សម្តេច ហ៊ុន សែន បង្ហាញសុទិដ្ឋិនិយមចំពោះការសាងសង់ព្រលានយន្តហោះថ្មី២
- 2018-01-18 04:56:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន បង្ហាញសុទិដ្ឋិនិយមចំពោះការសាងសង់ព្រលានយន្តហោះថ្មី២
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើបពីការសាងសង់ព្រលានយន្តហោះថ្មីចំនួន២ នាពេលខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចអន្តរជាតិ និងអន្តរជាតិ។ ការបង្ហើបពីគំនិតសុទិដ្ឋិនិយមនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករប្រមាណជាង ១ម៉ឺន ៦ពាន់នាក់ នៅតំបន់រោងចក្រព្រៃទា កាលពីម្សិលមិញ។
កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ក្នុងឆ្នាំ២០២០ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ៨ ទៅ១០លាននាក់។ «សមត្ថភាពទទួលនៃព្រលានរបស់យើង មិនគ្រប់គ្រាន់សម្រាប់គោលដៅវែងឆ្ងាយទៅមុខទៀតនោះទេ។ យើងត្រូវចាប់ផ្តើមពីឥឡូវ សម្រាប់កំណើនរយៈពេលវែងរបស់យើង តាមរយៈការសាងព្រលានយន្តហោះថ្មី ទាំងនៅភ្នំពេញ និងនៅសៀមរាប»។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន។
ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាទទួលភ្ញៀវទេសចរជាង ៥,៦លាននាក់ ដែលចាត់ទុកថាជាកំណើនភ្ញៀវទេសចរដ៏ខ្ពស់ ដែលនាំឱ្យមានការគិតគូរពីការកសាងព្រលានយន្តហោះថ្មីទាំងនៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសថានឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២ ៦០០ហិកតា ស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោងនេះនឹងចំណាយទុនរហូតដល់ទៅ ១៥០០លានដុល្លារ ដោយក្នុងនោះទឹកប្រាក់ ១១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស កម្ចីភាគទុនក្រុមហ៊ុនវិនិយោគអនិកជននៅកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ចំនួន ២៨០ លានដុល្លារ និងដើមទុនចុះបញ្ជី ១២០លានដុល្លារ ពោលគឺក្រុមហ៊ុន OCIC មានទុនវិនិយោគ ៩០% ហើយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតំណាងរាជរដ្ឋាភិបាលកម្ពុជាមាន ១០%។
យ៉ាងណាមិញ ជុំវិញកាលបរិច្ឆេទក្នុងការបើកការដ្ឋានសាងសង់នោះ លោក កែវ ស៊ីវន អគ្គនាយកបច្ចេកទេសនៃអាកាសចរណ៍កម្ពុជា បានថ្លែងថា គម្រោងនេះនៅមិនទាន់មានប្លង់មេ (Master Plan) នៅឡើយនោះទេ ដែលអាចនឹងចំណាយរៀបចំប្លង់ចេញជាផ្លូវការយ៉ាងយូរបំផុតនៅដើមឆ្នាំក្រោយ។
ដោយឡែក ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប គ្រោងចំណាយថវិកាជិត ៩០០លានដុល្លារ និងមានទីតាំងនៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប ស្ថិតនៅលើផ្ទៃដី ប្រមាណ ៧៥០ហិចតា។ គម្រោងសាងសង់ព្រលានយន្តហោះក្នុងទឹកដីអង្គរនេះ ជាការវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន YUNAN Development Group ។ ចំណែកឯការសាងសង់ព្រលានយន្តហោះនេះអាចចំណាយពេលពី៣ទៅ៥ឆ្នាំ ដើម្បីបញ្ចប់ទាំងដំណាក់កាលទី១និងដំណាក់កាលទី២។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ៕