អ្នក​ជំនាញ​​អចលទ្រព្យ ក្រើន​រំលឹក​ដល់​ពលរដ្ឋ នៅ​តំបន់​គម្រោង​សាងសង់​ព្រលាន​យន្តហោះ

  • 2018-01-22 06:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​រាជ​រដ្ឋាភិបាល បាន​ប្រកាស​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​នៅក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​ធ្វើឲ្យ​តម្លៃដី​នៅ​តំបន់​នោះ​ស្ទុះ​ឡើង​យ៉ាង​គំហុក។  លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​កម្ពុជា លើក​ឡើង​ថា ​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ខ្លាំង ពី​គម្រោង​នេះ​ គឺ​ប្រជាជន​នៅ​តំបន់​នោះ​​តែម្ដង ប៉ុន្តែ​ទន្ទឹមនឹង​នេះ លោកក៏​បាន​ក្រើន​រំលឹក និង​ផ្តល់​អនុសាសន៍​ដល់​ពលរដ្ឋ​ចំពោះ​ការ​លក់ដី​នោះ​ផងដែរ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (រូបតំណាង)
ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE រូបនេះ​និយាយ​ថា ទម្លាប់​ដដែល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន នៅ​ពេល​ដែល​លក់​ដី​បាន​ គឺ​យក​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​ធំ ទិញ​ម៉ូតូ​ឲ្យ​កូន​ក្មួយ​ម្នាក់​មួយ ទិញ​ឡាន​ទំនើប​ជិះ តែ​៣​ឆ្នាំ​ក្រោយ​លក់​ទាំង​ផ្ទះ​ លក់​ទាំង​ឡាន ធ្វើ​ឲ្យ​ក្រ​លើស​ដើម។

តាម​បទពិសោធន៍​ជាង​១០​ឆ្នាំ លោក​ផ្ដល់​ជា​យោបល់​ថា ប្រសិន​បើ​លក់​ដី​២​ហិចតា បាន​១០​ម៉ឺន​ដុល្លារ គួរ​យក​លុយ​ ១/៤ ឫ​ស្មើ ២៥ ០០០​ដុល្លារ​ទៅ​ទិញ​ដី​ឆ្ងាយ​ពី​តំបន់​នោះ​ប្រហែល ៥ ឫ​១០​គីឡូ​ម៉ែត្រ ឲ្យ​បាន​៤​ហិចតា​។ ដូច​នេះ​លុយ​នៅ​សល់​ ៧៥ ០០០​ដុល្លារ ត្រូវ​គិត​ពី​ការ​រកស៊ី​វិញ។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន ពេល​លក់​​ដី​បាន​១០​ម៉ឺន​ដុល្លារ​ សឹង​តែ​យក​ទៅ​សង់​ផ្ទះ​ទាំង​អស់​តែ​ម្ដង​គ្មាន​ទុក​ទេ ហើយ​ក៏​មិន​​គិត​ពី​ការ​រកស៊ី​សោះដែរ។ ដូច្នេះ​វា​អាច​នឹង​នាំ​ហានិភ័យ​ច្រើន​ដល់​គ្រួសារ ព្រោះ​សង់​ផ្ទះ​ហើយ អស់​លុយ​រលីង​មាន​តែ​សំបក​ផ្ទះ គ្មាន​ដើម​ទុន​សូម្បី​បន្តិច​ដើម្បី​រកស៊ី។ លោកថា​ ទៅ​ថ្ងៃ​មុខ​ទោះ​ចង់​ឫ​មិន​ចង់​ គឺ​ប្រាកដ​ជា​លក់​ផ្ទះ​នោះ​វិញ​មិន​ខាន។

លោក គីម ហ៊ាង ធ្លាប់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Fresh News ថា ដីនៅ​តំបន់​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​នោះ ពីមុន​តម្លៃ​មួយម៉ែត្រ​ការ៉េ មាន​ចាប់​ពី១​ដុល្លារ ដល់​៥​ដុល្លារ ឬ​មួយ​ហិកតា ១ម៉ឺន​ដុល្លារ ទៅ​៥ម៉ឺន​ដុល្លារ ហើយ​បាន​ឡើង​ថ្លៃ​ដល់​មួយ​ម៉ែត្រ​ការ៉េ ១០​ដុល្លារ ទៅដល់​៦០​ដុល្លារ​ ក្រោយ​ការ​ប្រកាស​គម្រោង​នេះ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី
;