សង្គ្រាមធំបំផុតទាំង៥ កើតឡើងចន្លោះ ២០ឆ្នាំចុងក្រោយ

  • 2018-02-01 07:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកទ្រឹស្តីនយោបាយដ៏ល្បីល្បាញ កូនកាត់ជប៉ុន-អាមេរិក លោក Francis Fukuyama ធ្លាប់អះអាងថា ចុងបញ្ចប់នៃសង្គ្រាមត្រជាក់ គឺជាចុងបញ្ចប់នៃប្រវត្តិសាស្ត្រនៃរបបមូលនិធមនិយម ហើយលិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជាតិលោកខាងលិច គឺជាមនោគមវិទ្យាដ៏មានឥទ្ធិពលសម្រាប់ប្រកួតប្រជែងជាមួយលទ្ធិកុម្មុយនីស្ត។ ទ្រឹស្តីនេះធ្លាប់ត្រូវគេជឿថា មនុស្សជាតិក្នុងសតវត្សរ៍ទី២១ និងរស់នៅក្នុងសង្គមទំនើប ជៀសផុតពីមហន្តរាយ ឆ្ពោះទៅរកសន្តិភាព និរន្តភាព និងភាពរុងរឿង។

ប៉ុន្តែនិក្ខេបបទនយោបាយរបស់លោក Fukuyama បែរជាលែងមានឥទ្ធិពលបន្ទាប់ពីមានអំពើភេរវកម្មប្រឆាំងសហរដ្ឋអាមេរិក ថ្ងៃទី ១១ កញ្ញា ឆ្នាំ២០០១ បង្កឲ្យផ្ទុះឡើងសង្គ្រាមប្រឆាំងភេរវកម្ម ហើយជាក់ស្តែងជាការបើកផ្លូវសម្រាប់សង្គ្រាមយោធារវាងរដ្ឋមួយ និងរដ្ឋមួយផ្សេងទៀត ក្លាយជាសង្គ្រាមដ៏ក្តៅគគុកក្នុងយុគសម័យថ្មីមួយ បន្ទាប់ពីសង្គ្រាមត្រជាក់រលត់ផុត ដោយជំនួសមកវិញ នូវអំពើភេរវកម្ម ជម្លោះប្រកាន់ពូជសាសន៍ពណ៌សម្បុរ សង្គ្រាមស៊ីវិល និងសង្គ្រាមកូនកាត់ ឬកិច្ចប្រតិបត្តិសង្គ្រាមពិសេស ដែលជាភាសាបច្ចេកទេសគេនិយមហៅថា សង្គ្រាមនៃប្រទេសអភិវឌ្ឍន៍ ទៅលើប្រទេសមួយដើម្បីរុញឲ្យធ្លាក់ក្នុងភាពទន់ខ្សោយ តាមរយៈមធ្យោបាយមិនត្រូវត្រឹម បង្កឲ្យមានជម្លោះ អំពើហឹង្សាផ្ទុះឡើង មែនមែនជាសង្គ្រាមរដ្ឋ និងរដ្ឋ ឬសង្គ្រាមអន្តរជាតិ ប៉ុន្តែជាសង្គ្រាមផ្ទុះចេញពីការបែកបាក់ផ្ទៃក្នុង។ កត្តានេះហើយ បានធ្វើឲ្យពិភពលោកទាំងមូលនៅតែផ្ទុះឡើងសង្គ្រាមជាបន្តបន្ទាប់ បើទោះជាតួលេខចំនួនមនុស្សស្លាប់ស្ថិតក្នុងកម្រិតទាបជាងអ្វីធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រក្តី ប៉ុន្តែអត្រាអ្នកស្លាប់នៅតែកើនឡើងជារៀងរាល់ឆ្នាំ។

ក្នុងចម្លោះរយៈពេល២០ឆ្នាំចុងក្រោយនេះ ពោលអំឡុងឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៨ សង្គ្រាមធំបំផុតកំពុងផ្ទុះឡើង និងខ្លះបន្តរហូតមកបច្ចុប្បន្ន មានសរុបចំនួន៥៖

