ទូក​ កាណូត នឹង​ត្រូវ​ដាក់​ឲ្យ​ដឹក​ភ្ញៀវ​ទេសចរ ​ចូលរួម​បុណ្យ​ទន្លេ​ឆ្នាំ​នេះ

  • 2018-03-06 02:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍ ​ក្នុង​ពិធី​បុណ្យ​ទន្លេ​លើក​ទី៤ នៅ​ក្រុង​តាខ្មៅ ចាប់​ពី​ថ្ងៃ​ទី៩ ដល់ ១២ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ​នេះ លេខាធិការដ្ឋាន និង​អនុ​គណៈកម្មការ ដែល​រៀបចំ​ពិធី នឹង​ដាក់​ឲ្យ​មាន​ទូក​កាណូត ដឹក​ភ្ញៀវ​ទេសចរ​ទៅ​ចូលរួម​ពិធី​បុណ្យ​ទន្លេ។

សេចក្ដី​ណែនាំ​នេះ ​ត្រូវ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ការងារ​ចុងក្រោយ នូវ​ការ​រៀបចំ​បុណ្យទន្លេ​លើក​ទី៤ នៅ​សាលា​ខេត្តកណ្ដាល កាល​ពី​ថ្ងៃទី៤ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្ដាល។

ក្រសួង​បាន​ណែនាំ​ឲ្យ​មាន​ការ​រៀបចំ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង ការ​បញ្ចៀស​និង​កាត់​បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​វាង​នៅ​ត្រើយ​ម្ខាង (សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ។

សូម​ជម្រាប​ថា ពិធី​បុណ្យ​ទន្លេ​លើក​ទី​៤ឆ្នាំ​នេះ ត្រូវ​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចូលរួម​ទស្សនា​ជាង ១​លាន​នាក់។ ក្នុងនោះ​ក៏​មាន​ការ​តុបតែង​រចនា​លម្អ​នៅ​តាម​គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ដង​ផ្លូវ ការ​តាំង​ពិព័រណ៍​លក់​ផលិតផល​ក្នុង​ស្រុក ការ​សម្ដែង​សិល្បៈ​ចម្រុះ សិល្បៈ​វប្បធម៌ ផ្ទាំង​ទស្សនីយភាព​នានា​ទាំង​នៅ​លើ​គោក និង​នៅ​លើ​ទឹក​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;