ហេតុអ្វីការនាំ​យក​កីឡាករ​ល្បីៗ​របស់​កម្ពុជា ជា​រឿង​​ល្អ​សម្រាប់​លីគ​កំពូល​ម៉ាឡេស៊ី?

  • 2017-12-14 06:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មួយរយៈ​ចុងក្រោយ​នេះ ក្លឹប​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី​ បានបង្វែរ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​មក​លើ​តារា​បាល់ទាត់​កម្ពុជា​។​ ក្នុង​នោះ ខ្សែ​ប្រយុទ្ធ កែវ សុខផេង និង ធារី ចន្ថាប៊ីន ត្រូវ​បាន​ក្លឹប​ចំនួន​ពីរ​ផ្សេង​គ្នា ចុះ​កុងត្រា​យក​ទៅ​ចូលរួម​ជាមួយ​ពួកគេ ដើម្បី​ប្រកួតប្រជែង​នា​រដូវ​កាលថ្មី នា​ដើម​ឆ្នាំ​២០១៨ ខាងមុខ​។ ជាមួយ​គ្នា​នេះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​ទើប​ផុត​កុងត្រា​ជាមួយ​ក្លឹប​នៅ​លីគ​ទី៣ ជប៉ុន ក៏​ត្រូវ​បាន​រាយការណ៍​ថា គ្រោង​នឹង​ផ្លាស់​ទៅកាន់​ក្លឹប​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ។

តើ​ការ​ចុះកុងត្រា​យក​កីឡាករ​កម្ពុជា មាន​ផល​ល្អ​អ្វី​ខ្លះ ដល់​លីគ​កំពូល​ម៉ាឡេស៊ី? ខ្លីៗ សូម​លើក​យក​ ៣ចំណុច ដែល​មាន​ដូច​ខាងក្រោម៖

១. លីគ​ម៉ាឡេស៊ី នឹង​កើន​ប្រជាប្រិយភាព​នៅ​កម្ពុជា

ក្លឹប​ម៉ាឡេស៊ី ច្បាស់​ជា​បាន​ដឹង​ពី​ចំនួន​អ្នកគាំទ្រ​បាល់ទាត់​ ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​កម្ពុជា ដូច្នេះការ​នាំ​យក​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាងលើ អាច​ជា​ការ​ទាក់ទាញ​អ្នកគាំទ្រ​ពី​ប្រទេស​កម្ពុជា ឲ្យ​បាន​ស្គាល់ និង​ងាក​ទៅ​ចាប់​អារម្មណ៍​លីគ​កំពូល​ម៉ាឡេស៊ី។ ជាក់ស្ដែង កាលពី​ដើម​ឆ្នាំ​២០១៧ លីគ​លំដាប់​ទី៣ ជប៉ុន ដែល​អ្នក​គាំទ្រ​កម្ពុជា មិន​ដែល​​ចាប់​អារម្មណ៍​ចង់​ដឹង​នោះ ប្រែ​ក្លាយជា​ចំណាប់​អារម្មណ៍​ថ្មី​សម្រាប់​អ្នក​តាមដាន​បាល់ទាត់​នៅ​កម្ពុជា ក្រោយ​ពី​ ចាន់ វឌ្ឍនាកា ផ្លាស់​ទៅ​ក្លឹប Fujieda MYFC។ អ្នក​គាំទ្រ​កម្ពុជា​ជា​ច្រើន​ម៉ឺន​នាក់ បាន​ចុច​ Like ទំព័រ​ហ្វេសប៊ុក​របស់​ក្លឹប​នេះ ហើយ​ថែម​ទាំង​មាន​ការ​តាម​ដាន​លទ្ធផល តាម​ដាន​កម្មវិធី​ប្រកួត រហូត​ដល់​មាន​ការ​ផ្សាយ​បន្តផ្ទាល់​ការ​ប្រកួត​តាម​ទូរទស្សន៍​ថែម​ទៀតផង។

២. សន្ទុះទឹក​ចិត្ត​ របស់​កីឡាករ​កម្ពុជា ពេល​ទៅ​លេង​នៅ​ក្រៅ​ប្រទេស

ការ​ផ្លាស់​ទៅលេង​នៅ​លីគ​ក្រៅ​ប្រទេស ជា​ក្ដី​ប្រាថ្នា​របស់​កីឡាករ​កម្ពុជា​ជា​ច្រើន​រូប ដែល​រួម​មាន​ទាំង​តារា​ល្បី កែវ សុខផេង និង ចាន់ វឌ្ឍនាកា ផងដែរ។ ពួកគេ សុទ្ធតែ​ធ្លាប់​និយាយ​ថា មានបំណង​​ទៅ​លេង​នៅ​លីគ​ក្រៅ​ប្រទេស ដើម្បី​ដកស្រង់​បទពិសោធន៍​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន និង​វិស័យ​បាល់ទាត់​ក្នុង​ប្រទេស។ នៅ​ពេល​សម្រេច​បំណង ច្បាស់​ណាស់​ពួក​គេ នឹង​ព្យាយាម​អស់​ពី​ចិត្ត​ពី​ថ្លើម ដើម្បី​បង្ហាញ​ស្នាដៃ​ជូន​អ្នក​គាំទ្រ​​ក្លឹប​នៅ​ក្រៅ​ប្រទេស និង​អ្នក​គាំទ្រ​ក្នុង​ប្រទេស ដែល​នឹង​តាមដាន​ការ​ប្រកួត​របស់​ពួក​គេ។

កម្លាំង​ទឹក​ចិត្ត​ ឆន្ទៈ ការ​ប្ដេជ្ញា រួម​ទាំង​គុណភាព​នៃ​កីឡាករ​កំពូល​ៗ​របស់​កម្ពុជា​ នឹង​រួម​ចំណែក​ជួយ​ឲ្យ​ក្លឹប​ម៉ាឡេស៊ី​ទាំង​នោះ ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ។

៣. កម្ពុជា និង​ម៉ាឡេស៊ី មាន​កម្រិត​បាល់ទាត់​ប្រហាក់​ប្រហែល​គ្នា

បើ​គិត​លើ​ចំណាត់​ថ្នាក់ FIFA Ranking នា​ពេល​បច្ចុប្បន្ន ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជម្រើស​ជាតិ​ម៉ាឡេស៊ី ស្ថិតនៅ​លេខ​រៀង​ប្រដំប្រសងគ្នា​ ពោលគឺកម្ពុជា ស្ថិតនៅលេខ១៧០ ឯ ម៉ាឡេស៊ី នៅ​លេខ ១៧៤។ ដូច្នេះ កម្រិត​របស់​កីឡាករ ក៏​អាច​មាន​ការ​ប្រហាក់ប្រហែល​គ្នា​ផងដែរ។ ហេតុនេះ វា​ជា​ការ​ប្រសើរ​មួយ​សម្រាប់​ក្លឹប​ម៉ាឡេស៊ី ក្នុង​ការ​ផ្ដល់​តម្លៃ​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​ពួកគេ ជាជាង​នាំ​យក​កីឡាករ​ប្រទេស​ដែល​មាន​កម្រិត​បាល់ទាត់​ខ្ពស់ ដូចជា កីឡាករ​មកពី​លីគ​កំពូល​ថៃ និង​វៀតណាម ព្រោះ​ពួកគេ​អាច​ទាមទារ​ប្រាក់​ឈ្នួល​ថ្លៃ៕

អត្ថបទពាក់ព័ន្ធ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;