វគ្គ​ផ្តាច់ព្រ័ត្រ Champions League អាស៊ី ត្រៀម​បង្កើត​កំណត់ត្រា​ថ្មី​មួយ

  • 2017-11-23 06:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Urawa Red Diamonds របស់​ជប៉ុន នឹង​ទទួល​ស្វាគមន៍​ក្លឹប Al Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ AFC Champions League 2017 នៅ​កីឡដ្ឋាន Saitama World Cup Stadium នា​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​សៅរ៍ ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ៥:១៥ នាទី​ល្ងាច។

Al Hilal ប៉ះ Urawa Red Diamonds កាលពីជើងទី១ វគ្គផ្តាច់ព្រ័ត្រ AFC Champions League 2017
កាលពី​ជើង​ទី​មួយ ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល ១-១ នៅ​ទឹកដី​របស់ Al Hilal ដែល​អាច​បង្ក​ឲ្យ​ការ​ប្រកួត​ជើង​ទី​ពីរ កាន់​តែ​មាន​ភាព​ស្វិតស្វាញ​បន្ថែម​ទៀត។ កាលពី​ជើង​ទី​មួយ​នេះ​ដែរ អ្នក​ទស្សនា​ចំនួន ៥៩១៣៦​ នាក់ បាន​ចូលរួម​ទស្សនា​ផ្ទាល់ ហើយ​សំបុត្រ​ចូល​ទស្សនា​នៅ​កីឡដ្ឋាន Saitama World Cup Stadium ដែល​អាច​ផ្ទុក​បាន ៥៨០០០​នាក់ ប្រមាណ​ជាង ៩៥​ភាគរយ​ក៏​បាន​លក់​អស់​ហើយ​ដែរ។

ជា​រួម ចំនួន​អ្នក​ទស្សនា​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម Urawa និង Al Hilal ទាំង​ពីរ​ជើង​នេះ នឹង​អាច​បង្កើត​ជា​កំណត់ត្រា​ថ្មី​មួយ ក្នុង​ប្រវត្តិសាស្ត្រ​ការ​ប្រកួត AFC Champions League ។

លោក Shaikh Salman Bin Ebrahim Al Khalifa ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ទស្សនា​ផ្ទាល់ ១២​ម៉ឺន​នាក់​មើល​ការ​ប្រកួត​ទាំង​ពីរ​ជើង​នេះ។

កំណត់ត្រា​ចាស់ បាន​កើតឡើង​កាល​ពី​ឆ្នាំ២០១៣ នៅ​ក្នុង​វគ្គផ្តាច់ព្រ័ត្រ AFC Champions League រវាង​ក្លឹប Guangzhou Evergrande និង FC Seoul ដែល​មាន​អ្នក​ចូល​ទស្សនា​ចំនួន ១១១៣៤៨​ នាក់។ កំណត់ត្រា​នៃ​ចំនួន​ការ​ចូល​ទស្សនា​ច្រើន​បំផុត​ក្នុង​១​ប្រកួត កើតឡើង​កាល​ពី​ឆ្នាំ២០១៤ ក្នុង​ជំនួប​រវាងក្រុម Al Hilal និង Western Sydney នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូច​គ្នា។

AFC Champions League ឆ្នាំ​នេះ ដោយ​គិត​ក្នុង​ចំណោម ១៤០​ប្រកួត​កន្លង​ទៅ ទទួល​បាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ១ ៩០៧ ៩២០ នាក់ ឬ គិត​ជា​មធ្យម ១៣៦២៨ នាក់ ក្នុង​មួយ​ប្រកួត៕

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;