ម៉ូតូស៊េរីថ្មីរបស់ Yamaha ជាដៃគូប្រជែងនឹង Honda PCX
- 2017-12-18 10:04:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូស៊េរីថ្មីរបស់ Yamaha ជាដៃគូប្រជែងនឹង Honda PCX
ចន្លោះមិនឃើញ
ក្រុមហ៊ុន Yamaha ឥណ្ឌូណេស៊ីបានបង្ហាញចេញម៉ូតូម៉ូដែល NMax 155 ឆ្នាំ ២០១៨ ដែលនឹងជាគូប្រជែងដ៏ខ្លាំងក្លារបស់ PCX ដែលទើបចេញស៊េរី ២០១៨ ថ្មីៗនេះដែរ។
ម៉ូតូអូតូនេះបានបង្ហាញខ្លួនក្នុងប្រទេសឥណ្ឌូណេស៊ីចាប់តាំងពីឆ្នាំ ២០១៥ ហើយគិតត្រឹមខែតុលាឆ្នាំ ២០១៧ នេះ លក់ចេញបានជាង ៥៦០ ០០០ គ្រឿង។ ចំពោះ Yamaha NMax ស៊េរីថ្មីឆ្នាំ ២០១៨ នេះមានការកែប្រែរូបរាងខាងក្រៅបន្តិចបន្តួច, មានប្រើកុងទ័រឌីជីថល គួបផ្សំនឹងកែបអង្គុយឌីហ្សាញថ្មី។
យ៉ាន់ម៉ូតូមានរចនាដោយពណ៌មាស មើលទៅកាន់តែលេចធ្លោ និងកាលីប, មានប្រើសម្បកកង់គ្មានពោះវៀន និងមានបំពាក់ដោយអំពូលភ្លើង LED ថែមទៀតផង។ អាចផ្ទុកប្រេងឥន្ធនៈបាន ៦,៦ លីត្រ និងមានទម្ងន់ ១២៧ គីឡូក្រាម។
Yamaha NMax ឆ្នាំ ២០១៨ នេះដំណើរការដោយម៉ាស៊ីនចំណុះ ១៥៥ សេសេ ជាមួយបច្ចេកវិទ្យា VVA អាចផលិតកម្លាំងបាន ១៥ សេះ។ ហ្វ្រាំងម៉ូតូជាប្រភេទហ្វ្រាំងថាស ហើយក៏មានជម្រើសជាហ្វ្រាំង ABS ផងដែរ។
តម្លៃរបស់ NMax ឆ្នាំ ២០១៨ មានចាប់ពី ១ ៨៤០ ដុល្លារ សម្រាប់ប្រភេទហ្វ្រាំងថាស និង ២ ១០០ ដុល្លារចំពោះប្រភេទហ្វ្រាំង ABS ជាតម្លៃលើទីផ្សារប្រទេសឥណ្ឌូណេស៊ី៕