១. សង្រ្គាមកុងហ្គោ លើកទី២ ១៩៩៨-២០០៣

រំលឹកមកក្រោយបន្តិចចេញពីសង្គ្រាមសតវត្សរ៍ទី២១ វាជាជម្លោះដែលផ្ទុះឡើងអំឡុងចុងសតវត្សរ៍ទី២០ គឺសង្គ្រាមប្រល័យពូជសាសន៍នៅប្រទេស រ វ៉ានដេន (Rwandan) អាហ្រ្វិកខាងកើត បន្ទាប់ពីការស្លាប់ និងដួលរលំនៃរបបដឹកនាំដោយលោក ហ្សាយអ័ររៀន (Zairean) ប្រធានាធិបតីប្រទេសកុងហ្គោ មានឈ្មោះដើម Mobutu Sese Seko ក៏ដូចជាជម្លោះរវាងជនជាតិ Hutu និង Tutsi គឺដើមហេតុបង្កើតជាផ្កាភ្លើងសង្គ្រាមធំបំផុតទី២ ក្នុងប្រទេសកុងហ្គោ ហើយត្រូវគេចាត់ទុក ជាសង្គ្រាមធំបំផុតនៅអាហ្វ្រិក ឬសង្គ្រាមលោកលើកទី១ក្នុងពិភពអាហ្វ្រិកតែម្តង ព្រោះវាបន្សល់ទុកការវិនាសហិនហោចយ៉ាងធ្ងន់ធ្ងរ សាកសពមនុស្សរាប់លាននាក់គរក្លាយជាភ្នំខ្ពស់រាប់រយកន្លែង។

ក្នុងខែឧសភា ឆ្នាំ១៩៩៧ មេដឹកនាំពួកបះបោរឈ្មោះ ឡរ៉ន់ កាប៊ីឡា (Laurent Kabila) បានទម្លាក់លោក Mobutu ចេញពីអំណាចក្នុងនាមជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៉ុន្តែមិនបានប៉ុន្មានក្រោយជ័យជំនះលើលោក Mobutu លោក Laurent Kabila បានដឹងខ្លួនច្បាស់កំពុងផុងចូលក្នុងសង្គ្រាមស៊ីវិល ជាមួយនឹងមនុស្សមួយភាគធំដែលធ្លាប់ឈរនៅពីក្រោយ ជ្រោមជ្រែងលោកឡើងកាន់ដំណែង។ ភាគខាងកើតនៃប្រទេសនេះ បានក្លាយជាទីលានប្រយុទ្ធបង្ហួរឈាមយ៉ាងខ្លាំងក្លា ស្មើទៅនឹងតំបន់ជម្លោះ Western Front នៅលោកខាងលិចអំឡុងពេលសង្គ្រាមលោកលើកទី១។ សង្គ្រាមពេលនោះមានកងទ័ពសរុបដល់ទៅ៩ប្រទេសចូលរួម និងជីវពលមួយក្រុមដែលគេស្គាល់ថាជាក្រុមបំផ្លិចបំផ្លាញ ក្នុងនោះមាន កងទ័ពនៃប្រទេស Angola, Namibia, Chad, Sudan និង Zimbabwe ជាអ្នកគាំទ្រលោក Laurent Kabila ខណៈកងទ័ពនៃប្រទេស Burundi, Rwanda និង Uganda គាំទ្រក្រុមបះបោរប្រឆាំងលោក Kabila។ អំពើចាប់រំលោភអនិតិជន និងស្ត្រីទន់ខ្សោយផ្ទុះឡើងក្នុងតួលេខយ៉ាងខ្លាំងតាមតំបន់ដែលមានជម្លោះ អំពោះប្លន់ សម្លាប់ក៏ផ្ទុះឡើងយ៉ាងគំហុគទូទាំងប្រទេស។ សង្គ្រាមលើកទី២នៅហុងហ្គោ ផ្ទុះឡើងខ្លាំងអំឡុងឆ្នាំ ១៩៩៨ និងបញ្ចប់ទៅវិញនៅឆ្នាំ២០០៣ ហើយជាលទ្ធផលមនុស្សប្រមាណ៣លាននាក់ បានស្លាប់ក្នុងការប្រយុទ្ធគ្នា ជំងឺអាសន្នរោគ និងកង្វះអាហាររូបត្ថម្ភ។

