​កម្ពុជា​នាំចេញ​ស្បែក​ជ្រូក​ទៅ​លក់​នៅទីផ្សារធំៗ​ក្នុង​ពិភពលោក​ជា​លើកដំបូង​

  • 2017-11-30 03:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន ម៉ុង ឫទ្ធី ​ជាក្រុមហ៊ុន​ក្នុងស្រុក​ដំបូង​ដែល​​នឹង​នាំ​ចេញ​ស្បែក​ជ្រូក​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ខណៈ​ទីផ្សារ​ធំបន្ទាប់​គឺ​ប្រទេស​ចិន​។ ​លោក ម៉ុង ចាន់ថុល ជាកូន​ប្រុស​លោក​ឧកញ៉ា​ ម៉ុង ឫទ្ធី បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រោងចក្រនេះ​ជាការវិនិយោគរួម​ជាមួយ​ក្រុមហ៊ុន​ចិន​ ក្រោម​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ​៥​លាន​ដុល្លារ​។

លោក​ ម៉ុង ចាន់ថុល​ បញ្ជាក់​ថា នេះ​​ជា​លើក​ដំបូង​ដែល​កម្ពុជា​នាំចេញ​ស្បែក​ជ្រូក​ទៅលក់​នៅ​ក្រៅ​ប្រទេស​​ ហើយ​ទទួល​បាន​សុទ្ធតែ​ទីផ្សារ​ធំៗ ​ដូចជា​អឺរ៉ុប​ និង​ចិន​ជាដើម​។

លោកបន្តថា សម្រាប់​ជើង​ដំបូង​នេះ ក្រុមហ៊ុន​គ្រោង​នឹង​នាំ​ចេញ​ឲ្យ​បាន​ ៤០តោន ដោយ​ទទួល​បាន​តម្លៃ​ដូច​ដូច​តម្លៃ​ទីផ្សារ​ពិភព​លោក​ដែរ​។

លោក​ ម៉ុង ចាន់ថុល​ បន្ថែម​ទៀត​ថា រោង​ចក្រ​ចម្រាញ់ស្បែក​ជ្រូក​មួយ​នេះ ​មាន​សមត្ថភាព​ផលិតបាន​​ចំនួន ១ពាន់​បន្ទះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ស្បែក​ជ្រូក​នេះអាច​យក​ទៅកែ​ច្នៃជា​ស្បែកជើង ស្បែក​ពូករថយន្ត កាបូប និងខ្សែក្រវ៉ាត់ ជាដើម។ ​​បច្ចុប្បន្ន​ក្រុមហ៊ុន​ កំពុង​បង្វឹក​បុគ្គលិក​បន្ថែម​ដើម្បី​បង្កើន​ការផលិត​ស្បែកជ្រូក​។

គួរជម្រាបថា រោង​ចក្រ​ចម្រាញ់​ស្បែក​ជ្រូក​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​កំ​ពង់ផែ​កែវ​ផុស​ របស់​លោក​ ម៉ុង​ ឫទ្ធី​ ស្ថិត​ក្នុង​ខេត្ត​ព្រះ​សី​ហនុ ហើយ​នឹង​ត្រូវ​សាង​​សង់​ឡើង​លើ​ផ្ទៃ​ដី​សរុប​៦,៦ ហិក​តា ៕

សូមទស្សនាវីដេអូនៃរោងចក្រផលិតស្បែកជ្រូកខាងក្រោម៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី
;