កម្ពុជា ដាក់​សម្ពោធ​ម៉ាក​អង្ករ​ក្រអូប​ប្រណិត​ផ្តាច់​មុខ​របស់​ខ្លួន​ជាផ្លូវការ

  • 2018-01-22 06:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា បាន​សម្រេច​ដាក់​សម្ពោធ​ម៉ាក​វិញ្ញាតកម្ម​អង្ករ ឈ្មោះ "ម្លិះ​អង្គរ" (MALYS ANGKOR) ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ២០១៨ ដើម្បី​លើក​ស្ទួយ​វិស័យ​អង្ករ​កម្ពុជា។ អង្ករ "ម្លិះ​អង្គរ" មាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជា​កម្មសិទ្ធិករ​។

ពិធី​សម្ពោធ​នេះ ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ និង​លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

«ម្លិះ​អង្គរ» ជា​ម៉ាក​អង្ករ​ក្រអូប​ប្រណិត​របស់​កម្ពុជា ដែល​នឹង​ផ្តល់​ការ​បញ្ជាក់​ទៅ​លើ​ប្រភេទ​អង្ករ​ក្រអូប​ប្រណិត​នានា ដែល​កម្ពុជា​ផលិត​បាន រួច​កិន​កែច្នៃ សម្រាប់​នាំ​ចេញ ឬ​ចែកចាយ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក។ រាល់​ការ​ប្រើប្រាស់​ម៉ាក«ម្លិះ​អង្គរ» គឺ​ជា​ការ​ធានា​ចំពោះ​មុខ​ច្បាប់​ថា អង្ករ​នោះ​ជា​ផលិតផល​កម្ពុជា យ៉ាង​ពិត​ប្រាកដ​។ 

នៅឆ្នាំ២០១៧ កម្ពុជា​បាន​សម្រេច​ការ​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង ៦៣៥០០០​តោន​ទៅ​កាន់​ប្រទេស​៦៣ ក្នុង​សាកលលោក។ ទិន្នន័យ​ចុងក្រោយ​ក្នុង​ឆ្នាំ២០១៧ បង្ហាញ​ថា ទីផ្សារ​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​ស្រូប​យក​អង្ករ​កម្ពុជា ៤៣% នៃ​បរិមាណ​នាំចេញ​សរុប ស្រប​ពេល​ទីផ្សារ​ចិន​កំពុង​ប្រជែង​ក្នុង​ល្បឿន​យ៉ាង​រហ័ស​ក្នុង​ការ​ស្រូប​យក​អង្ករ​ពី​កម្ពុជា ដោយ​មាន​ចំណែក ៣៤% នៃ​ការ​នាំ​ចេញ​សរុប៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;