២. សង្គ្រាមស៊ីវិលនៅស៊ីរី ២០១១ ដល់បច្ចុប្បន្ន

អំឡុងពេលបដិវត្តន៍ Arab Spring ឬបដិវត្តន៍ផ្កាម្លិះផ្ទុះឡើងនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង កាលពីចុងឆ្នាំ២០១០ វាបង្កើតចេញជាចលនាបះបោរ និងជោគជ័យក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក្នុងបណ្តាប្រទេសជាច្រើន មាន ទុយនេស៊ី លីប៊ី អេហ្ស៊ីប និង យ៉េម៉េន។ ស្របពេលជាមួយគ្នា រដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោកប្រធានាធិបតី Bashar al-Assad ក៏ជៀសមិនផុតដូចគ្នា ប៉ុន្តែគ្រាន់តែថា ប្រធានាធិបតីរូបនេះ ជាការឆ្លើយតបទៅនឹងបាតុកម្មប្រឆាំងរូបលោក គឺបានប្រើប្រាស់សកម្មភាពនយោបាយ លាយឡំនិងអំពើហឹង្សាប្រឆាំងតបទៅនឹងពលរដ្ឋស៊ីរីរបស់លោកផ្ទាល់។ វាជាមូលហេតុបង្កឲ្យមានសង្គ្រាមស៊ីវីលផ្ទុះឡើងដំបូងនៅស៊ីរី នឹងបន្តរីកសាយភាយអំពើហឹង្សាទៅកាន់បណ្តាប្រទេសជិតខាង ដូចជាអ៊ីរ៉ាក់ ហើយថែមទាំងបង្កើតក្រុមសកម្មប្រយុទ្ធសាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក គឺក្រុមភេរវកររដ្ឋអ៊ីស្លាម គ្រប់គ្នាស្គាល់ថា ISIS ក្នុងប្រទេសអ៊ីរ៉ាក់ និងប្រវត្តិសាស្ត្រ Levant ។

សង្គ្រាមស៊ីវិលអូសបន្លាយជិត៧ឆ្នាំមកនេះ ស៊ីរី ត្រូវបែកខ្ញែកជាច្រើនបំណែក ដោយទឹកដីមួយភាគធំត្រូវកាន់កាប់ដោយក្រុមបះបោរប្រឆាំងរដ្ឋាភិបាលលោក អាសាត ខណៈរដ្ឋាភិបាលគ្រប់គ្រងទឹកដីមួយភាគតូចនៅតំបន់ភាគខាងលិចប្រទេស។ ស្ថិតក្នុងកាលៈទេសៈទាល់ច្រក ប្រធានាធិបតីអាសាត បានសម្រេចចិត្តប្រើយុទ្ធសាស្ត្រដ៏គួរឲ្យខ្លាចប្រឆាំងសត្រូវដើម្បីការពារអំណាចរបស់ខ្លួន តាមរយៈការទម្លាក់គ្រាប់បែក និងប្រើប្រាស់អាវុធគីមីទៅលើតំបន់គ្រប់គ្រងដោយពួកបះបោរ។

ក្នុងជម្លោះនៅស៊ីរី ប្រទេសមានឥទ្ធិពលក្នុងតំបន់ និងប្រជាជាតិលោកខាងលិច បានលូកដៃចូលក្នុងសង្គ្រាម និងកំពុងដើរតួនាទីដ៏សំខាន់មួយ ហើយមកទល់នឹងពេលនេះ ទំនងមើលទៅឃើញថា ជៀសមិនផុតទេ លោក អាសាត ត្រូវតែបង្ខំចិត្តចុះចេញពីអំណាច។ ពួកសកម្មប្រយុទ្ធឃើដ បានក្រោកចេញពីតំបន់ស្វយ័តភាគខាងជើងប្រទេសអ៊ីរ៉ាក់ តស៊ូក្នុងសង្គ្រាមនេះដូចគ្នា ហើយសហរដ្ឋអាមេរិក ចូលរួមប្រតិបត្តិទម្លាក់គ្រាប់បែកប្រឆាំងពួកភេរវកររដ្ឋអ៊ីស្លាមទាំងក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់។ ក្នុងឆ្នាំ២០១៥ រុស្ស៊ី ដែលជាប្រទេសមហាអំណាច គាំទ្រយូរពេញទំហឹងទៅលើរបបដឹកនាំរបស់លោក អាសាត ក៏ចាប់ផ្តើមបើកប្រតិបត្តិការទម្លាក់គ្រាប់បែក ជួយដល់កងកំលាំងរដ្ឋាភិបាលស៊ីរីផងដែរ ហើយក៏ជាកត្តានាំឲ្យស្ថានភាពសង្គ្រាមនៅស៊ីរី ត្រូវផ្លាស់ប្តូរស្ទើរទាំងស្រុង។

