Buffon សម្រាកពី​ការ​លេង​ឲ្យ​ Juventus ​ក្រោយ​អ៊ីតាលី​ធ្លាក់​ពី World Cup

  • 2017-11-20 08:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាំទី Gianluigi Buffon ត្រូវ​គ្រូ​បង្វឹក​អនុញ្ញាត​ឲ្យ​សម្រាក​ពី​ការ​ប្រកួត​ដែល​ក្រុម Juventus ប្រកួត​ចាញ់ Sampdoria កាលពី​យប់មិញ បន្ទាប់ពី​រូបគេ​ជួប​វិបត្តិ​ផ្លូវ​ចិត្ត នៅ​ពេល​ដែល​ក្រុម​អ៊ីតាលី មិន​អាច​ឈាន​ទៅ​លេង​ជុំ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ World Cup 2018 ។

Juventus ប្រកួតចាញ់ Sampdoria
វីរបុរស​របស់​ក្រុម​អ៊ីតាលី បាន​យំ​សោកស្ដាយ នៅ​ពេល​ដែល​ក្តីសង្ឃឹម​ក្នុង​ការ​លេង​ព្រឹត្តិការណ៍​ខាងលើ​ត្រូវ​បាន​បញ្ចប់ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ​ត្រឹម​វគ្គ Play-off ​ដោយ​លទ្ធផល​សរុប​ពីរ​ជើង ១-០ ។ ក្រោយ​ការ​ប្រកួត​នេះ Buffon ក៏​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ផងដែរ។

លោក Massimiliano Allegri គ្រូ​បង្វឹក​ក្រុម Juventus បាន​សម្រេច​ផ្ដល់​ពេល​វេលា​មួយ​រយៈ​ សម្រាប់​អ្នកចាំទី​វ័យ ៣៩​ឆ្នាំ​រូប​នេះ ​សម្រួល​ផ្នែក​ផ្លូវ​ចិត្ត ដោយ​មិន​ដាក់​រូបគេ​ក្នុង​ជម្រើស ១១​នាក់​ដំបូង ហើយ​ផ្ដល់​តួនាទី​អ្នកចាំទី​នេះ​ទៅ​ឲ្យ​កីឡាករ Wojciech Szczesny វិញ។

Buffon យំក្រោយអ៊ីតាលីធ្លាក់ពី World Cup

អវត្តមាន​អ្នកចាំទី​ជម្រើស​ទី​មួយ បាន​ធ្វើឲ្យ​ក្រុម​សេះ​បង្កង់ ចាញ់ Sampdoria ​ក្នុង​លទ្ធផល ៣-២ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី១៣ នៃ​ក្របខ័ណ្ឌ Serie A ហើយ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ​ក្នុង​តារាង​បណ្ដោះអាសន្ន។

Buffon ទំនងជា​អាច​ចូល​លេង​វិញ នៅ​ក្នុង​ការ​ប្រកួត​បន្ទាប់ ពេល​ប៉ះ​​ក្រុម​ខ្លាំង​មកពី​អេស្ប៉ាញ Barcelona នៅ​ព្រឹត្តិការណ៍ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ នៅ​ម៉ោង ២:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ​នេះ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;