យីងឡាក់ កំពុង​រស់នៅ​ប្រទេសចិន?

  • 2018-02-12 00:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​នាយករដ្ឋមន្រ្ដី​ថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​បាន​ជឿ​ថា ​កំពុង​ស្នាក់​នៅ​ប្រទេស​ចិន ដោយសារ​រូប​ថត​មួយ​សន្លឹក​របស់​លោកស្រី ជាមួយ​បង​ប្រុស ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​លេច​ធ្លាយ​លើ​បណ្ដាញ​សង្គម​អនឡាញ គឺ​ជា​រូប​ថត​នៅ​ផ្សារ​មួយ​កន្លែង ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ក្រុម​ប៉ូលិស​ថៃ​ដែល​ទទួល​ខុសត្រូវ​រឿង​កំណត់​ទីតាំង​របស់​លោកស្រី​យីងឡាក់ បាន​បញ្ជាក់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះថា ខ្លួន​កំពុង​ស្នើ​សុំ​កិច្ច​សហការ​ពី​អាជ្ញាធរ​ចិន ដើម្បី​កំណត់​ទីតាំង​របស់​លោក​ស្រី​យីងឡាក់។ ក្រម​ប៉ូលិស​ថៃ ចង់​ដឹង​ឲ្យ​ប្រាកដ​ ថា​តើ​រូប​មួយ​សន្លឹក​នោះ ពិត​ជា​ថត​នៅ​ប៉េកាំង ដូច​សេចក្ដី​រាយការណ៍ មែន​ឬ​យ៉ាងណា។

រូបថត​លោកស្រីយីងឡាក់ និង​លោក​ថាក់ស៊ីន ដែល​គេ​គិត​ថា​ថត​នៅ​ប្រទេស​ចិន
លោកឧត្តមសេនីយ Piyaphong Klinphan អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​សន្ដិភាព និង​សណ្ឋាប់ធ្នាប់ (NCPO) បាន​បញ្ជាក់ថា NCPO នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ណាមួយ​ពី​រូបភាព​លោក​ស្រី​យីងឡាក់ និង​លោក​ថាក់ស៊ីន នោះ​នៅឡើយ​ទេ។

ចំណែក​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Sansern Kaewkamnerd បាន​បដិសេធ​មិនបញ្ចេញ​យោបល់​ ជុំវិញ​បញ្ហា​រូបភាព​មួយ​សន្លឹក​នោះទេ ដោយ​ថា​វា​មិន​មែន​ជា​កិច្ច​ការ​របស់​រដ្ឋាភិបាល​នោះឡើយ។

គួរ​បញ្ជាក់​ថា លោក​ស្រី យីងឡាក់ បាន​បាត់​ខ្លួន​ពី​ប្រទេស​ថៃ ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៧​មក​ម៉្លេះ ដោយ​ខកខាន​មិន​បាន​ចូលរួម​ស្ដាប់​​ការ​ប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​ថៃ។ លោក​ស្រី ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​មិន​ប្រក្រតី​ក្នុង​ការ​ទិញ​ស្រូវ​មក​ស្ដុក​ទុក ដែល​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​រដ្ឋ​យ៉ាង​ហោច​ណាស់ ៨​ពាន់​លាន​ដុល្លារ។ កន្លង​មក ធ្លាប់​មាន​ព័ត៌មាន​ថា​លោកស្រី កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ប្រទេស​អង់គ្លេស៕

ចុច​អាន៖ ថៃ រឹប​អូស ​ទ្រព្យ​សម្បត្តិ​​របស់​លោក​ស្រី យីងឡាក់

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;