កិច្ចព្រមព្រៀងបទឈប់បាញ់ជាច្រើន ផ្តួចផ្តើមដោយមហាអំណាចអាមេរិក និងរុស្ស៊ី សុទ្ធតែត្រូវបរាជ័យ ហើយអំឡុងឆ្នាំ២០១៦ មានការវាយតម្លៃគួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ពិភពលោកទាំងមូល គឺថា ម្នាក់ក្នុងចំណោមពលរដ្ឋស៊ីរី១០នាក់ បានគឺស្លាប់ ឬរបួស ដោយសារសង្គ្រាមនេះ។ ពលរដ្ឋស្លូតត្រង់ជាង ៤លាននាក់បង្ខំចិត្តជម្លៀសខ្លួនចេញពីប្រទេស ខណៈជាច្រើនលានផ្សេងទៀតបាត់បង់ទីជម្រក។ សង្គ្រាមស៊ីវិលនៅស៊ីរី សម្លាប់មនុស្សដោយផ្ទាល់ និងដោយប្រយោលយ៉ាងហោចណាស់ ៤,៧០០,០០០នាក់។ អត្រាចាប់កំណើតថ្មីរបស់ទារកធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងរយៈកាល៧ទសវត្សរ៍ចុងក្រោយនេះ។

៣. សង្គ្រាមនៅតំបន់ Darfur ប្រទេសស៊ូដង់ ២០០៣ ដល់ បច្ចុប្បន្ន

ដើមឆ្នាំ២០០៣ ក្រុមពួកបះបោរនៅស៊ូដង់ ចាប់ផ្តើមក្រោកឡើងកាន់អាវុធប្រឆាំងរបបដឹកនាំរបស់ប្រធានាធិបតីស៊ូដង់ លោក អូមា អាល បាសៀ (Omar al-Bashir) ជាហេតុនាំឲ្យមានជម្លោះរាំរ៉ៃផ្ទុះឡើងក្នុងតំបន់ ដាហ្វ (Darfur) ភាគខាងលិចប្រទេសនេះ។ ជម្លោះនេះបានបង្កឲ្យមានការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃ ហើយ ក្រោយមកត្រូវរដ្ឋាភិបាលអាមេរិក ចាត់ទុកជាការប្រល័យពូជសាសន៍ដំបូងបង្អស់នៅដើមសតវត្សរ៍ទី២១។

ក្រោយពួកបះបោរទទួលបានជ័យជំនះយ៉ាងធំធេងជាបន្តបន្ទាប់ លើកងយោធារដ្ឋាភិបាលស៊ូដង់ និងកងជីវពលអារ៉ាប់ ដែលគាំទ្ររដ្ឋាភិបាលលោក Omar al-Bashir មក ពួកបះបោរបានក្លាយខ្លួនជាកងទ័ពដ៏ខ្លាំងក្លា និងល្បីល្បាញ ដែលគ្រប់គ្នាស្គាល់ថា ពួកសកម្មប្រយុទ្ធ ចេនចាវីត (Janjaweed)។ ពួកនេះ បានធ្វើយុទ្ធនាការបង្កើតភេរវកម្ម បោសសំអាតជនជាតិដើមភាគតិច និងប្រយុទ្ធប្រឆាំងជនស៊ីវិលនៅ Darfur បណ្តាលឲ្យចំនួនមនុស្សស្លាប់សរុបជាង ៣សែននាក់ និងជិត៣លាននាក់ផ្សេងទៀត បង្ខំចិត្តជម្លៀសចេញតំបន់នោះ។

