ខណ្ឌ​សែនសុខ​​ ជា​តំបន់​ស្រូប​ទាញ​គម្រោង​វិនិយោគ ច្រើនជាង​គេ​នៅ​ភ្នំពេញ

  • 2018-01-16 10:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណ្ឌ​សែនសុខ ដែល​ស្ថិត​នៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​អន្ទង​ចិត្ត​វិនិយោគិន ក្រោយមាន​គម្រោង​អភិវឌ្ឍន៍​គ្រាក់ៗ ​កំពុង​លេច​រូបរាង​ជា​បណ្តើរៗ។ គម្រោង​ទាំងនោះ មាន​ដូចជា​ ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ទី២ ផ្សារ​បោះដុំ និង​លក់រាយ (ផ្សារ​ម៉ាក្រូ)​​ គម្រោង​សាងសង់​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​សែនសុខ និង​គម្រោង​ប្រភេទ​ផ្ទះ​អាជីវកម្ម (Shop House) ដែលមាន​តម្លៃ​ខ្ទង់សែន​ដុល្លារ​ក្នុង​មួយ​ល្វែង​ជាដើម។

វត្តមាន​នៃ​គម្រោង​ធំៗ​ទាំង​នេះ បាន​បង្កើន​វិសាលភាព​នៃ​សក្តានុពល​ទីផ្សារ​អលនទ្រព្យ​នៅក្នុង​ខណ្ឌ​សែនសុខ ឲ្យ​កាន់តែ​លេចធ្លោ​ឡើង ស្របពេល​ដែល​អ្នក​ជំនាញ​បង្ហាញ​សុទ្ធិដ្ឋិនិយម​ថា តំបន់​នេះ​កំពុង​ធ្វើ​ដំណើរ​លឿន​ជាងគេ​ក្នុងការ​អភិវឌ្ឍ។

លោក ពីង​ សេរី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cambodia Angkor Real Estate បាន​ថ្លែងប្រាប់​ខ្លីៗ​ឲ្យដឹង​ថា ការ​អភិវឌ្ឍ​តំបន់​សែន​សុខ​មិនមែន​ជា​ជំហាន​គីង្គក់​ទៀតនោះទេ​ ពោលគឺ​តំបន់​នេះ​កំពុង​វ៉ា​ដាច់គេ​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ។

ផ្សារទំនើបអ៊ីអន២ ដែល​កំពុងសាងសង់

លោក​បាន​លើក​ជា​ទឡ្ហីករណ៍​ថា គម្រោង​ផ្សារ​អន្តរជាតិ និង​មន្ទីរ​កសិកម្ម​ជាដើម​ និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​ងាក​ទៅ​តំបន់​សែនសុខ។ ការណ៍​នេះ បាន​ធ្វើឲ្យ​ផ្ទះ​មាន​តម្លៃ​ចាប់ពី ១២​ម៉ឺន​ដុល្លារ រហូត​ដល់ ៣០ម៉ឺន​ដុល្លារ។

កាលពី​ពេលថ្មីៗ​នេះ​ នៅក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង​ផ្ទះ​អាជីវកម្ម​មួយ ស្ថិតនៅ​ជាប់​ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី២ លោក បណ្ឌិត អៀង អូននី អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ថា តំបន់​ភ្នំពេញ​ថ្មី​ស្ថិតក្នុង​ខណ្ឌ​សែនសុខ បាន​បន្ត​វិវឌ្ឍ​ខ្លួនយ៉ាង​លឿន​ ក្លាយ​ទៅជា​តំបន់​មាន​សក្តានុពល​លើការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​មើល​ឃើញ​ថា តំបន់​នេះ​មាន​ហេដ្ឋា​រចនា​សម័ន្ធ​ល្អ​ដូច​នៅក្នុង​ទីក្រុង ដែលវា​ជា​កត្តា​ទាក់ទាញ​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ច្រើន និង​ប្រកប​អាជីវកម្ម»៕

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;