វៀតណាម​ដាក់​ដំណើរការ​រោងចក្រ​កែច្នៃ​ផលិតផល​ជ័រ​កៅស៊ូ​ធំ​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅ​កម្ពុជា

  • 2018-01-27 02:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​កែច្នៃ​ផលិត​ជ័រ​កៅស៊ូ​ខ្នាត​ធំ​ជាងគេ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន​វៀតណាម ស្ថិត​នៅ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ។

រោងចក្រ​កែច្នៃ​កៅស៊ូ​ស្ទោង ស៊ីអស៊ីខេ២ របស់​ក្រុមហ៊ុន​កៅស៊ូ ជីសេ ជា​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម (VRG) គ្រប់គ្រង​ដោយ​រដ្ឋ​នៃ​ប្រទេស​វៀតណាម ដែល​ផលិត និង​នាំ​ចេញ​កៅស៊ូ​ច្រើន​ជាងគេ​ក្នុង​ប្រទេស​មួយ​នេះ។ រោងចក្រ​នេះ មាន​សមត្ថភាព​ផលិត​ជ័រ​កៅស៊ូ​កែច្នៃ​បាន​ចំនួន ២១៥០០ តោន​ក្នុង​មួយ​ឆ្នាំ ហើយ​តួលេខ​នៃ​ផលិតកម្ម​នេះ​នឹង​កើន​ឡើង​រហូត​ដល់​ ៤៥០០០ តោន​នៅ​ត្រឹម​ឆ្នាំ​២០៣០។

ថ្លែង​ក្នុង​ពិធី​សម្ពោធ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​មាន​ប្រសាសន៍​ថា គោលដៅ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ផ្ទៃដី​ដាំ​ដុះ កៅស៊ូ​ឲ្យ​បាន​ច្រើន ដោយ​កំណត់​បរិមាណ​ផលិតផល​ឲ្យ​បាន ២៩​ម៉ឺនតោន នៅ​ឆ្នាំ​២០២០ ខណៈ​កម្ពុជា ជា​ប្រទេស​ផលិត​ជ័រ​កៅស៊ូ​ធម្មជាតិ​បាន​ច្រើន​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំៗ ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី១៦ ក្នុង​ចំណោម​បណ្តា​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​លើ​សកលលោក។

ទន្ទឹម​នឹង​នេះ​ដែរ លោក វេង សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំរុញ​ឲ្យ​មាន​វិនិយោគិន​ពី​ប្រទេស​វៀតណាម​បន្ថែម​ទៀត​លើ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កែច្នៃ​ផលិតផល​វត្ថុ​ធាតុ​ដើម​ពី​កសិកម្ម​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក និង​ធ្វើការ​នាំចេញ​។

សារព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​វៀតណាម​មួយ​បាន​រាយការណ៍​ថា រយៈ​ពេល​ជាង១​ទសវត្សរ៍​មក​នេះ សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​បាន​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​លើ​ទំហំ​ផ្ទៃ​ដី​ជិត​​ ៩០០០០ ហិកតា​ក្នុង​ខេត្ត​ចំនួន​៨ នៅ​លើ​ទឹកដី​កម្ពុជា ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ​ជិត​ ៧០០​ លាន​ដុល្លារ​អាមេរិក។​

គូរ​បញ្ជាក់​​ថា ក្នុង​ឆ្នាំ​២០១៧កន្លង​ទៅ​នេះ សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម ប្រមូល​ផល​កៅស៊ូ​បាន​ជាង​២៧៨​ពាន់​តោន កែច្នៃ​ជ័រ​កៅស៊ូ​គ្រប់​ប្រភេទ​បាន​ជាង ៣៦៥​ពាន់​តោន។ VGR បាន​ធ្វើ​ការ​លក់​ចេញ​បាន ៣៤៥​ពាន់​តោន និង​រក​បាន​ចំណូល​សរុប​ជាង ៣០៣​លាន​ដុល្លារ​អាមេរិក ខណៈ​នៅ​ខែ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រុម​អ្នក​ផលិត និង​នាំចេញ​កៅស៊ូ​ធំ​ជាងគេ​មួយ​នេះ នឹង​បើក​យុទ្ធនាការ បោះផ្សាយ​​លក់​​មូលបត្រ​​ជា​​សាធារណៈ​​លើក​​ដំបូង ​(IPO) ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ឲ្យ​បាន ១៧៦ ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

អត្ថបទ៖ សិរីឧត្តម

អត្ថបទថ្មី
;