មេធាវី​ក្រសួង​មហាផ្ទៃ ដាក់​ឈ្មោះ​ថ្នាក់ដឹកនាំ CNRP ម្នាក់ទៀត ចូល​ក្នុង​បញ្ជី​ហាម​ឃាត់​ធ្វើ​នយោបាយ

  • 2017-11-15 11:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ បាន​ដាក់​ភស្តុតាង​បន្ថែម​នៅ​តុលាការ​កំពូល ជុំវិញ​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

មួយ​ថ្ងៃ មុន​តុលាការ​កំពូល បើក​សវនាការ លើ​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​នេះ ក្រុម​មេធាវី​របស់​ក្រសួង​មហាផ្ទៃ ដឹកនាំ​ដោយ​លោក​មេធាវី គី តិច បាន​ដាក់​ភស្តុតាង​បន្ថែម​នៅ​តុលាការ​កំពូល ដោយ​ដាក់​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ១​រូប​ទៀត គឺ​លោក​ គង់ គាំ ជូន​តុលាការ​កំពូល ដើម្បី​ស្នើ​ឲ្យ​តុលាការ ផ្អាក​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

បូករួម​ទាំង​លើក​នេះ​ផង ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ បាន​ដាក់​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ សរុប ១១៨ រូប ដើម្បី​ស្នើ​ឲ្យ​តុលាការ​កំពូល សម្រេច​ផ្អាក​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

សូម​រំឭក​ថា នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា​ស្អែក​នេះ តុលាការ​កំពូល គ្រោង​នឹង​បើក​សវនាការ​ជា​សាធារណៈ ជំនុំ​ជម្រះ​លើ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​ កឹម សុខា ជា​ប្រធាន ត្រូវ​បាន​ចោទ​ប្រកាន់​ថា “ក្បត់ជាតិ” តាម​រយៈ​ការ​ឃុបឃិត​នឹង​បរទេស ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;