ជម្លោះបានអូសបន្លាយជាច្រើនឆ្នាំ ហើយបើទោះជាមានកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព ផ្តួចផ្តើមដោយ អង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក អំឡុងឆ្នាំ២០០៨ ក្នុងចេតនាស្តារស្ថានការក្នុងតំបន់ក៏ពិតមែន ប៉ុន្តែនៅតែមិនអាចបញ្ចប់សង្គ្រាមនៅ Darfur បាននៅឡើយ។ នៅថ្ងៃទី៤ មីនា ឆ្នាំ២០០៩ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក បាសៀ Bashir ហើយត្រូវចាត់ទុកជាសាលដីកាតាមចាប់មេដឹកនាំប្រជាជាតិមួយ ដំបូងបង្អស់របស់ ICC ដោយចោទប្រកាន់លោក Bashir ពាក់ព័ន្ធពីបទបង្កឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទោះជាយ៉ាងណា ដោយសារមិនមានភស្តុតាងគ្រប់គ្រាន់ ICC មិនអាចប្រកាសកាត់ទោស លោក Omar al-Bashir បាននោះឡើយ បើទោះជាចេញសាលដីកាចាប់ខ្លួនលោកជាលើកទី២ អំឡុងឆ្នាំ២០១០ក៏ពិតមែន ប៉ុន្តែការសម្រេចរបស់ ICC ត្រូវរដ្ឋាភិបាលស៊ូដង់ ច្រានចោលមិនទទួលស្គាល់ទាំងសាលដីកា និងអង្គតុលាការអន្តរជាតិមួយនេះតែម្តង។ លើសពីនេះ សហភាពអាហ្វ្រិក សម្ព័ន្ធប្រជាជាតិអារ៉ាប់ និងចលនាមិនចូលបក្សសម័្ពន្ធ ប្រទេសរុស្ស៊ី និងចិន ជាដើមនោះ សុទ្ធតែមិនទទួលស្គាល់ សេចក្តីសម្រេចរបស់ ICC ដូចគ្នា ហើយមកទល់នឹងពេលនេះ លោក Omar al-Bashir នៅតែកាន់តំណែងជាប្រធានាធិបតីទី ៧ របស់ ស៊ូដង់ ខណៈជម្លោះជាមួយពួក Janjaweed នៅ Darfur បន្តរហូតមកទល់បច្ចុប្បន្ន។

៤. សង្គ្រាមនៅ អ៊ីរ៉ាក់ ២០០៣-២០១១

មន្ត្រីអភិរក្សនិយមថ្មីៗក្នុងជួររដ្ឋបាលប្រធានាធិបតីទី៤៣របស់អាមេរិកលោក George W. Bush សុទ្ធតែបានគិត ចង់ផ្តួលរំលំរបបដឹកនាំនៃប្រធានាធិបតីអ៊ីរ៉ាក់ លោក Saddam Hussein តាំងពីយូរមកហើយ ហើយវាគួរតែកើតឡើងមុនថ្ងៃ ១១ កញ្ញា ឆ្នាំ២០១១។ ប៉ុន្តែចុងក្រោយ មានការវាយប្រហារដោយអំពើភេរវកម្ម សម្លាប់រង្គាលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ជាហេតុផលនាំឲ្យផ្ទុះឡើងនូវសង្គ្រាមបង្ហូរឈាមដ៏កំប្លុកកំប្លែង និងជូរចត់មួយ អូសបន្លាយរយៈពេល ៨ឆ្នាំ ៨ខែ និង ២៨ឆ្នាំ លើទឹកដីនៃអតីតប្រទេសដ៏ខ្លាំងក្លានៅមជ្ឈឹមបូព៌ាមួយនេះ។

ផ្អែកលើទំនាក់ទំនងរវាងរបបដឹកនាំនៃប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussein ជាមួយពួក អាល់កៃដា ក៏ដូចជាវត្តមាននៃអាវុធគីមីក្នុងប្រទេសនេះ ស្របពេលដំណោះស្រាយជាច្រើន រាប់បញ្ចូលទាំងការត្រួតពិនិត្យពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិត្រូវបរាជ័យ នាំឲ្យសហរដ្ឋអាមេរិកសម្រេច ឈ្លានពានប្រទេសអ៊ីរ៉ាក់ នៅថ្ងៃ ២០ មីនា ឆ្នាំ២០០៣។

