ប្រធាន​ព្រឹទ្ធសភា​រុស្ស៊ី នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ឆ្នាំក្រោយ

  • 2017-11-26 08:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Stepan Zhiryakov សមាជិក​គណៈកម្មាធិការ​គោល​នយោបាយ​កសិកម្ម និង​អាហារ និងការ​គ្រប់គ្រង​បរិស្ថាន នៃ​ព្រឹទ្ធសភា​រុស្ស៊ី បាន​ឲ្យដឹង​ថា លោកស្រី​ប្រធាន​ព្រឹទ្ធសភា​រុស្ស៊ី Valentina Matviyenko គ្រោងនឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​នាខែ​មីនា ឬ​មេសា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ លោក​លើកឡើង​ដូច្នេះ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក ងួន ញិល អនុ​ប្រធាន​ទី២ នៃ​រដ្ឋសភា​កម្ពុជា ក្នុង​ឱកាស​ចូលរួម​មហាសន្និបាត​លើកទី​១០ នៃ​សភា​តំបន់​អាស៊ី​នៅ​ប្រទេស​តួកគី កាលពី​ថ្ងៃទី២២​ខែ​វិច្ឆិកា។

លោកស្រី Valentina Matviyenko ប្រធាន​ព្រឹទ្ធសភានៃសហព័ន្ធរុស្ស៊ី
លោក Stepan Zhiryakov បាន​គូស​បញ្ជាក់​ថា ប្រទេស​រុស្ស៊ី បាន​នឹង​កំពុង​ខិតខំ​ជំរុញ​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ដោយបាន​ជំរុញ​ដល់អ្នក​វិនិយោគ​ទុន​រុស្ស៊ី មក​កម្ពុជា​ឲ្យបាន​ច្រើន។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា និង​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ចំនួន​ជាង ២០​គម្រោង ក្នុងនោះ​មាន​ការ​បង្កើត​ឲ្យមាន​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទំាង២។ បង្កើត​រោងចក្រ​អគ្គិសនី​ប្រើ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ សាងសង់​រោង​ម៉ាស៊ីន​កិនស្រូវ និង​ការ​នាំចូល​ម្រេច កាហ្វេ ពី​កម្ពុជា​ទៅ​រុស្ស៊ី​ជាដើម។
លោក ងួន ញិល ក្នុងជំនួបពិភាក្សាជាមួយលោក Stepan Zhiryakov។ រូបថត៖ រដ្ឋសភា

លោក​បន្ថែម​ថា នៅពេលណា​ដែល​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ចាប់ផ្តើម​ភ្លាម ពេលនោះ​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទំាង២ ក៏​នឹង​ចាប់ផ្តើម​ដែរ។ ការ​ហោះហើរ​ត្រង់នេះ នឹង​ជួយ​បង្កើន​បន្ថែម​ចំនួន​អ្នក​ទេសចរ និង​អ្នក​វិនិយោគ​រុស្ស៊ី​មក​កម្ពុជា​យ៉ាង​ពិត​ប្រាកដ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;