Mark Zuckerberg អះអាង​ថា Facebook កំពុង​ដើរ​ខុស​គោលដៅ

  • 2018-01-13 07:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 52

ចន្លោះមិនឃើញ

លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន Facebook បាន​លើក​ឡើង​ថា New Feed នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ កំពុង​តែ​ប្រមូល​ផ្ដុំ​គ្នា​កកកុញ​ទៅ​ដោយ​ការ​បង្ហោះ​របស់​ស្ថាប័ន​សារព័ត៌មាន ​ក្រុមហ៊ុន និង​អាជីវកម្ម​នានា។ ចំពោះ​បញ្ហា​នេះ លោក​បញ្ជាក់​ថា​បាន​នាំ​ឲ្យ Facebook បាត់បង់​នូវ​តម្លៃ​ស្នូល​របស់​ខ្លួន ដែល​ចង់​បង្កើត​នូវ​ទំនាក់ទំនង​ដ៏​ជិត​ស្និត​ថែម​ទៀត​រវាង​អ្នកប្រើប្រាស់។ នេះ​ជា​ការ​បង្ហោះ​នៅ​លើ​គណនី​របស់​លោក កាលពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៨។

លោក Mark Zuckerberg

ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ លោក Mark Zuckerberg គ្រោង​ធ្វើ​ឲ្យ​ការ​បង្ហោះ​ព័ត៌មាន​នានា​មាន​ចំនួន​តិច​ជាង​មុន​ ហើយ​ប្រែ​ក្លាយ Facebook ទៅ​ជា​ទីកន្លែង​ដ៏​មាន​ន័យ​ជាង​មុន​សម្រាប់​អ្នកប្រើប្រាស់ តាម​រយៈ​ការ​ផ្លាស់ប្ដូរ។ ដូច្នេះ Facebook នឹង​ផ្ដោត​មក​ផ្ដោត​លើ​ទំនាក់ទំនង​រវាង​មិត្តភ័ក្តិ និង​ក្រុម​គ្រួសារ​វិញ។

ការ​បង្ហោះ​របស់​ស្ថាបនិក​ Facebook ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ជាច្រើន​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​មួយ​ចំនួន ​ទាក់ទង​នឹង​បញ្ហា​សង្គម​ និង​នយោបាយ។

សូម​រំឭក​ថា Facebook បាន​បើក​ដំណើរ​ការ​ជា​លើកដំបូង កាលពីឆ្នាំ២០០៤ ហើយ​មក​ទល់​ពេល​បច្ចុប្បន្ន មាន​អ្នក​ប្រើប្រាស់​ជាង ២​ពាន់​លាន​នាក់ ឬ ១ភាគ៣ នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក។ លោក Zuckerberg មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៧៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​បុគ្គល​ដែល​មាន​លុយ​ច្រើន​ជាង​គេ​លំដាប់​​ទី៥ នៅ​លើ​ពិភពលោក​៕

ចុចអាន Facebook កំពុង​សាកល្បង Feeds ថ្មី​មួយ​ទៀត ដើម្បី​ចែក​ព័ត៌មាន​ក្នុង​ស្រុក​ដាច់​ដោយ​ឡែក


ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.