ក្រសួងសាធារណការ បញ្ជាក់លម្អិតពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
- 2018-01-12 03:31:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការ បញ្ជាក់លម្អិតពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មាន ៤គន្លង ប្រវែង ១៩០,៦៣គីឡូម៉ែត្រ ចេញពីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ជាផ្លូវថ្មីទាំងស្រុង និងតួផ្លូវមានទទឹង ២៤ម៉ែត្រ។ ផ្លូវនេះក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។
ក្រសួងអះអាងថា ក្រោយសាងសង់រួច ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលដល់ការធ្វើដំណើរទៅមករាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងរយៈពេលខ្លី កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះទៀត កម្ពុជានឹងទទួលបានផលចំណេញ ពីការអភិវឌ្ឍច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាមួយសមភាគីចិន តំណាងដោយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន៕
អត្ថបទពាក់ព័ន្ធ៖ ផ្លូវការ៖ ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា នឹងត្រូវសាងសង់ឆ្នាំនេះ