​ត្រូវ​ចែក​ជា ៣​ប្រភេទ គឺ ប្រភេទ​អាជីព ប្រភេទ​ពាក់​កណ្ដាល​អាជីព និង​ប្រភេទ​ប្រដាល់​ស្ម័គ្រចិត្ត។ ប្រទេស​ចូលរួម​មាន ៩ គឺ អូស្ត្រាលី បារាំង អ៊ុយក្រែន អ៊ីរ៉ង់ នេប៉ាល់ វៀតណាម ថៃ និង ឡាវ ព្រមទាំង​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;