ដូណាល់ ត្រាំ បញ្ជា​ឲ្យ NASA ទៅ​ភព​ព្រះចន្ទ​សិន រួច​ទើប​ឲ្យ​ទៅ​ភព​អង្គារ​

  • 2017-12-12 07:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​បទ​បញ្ជា​ប្រតិបត្តិ​ថ្មី​មួយ ឬ “Space Policy Directive-1” កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​បង្គាប់​ឲ្យ​ទី​ភ្នាក់ងារ​អវកាស NASA បញ្ជូន​អវកាស​យានិក​របស់​ខ្លួន ទៅ​កាន់​ភព​ព្រះ​ចន្ទ​សាជាថ្មី ដើម្បី​ចុះចត​នៅ​ទីនោះ រួច​បន្ត​ជំហាន​បន្ទាប់ ដោយ​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​អង្គារ​ជា​លើក​ដំបូង​។

ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ បញ្ជាឲ្យ NASA បញ្ជូនអវកាសយានិកទៅភពព្រះចន្ទ

ការ​ចុះ​ហត្ថលេខា​នេះ ធ្វើឡើង​ក្នុង​ឱកាស​ខួប​លើក​ទី​៤៥​ឆ្នាំ នៃ​ការ​ចុះចត​លើ​ភព​ព្រះចន្ទ​របស់​យាន​អវកាស អាប៉ូឡូ​ទី១៧ (Apollo 17) ដែល​ជា​ពេល​វេលា​ចុងក្រោយ ដែល​មនុស្ស​បាន​ជាន់​លើ​ព្រះចន្ទ។ លោក ដូណាល់ ត្រា បាន​ថ្លែង​ថា គម្រោង​នេះ​នឹង​ជួយ​បង្កើត​ការងារ ព្រម​ទាំង​ពង្រឹង​សន្តិសុខ​ជាតិ​ផងដែរ។

អវកាសយានិក បានទៅដល់ភពព្រះចន្ទ (រូបភាពឯកសារ)

NASA ដែល​ជា​ទី​ភ្នាក់ងារ​អវកាស​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើការ​សហការ​ជាមួយ​ដៃ​គូ​អន្តរជាតិ​ផ្សេងៗ ដូចជា ទីភ្នាក់​អវកាស​អឺរ៉ុប ESA, រុស្ស៊ី, ជប៉ុន និង ចិន ដើម្បី​សម្រេច​គម្រោង​ក្នុង​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ព្រះចន្ទ និង​នាំ​ត្រឡប់​មក​ផែនដី​វិញ។ បន្ថែម​ពី​នេះ អាមេរិក​ក៏​មាន​ក្រុមហ៊ុន​ធំៗពីរ​ទៀត ដែល​ជា​ក្រុមហ៊ុន​ឯកជន អាច​សហការ​ជាមួយ NASA ដើម្បី​ផលិត​គ្រាប់​រ៉ុកកែត​សម្រាប់​បេសកកម្ម​ទៅ​កាន់​ព្រះចន្ទ គឺ​ក្រុមហ៊ុន Blue Origin និង SpaceX ។

NASA បាន​ប៉ាន់ស្មាន​ថា ដើម្បី​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះចន្ទ​ជាថ្មី គេ​ត្រូវ​ចំណាយ​យ៉ាង​ហោច​ណាស់ ១០០ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;