ក្នុងកាលៈទេសៈពេលនោះ សង្គ្រាម២បានកើតឡើងជាបន្តបន្ទាប់ ដោយទីមួយសង្គ្រាមរយៈពេលខ្លីរវាងកងទ័ពសម្ព័ន្ធមិត្តអាមេរិក ប្រឆាំងកងយោធារដ្ឋាភិបាលអ៊ីរ៉ាក់ ត្រូវចាត់ទុកជា សង្គ្រាមរយៈពេលខ្លី ដែលបណ្តាលឲ្យកងកំលាំងអាមេរិក និងសម័្ពន្ធមិត្តប្រមាណក្រោយ ២០០នាក់បាត់បង់ជីវិត ប៉ុន្តែនៅមានសង្គ្រាមមួយទៀតបានផ្ទុះឡើង។ ប្រមាណជាមួយខែក្រោយកងកំលាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក បើកការវាយប្រហារអ៊ីរ៉ាក់ និងកាន់កាប់បានតំបន់សំខាន់ៗក្នុងប្រទេសអ៊ីរ៉ាក់ ការងើបបះបោររើបំរះពីសំណាក់ពលរដ្ឋអ៊ីរ៉ាក់ ដែលស្មោះស្ម័គ្រប្រធានាធិបតី Saddam Hussein បានផ្ទុះឡើង បង្កឲ្យអំពើហឹង្សាអូសបន្លាយជាច្រើនឆ្នាំ សម្លាប់ជីវិតមនុស្សរាប់សិបម៉ឺននាក់ ក្នុងនោះគិតត្រឹមខែសីហា ឆ្នាំ២០១០ នៅពេលសហរដ្ឋអាមេរិក ប្រកាសដកទ័ពចេញពីអ៊ីរ៉ាក់ កងកំលាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិក ស្លាប់សរុបជាង ៤៧០០នាក់ ខណៈពលរដ្ឋស៊ីវិលនៅអ៊ីរ៉ាក់ ស្លាប់យ៉ាងហោចណាស់ ៨៥០០០នាក់។ ប៉ុន្តែតាមរបាយការណ៍វាយតម្លៃឯករាជ្យផ្សេងៗទៀតអះអាងថា ចំនួនអ្នកស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ាក់ គឺខ្ពស់ជាងនេះ។ លើសពីនេះ បើទោះជាអាមេរិកសម្រេចដកទ័ពចេញពីអ៊ីរ៉ាក់ទាំងអស់ នៅថ្ងៃ១៨ ធ្នូ ឆ្នាំ២០១១ ក៏ពិតមែន ប៉ុន្តែមិនមានន័យថា សង្គ្រាមនៅអ៊ីរ៉ាក់បញ្ចប់ទៅ នាំឯករាជ្យភាព អធិតេយ្យភាព និងសន្តិភាពសម្រាប់ពលរដ្ឋអ៊ីរ៉ាក់នោះទេ ព្រោះថាសង្គ្រាមជាង ៨ឆ្នាំមកនេះ បានបង្កើតអ្វីមួយដែលពិភពលោកនឹកស្មានមិនដល់ នឹងស្ទើរតែមិនជឿ គឺថាក្រោយផ្តួលរំលំរបបដឹកនាំ និងកាត់ទោសប្រហារជីវិត អតីតប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussein គឺជាផ្កាភ្លើងបង្កើតឲ្យមានរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់ Levant ដែលទូទាំងពិភពលោកស្គាល់ថា ពួកភេរវកររដ្ឋអ៊ីស្លាម ISIS ។ ក្រុមនេះបង្កើតឡើងក្នុងចេតនាបង្រួបបង្រួមទឹកដីរវាងអ៊ីរ៉ាក់ និងស៊ីរី ក្រោមទស្សនៈ Caliph ដែលជាសាសនិកឥស្លាមដ៏ជោគជ័យក្នុងការផ្សព្វផ្សាយសាសនាអ៊ីស្លាមរបស់ មហាម៉ាត កាលពីអតីតកាល។ ចន្លោះឆ្នាំ២០១៣ ដល់បំណាច់ឆ្នាំ២០១៦ ការប៉ះទង្គិចរវាងពួក ISIS និងកងយោធារដ្ឋាភិបាលអ៊ីរ៉ាក់ បានបណ្តាល ឲ្យជនស៊ីវិលជាង ៥ម៉ឺននាក់ផ្សេងទៀតស្លាប់ ដោយភាគច្រើនស្លាប់ក្រោមស្នាដៃរបស់ពួក ISIS តែម្តង។

