វឌ្ឍនាកា មិន​អាក់អន់​ចិត្ត​ចំពោះ​ក្លឹប Fujieda ឡើយ

  • 2017-12-08 04:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​បញ្ជាក់​ថា រូបគេ​មិន​អាក់អន់​ចិត្ត​ចំពោះក្លឹប​ Fujieda ឡើយ ទោះមិន​បាន​លេង​ក៏ដោយ។

CV11 បាន​បញ្ចប់​កុងត្រា​ខ្ចីជើង​ជាមួយក្លឹប​លីគទី៣​ជប៉ុន​ Fujieda ហើយ ក្នុងនោះ​រូបគេ បាន​បង្ហាញខ្លួន​ឲ្យក្លឹប​នេះ តែ២​ប្រកួត និង​លេង​បានតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្នុង​១រដូវកាល​ឆ្នាំ២០១៧​នេះ។ ប៉ុន្តែ​កីឡាករ​រូបនេះ នៅតែ​បង្ហាញ​ពី​ភាព​រីករាយ​ដែល​បាន​ទៅលេង​នៅ​ជប៉ុន។

ពេលមក​ដល់​កម្ពុជា​វិញ កាលពី​ម្សិលមិញ​នេះ វឌ្ឍនាកា បាន​ឲ្យដឹង​យ៉ាង​ដូច្នេះ​ថា៖ «សម្រាប់​ខ្ញុំ​ ទោះ​ជា​មិន​បាន​លេង​ ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​មួយ​ ព្រោះ​អី​ប្រទេស​​គេ​មាន​បាល់ទាត់​រីក​ចម្រើន។ ឧទាហរណ៍​ថា​ បើ​រៀន​ រៀន​ជា​មួយ​អ្នក​ពូកែ​ យើង​ក៏​នឹង​ពូកែ​តាម​ដែរ។ គ្រាន់​តែ​ថា​ មាន​កម្រិត​ពូកែ​ខ្លាំង​ ពូកែ​តិច​ប៉ុណ្ណឹង​ទេ។ សម្រាប់​ខ្ញុំ​​អត់​អន់​ចិត្ត​អ្វី​ទេ​ដែល​មិន​បាន​លេង។ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​ដែល​បាន​ទៅ​លេង​នៅ​ជប៉ុន​ រៀន​សូត្រ​ពី​គេ​ និង​អភិវឌ្ឍ​ខ្លួន​ឯង​កាន់​តែ​ប្រសើរ»។

វឌ្ឍនាកា​បាន​ប្រៀប​ធៀប​សមត្ថភាព​របស់​ខ្លួន​ និង​សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​​ក្រុម​ Fujieda MYFC គឺ​​ខុស​គ្នា​ត្រង់​ទម្លាប់​លេង។ រូប​គេ​ធ្លាប់​លេង​របៀប​នៅ​កម្ពុជា​ ដល់​ពេល​ទៅ​លេង​នៅ​ជប៉ុន​ រូប​គេ​ត្រូវ​ផ្លាស់​ប្តូរ​តាម​ទម្លាប់​របៀប​លេង​របស់​ជប៉ុន​ ដូច្នេះ​​ហើយ​ទើប​ជួប​ការ​លំបាក​ខ្លាំង។ ជា​ពិសេស​បញ្ហា​ភាសា​ដែល​​ធ្វើ​​ឲ្យ​រូប​គេ​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ពេល​លេង​លើ​ទី​លាន៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;