ក្រសួង​វប្បធម៌ ត្រៀម​បញ្ចូល​ប្រាសាទ​២ទៀត ជា​បេតិកភណ្ឌ​ពិភពលោក

  • 2018-02-08 02:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​កំពុង​រៀបចំ​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន ស្នើ​ទៅកាន់​អង្គការ​យូណេស្កូ ដើម្បី​បញ្ចូល​ប្រាសាទ​កោះ​កេរ និង​ប្រាសាទ​បន្ទាយឆ្មារ ចូល​ជា​បេតិកភណ្ឌ​ពិភពលោក នៅឆ្នាំ​២០១៨​នេះ។ នេះ​បើ​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ លោក​ស្រី ភឿង សកុណា ដែលបាន​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។

លោកស្រី ភឿង សកុណា ថ្លែងនាពេលកន្លងមក
លោក​ស្រី ភឿង សកុណា បន្ត​ថា ក្រៅពី​ការ​ស្នើ​ដាក់​ប្រាសាទ​កោះកេរ និង​ប្រាសាទ​បន្ទាយឆ្មារ​ហើយ ក្រសួង​ក៏បាន​រៀបចំ​ឯកសារ​ល្ខោនខោល និង​ក្បាច់ល្បុក្កតោ​ទៅកាន់​អង្គការ​យូណេស្កូ​រួចជាស្រេច​ផង​ដែរ។ លោកស្រី​រដ្ឋមន្រ្តី ​ឲ្យ​ដឹង​ទៀត​ថា បន្ថែម​ពី​នេះ​លោក​ស្រី​ក៏​កំពុងតែ​រៀបចំ​ខាង​តម្បាញ​សូត្រ និង​ទាក់ទង​ទៅ​បណ្ដា​ប្រទេស​នានា ដើម្បី​ស្វែងរក​វត្ថុ​បុរាណ​ដែល​បាន​បាត់បង់​យក​មក​មាតុប្រទេស​វិញ​ផង​ដែរ។
ប្រាសាទកោះកេរ

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ថៃ នរៈសត្យា បាន​ឲ្យដឹង​ថា ក្រុម​ការងារ​ជំនាញ​ក្រសួង​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ។ លោក​បន្ត​ថា ក្រសួង​វប្បធម៌ តែងតែ​ព្យាយាម​ដាក់បញ្ចូល​សម្បត្តិ​វប្បធម៌​កម្ពុជា​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក៖ «ក្រសួង​តែងតែ​គិតគូរ​មិន​ឈប់ឈរ​អំពី​ការ​អភិ​រក្សា​បេតិកភណ្ឌ​វប្បធម៌​ជាតិ​យើង​នេះឯង ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​មួយ​ហើយ​ត្រូវ​ដាក់​អី​បន្ថែម​ទៀត»។

ប្រាសាទបន្ទាយឆ្មារ

គិត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំងអស់​ចំនួន ៧​ហើយ ដែល​ក្នុង​នោះ​ចែក​ជា​សម្បត្តិ​វប្បធម៌​រូបី ៣ និង​សម្បត្តិ​វប្បធម៌​អរូបី​៤ រួមមាន​៖ តំបន់​អង្គរវត្ត របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែក​ធំ ប្រាសាទ​ព្រះវិហារ ល្បែង​ទាញព្រ័ត្រ ចាប៉ី​ដងវែង និង​ប្រាសាទ​សំបូរព្រៃគុក ដែល​ទើប​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៧៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;