គ.ជ.ប បញ្ចប់ការបែងចែកអាសនៈរដ្ឋសភាទាំង ៥៥ របស់ CNRP នៅថ្ងៃស្អែក
- 2017-11-22 12:31:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប បញ្ចប់ការបែងចែកអាសនៈរដ្ឋសភាទាំង ៥៥ របស់ CNRP នៅថ្ងៃស្អែក
ចន្លោះមិនឃើញ
ការបែងចែកអាសនៈរដ្ឋសភា ចំនួន ៥៥ របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនយោបាយដទៃទៀត នឹងត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាត់ចែងរួចរាល់ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងនោះ គណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានអាសនៈច្រើនជាងគេ។ នេះបើតាមអគ្គលេខាធិការរង គ.ជ.ប។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានឲ្យដឹងថា គ.ជ.ប នឹងប្រឹងប្រែង សម្រេចកិច្ចការនេះឲ្យលឿនបំផុត ហើយនឹងបញ្ចប់ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបញ្ជូនបញ្ជីតំណាងរាស្ត្រថ្មីនៃការបែងចែកអាសនៈទាំង ៥៥នោះ ជូនរដ្ឋសភា អនុវត្តបន្តនូវនីតិវិធីតាមផ្លូវច្បាប់។
គ.ជ.ប បានប្រកាសថា គណបក្សចំនួន ៦ នឹងទទួលបានអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ រួមមាន គណបក្សហ្វិនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
លោក សោម សូរីដា បញ្ជាក់ថា គណបក្សនយោបាយទាំង ៦ ដែលចូលរួមការបោះឆ្នោត កាលពីឆ្នាំ២០១៣ បានឆ្លើយតបមកកាន់ គ.ជ.ប រួចរាល់ហើយ។ ក្នុងនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បានបដិសេធ មិនទទួលយកអាសនៈនោះឡើយ។
ដូច្នេះ បើតាមអគ្គលេខាធិការរង គ.ជ.ប ដដែល គណបក្សទាំងពីរនេះ នៅតែស្ថិតក្នុងនីតិវិធីបែងចែកអាសនៈរបស់ គ.ជ.ប នៅឡើយទេ ដោយដំណាក់កាលទី១ គ.ជ.ប រៀបចំចែកអាសនៈទាំង៥៥ ទៅតាមសំឡេងសមាមាត្ររបស់គណបក្សទាំង៦ ដើម្បីឲ្យដឹងថា គណបក្សណា ទទួលបានសំឡេងប៉ុន្មាន ហើយបន្ទាប់មក គ.ជ.ប នឹងយកចំនួនអាសនៈ ដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ មិនទទួលយកនោះ ទៅបែងចែកបន្តទៀត តាមរូមមន្តដដែល។
សូមបន្ថែមថា តាមនីតិវិធី ក្រោយពី គ.ជ.ប បែងចែកអាសនៈគណបក្សសង្គ្រោះជាតិ ទាំង ៥៥ រូប ទៅឲ្យគណបក្សនយោបាយទាំង ៤ រួមមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យរួចហើយ។ គ.ជ.ប នឹងបញ្ជូនបញ្ជីឈ្មោះតំណាងរាស្ត្រថ្មី ទាំង ៥៥ រូប ទៅកាន់រដ្ឋសភា ដែលតាមច្បាប់កំណត់យ៉ាងយូរ ត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅពេលនោះ រដ្ឋសភា នឹងរៀបចំប្រជុំបោះឆ្នោត ជ្រើសតាំងសមាជិក គ.ជ.ប ៣ រូប ដើម្បីជំនួសសមាជិក គ.ជ.ប ៣ រូប មកពីកូតាគណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យលាលែង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ឡេងប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា សមាជិក គ.ជ.ប ថ្មីទាំង ៣ រូបនោះ នឹងត្រូវជ្រើសចេញពីគណបក្សផ្សេង ដែលទទួលបានអាសនៈនៅរដ្ឋសភា មិនមែនជ្រើសចេញពីគណបក្សប្រជាជនកម្ពុជានោះទេ។ រដ្ឋសភា នឹងប្រជុំបោះឆ្នោតលើករណីនេះ នៅសប្តាហ៍ក្រោយ៕