រកឃើញជើងឯកលីគនានា នៅជប៉ុនហើយ ខណៈ Fujieda គាំងនៅលីគ៣ដដែល
- 2017-12-04 07:45:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញជើងឯកលីគនានា នៅជប៉ុនហើយ ខណៈ Fujieda គាំងនៅលីគ៣ដដែល
ចន្លោះមិនឃើញ
មកទល់ពេលនេះ លីគកំពូល លីគលំដាប់ទី២ និងលីគលំដាប់ទី៣ ជប៉ុន បានរកឃើញម្ចាស់ជើងឯករៀងៗខ្លួនហើយ ហើយក្រុមខ្លះបានឡើងទៅលីគខ្ពស់មួយថ្នាក់ ចំណែកខ្លះទៀតធ្លាក់ទៅលីគទាបផងដែរ។
កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ បន្ទាប់ពីបំបាក់ក្រុម Omiya Ardija ដោយលទ្ធផល ៥-០ នៅក្នុងការប្រកួតសប្ដាហ៍ចុងក្រោយ ក្រុម Kawasaki Frontale បានគ្រងជើងឯកលីគកំពូលជប៉ុន J1 League រដូវកាល២០១៧ ដោយមានភាពប្រកៀកប្រកិត ជាមួយក្រុម Kashima Antlers មាន ៧២ពិន្ទុ ស្មើគ្នា តែ Kawasaki Frontale មានគ្រាប់បាល់ចំណេញច្រើនជាងរហូតដល់ ១៧គ្រាប់ឯណោះ។
ក្រុមដែលធ្លាក់ទៅលីគទី២ មាន Kofu, Albirex Niigata និង Omiya Ardija ។
ចំណែក លីគលំដាប់ទី២ ជប៉ុន ក៏រកឃើញជើងឯកផងដែរ គឺក្រុម Shonan Bellmare ដោយមាន ៨៣ពិន្ទុ ក្នុង ៤២ប្រកួត។ ២ក្រុមទៀតដែលត្រូវឡើងទៅលីគកំពូល មាន V-Varen Nagasaki និង Nagoya ។ សូមបញ្ជាក់ថា Nagoya បានឈ្នះក្នុងវគ្គ Play-off ដោយប្រកួតខ្វែងពីលេខ៣ ដល់លេខ៦ ។
ក្រុមដែលធ្លាក់ទៅលីគទី៣ មាន Kumamoto និង Kusatsu ។
ដោយឡែក លីគលំដាប់ទី៣ វិញ ជើងឯកបានទៅលើក្រុម Blaublitz Akita ដោយមាន ៦១ពិន្ទុ នាំមុខក្រុមលេខ២ Tochigi SC ១ពិន្ទុ និងត្រូវដឹកដៃគ្នាឡើងទៅលីគលំដាប់ទី២ ជាមួយគ្នា។
ទន្ទឹមនេះ ក្រុមដែលខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា នឹងត្រូវផុតកុងត្រានៅខែធ្នូនេះ Fujieda MYFC បានបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៧ ប៉ុណ្ណោះ ដោយមាន ៤៧ពិន្ទុ ដូច្នេះមិនអាចឡើងទៅលីគទី២ បានឡើយ៕