៥. សង្គ្រាមនៅអាហ្វហ្គានីស្ថាន ២០០១ ដល់បច្ចុប្បន្ន

ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារអគារភ្លោះក្នុងបុរីញូវយ៉ក ថ្ងៃទី ១១ កញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិក បានចាប់ផ្តើមបើកប្រតិបត្តិការវាយប្រហារ តាមដែនអាកាសប្រឆាំងរបបដឹកនាំរបស់ពួក តាលីប៉ង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ តាលីបង់ ត្រូវចាត់ទុកជាពួកអ៊ីស្លាមជ្រុលនិយម បានពង្រីកអំណាចរបស់ខ្លួនកាន់កាប់ទឹកដីជាច្រើន ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយកងទ័ពសូវៀតដកចេញពីប្រទេសនេះនៅថ្ងៃ ១៥ កុម្ភៈ ឆ្នាំ១៩៨៩ បានធ្វើ ឲ្យទឹកដីអាហ្វហ្គានីស្ថានក្លាយជាឋានសួគ៌ដ៏សុខុមរមនា សម្រាប់ពួកអាល់កៃដា និងមេដឹកនាំរបស់ពួកគេគឺ Osama bin Laden។

សង្គ្រាមនៅអាហ្វហ្គានីស្ថាន គឺបញ្ជាក់ពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់របស់អាមេរិក ក្នុងនាមជាអ្នកដឹកនាំសង្គ្រាម ប្រឆាំងភេរវកម្មពិភពលោក។

អំឡុងខែធ្នូ ឆ្នាំ២០០១ កងកំលាំងសម្ព័ន្ធមិត្តអាមេរិក បានវាយបណ្តេញពួកតាលីបង់ចេញពីអំណាច ប៉ុន្តែទាំងពួកតាលីបង់នៅអាហ្វហ្គានីស្ថាន និងសម្ព័ន្ធមិត្តរបស់ពួកគេក្នុងប្រទេសប៉ាគីស្ថាន បានក្រោកតស៊ូឡើងវិញ ហើយបានគ្រប់គ្រងតំបន់មួយចំនួនក្នុងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ក្រុមនេះបានកែប្រែយុទ្ធសាស្ត្រសង្គ្រាម ប្រឆាំងមហាអំណាចលោកខាងលិច និងកងទ័ពសម្ព័ន្ធមិត្ត ពីការប្រយុទ្ធទល់មុខ ទៅជាការបំផ្ទុះគ្រាប់បែកអត្តឃាត ហើយត្រូវបានពួកបះបោរនៅអ៊ីរ៉ាក់យកគំរូតាម។ ក្រុមសកម្មប្រយុទ្ធតាលីបង់ និងប៉ាគីស្ថាន មានឈ្មោះជារួម គឺពួកអាល់កៃដា បានចាប់ផ្តើមបំផ្ទុះគ្រាប់បែកដោយគោលដៅវាយប្រហារលើកងយោធា និងជនស៊ីវិល ដែលអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ក្រុមនេះ បានដាំដុះអាភៀននៅក្នុងតំបន់ពួកគេកាន់កាប់ និងលក់ទៅកាន់ទីផ្សារងងឹតអន្តរជាតិ ដើម្បីធ្វើជាប្រព័ន្ធហរិញ្ញវត្ថុទ្រទ្រង់ជីវភាពកងសកម្មប្រយុទ្ធរបស់ខ្លួន និងសកម្មភាពភេរវករជុំវិញពិភពលោក។ ចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៦ កងយោធា និងប៉ូលីសអាហ្វហ្គានីស្ថាន សរុបប្រមាណ ៣ម៉ឺននាក់បានស្លាប់ និងជនស៊ីវិល ៣១ ០០០ នាក់ស្លាប់។ កងកំលាំងសម្ព័ន្ធមិត្តនៃអង្គការណាតូ ប្រមាណជាង ៣៥០០នាក់ នៃប្រទេសសរុប ២៩ បានស្លាប់ក្នុងសង្គ្រាមជាង១៦ឆ្នាំនេះដូចគ្នា ។ បន្ថែមពីលើនេះ កងយោធារដ្ឋាភិបាលប៉ាគីស្ថាន និងជនស៊ីវិលប្រមាណ ៣ម៉ឺននាក់ ក៏បានស្លាប់ដោយស្នាដៃពួកតាលីបង់ នៅប៉ាគីស្ថានផងដែរ។

ប្រភព៖ សៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រ Encyclopædia Britannica

ការីនិពន្ធ៖ Michael Ray (បរិញ្ញាប័ត្រប្រវត្តិវិទ្យានៃសាកលវិទ្យាល័យ មិចស៊ីហ្គេន ១៩៩៥)

ប្រែសម្រួល៖ សុភា

អត្ថបទថ្មី
;