សត្វ​ស្លាប​កម្រ​៦សម្បុកត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន ព្រហ្មទេព

  • 2018-03-06 03:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួង​បរិស្ថាន សហគមន៍​ទេសចរណ៍​ធម្មជាតិ ត្មាតប៉ើយ និង​អង្គការWCS បាន​រក​ឃើញ​ត្រយង​ចង្កំ​ក​ស ចំនួន​០៦​សំបុក​ក្បែរ​ភូមិ​ត្មាតប៉ើយ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន ព្រហ្មទេព ខេត្ត​ព្រះវិហារ។ ការ​រក​ឃើញ​នេះ គឺ​គិត​ក្នុង​រយៈពេល​ជាង​២​ខែ នា​ដើម​ឆ្នាំ​២០១៨​នេះ។

លោក ឌឹប គឹមអោន ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ត្មាតប៉ើយ និយាយ​ថា៖ “យើង​រីករាយ​ខ្លាំង​ណាស់​ចំពោះ​ការ​រក​ឃើញ​សំបុក​ត្រយង​ចង្កំ​ក​ស​នេះ ពី​ព្រោះ​ពួកវា​គឺ​ជា​ប្រភេទ​សត្វ​ស្លាប​ដ៏​សំខាន់​ដែល​ភ្ញៀវ​ទេសចរ​ចង់​ទស្សនា។ សមាជិក​នៅ​ក្នុង​សហគមន៍​ភាគច្រើន​សុទ្ធ​តែ​បាន​យល់​ច្បាស់​អំពី​សារៈសំខាន់ និង​តម្លៃ​នៃ​ការ​ការពារ​សត្វព្រៃ​ទាំង​អស់​ដោយ​សារ​តែ​ភាព​ជោគជ័យ នៃ​គម្រោង​ទេសចរណ៍​ធម្មជាតិ”។

លោក គឹមអោន បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក ភ្ញៀវ​ទេសចរ​ជា​មធ្យម​២៤០​នាក់ បាន​ធ្វើ​ដំណើរ​មក​កាន់​ភូមិ​ត្មាតប៉ើយ​ ដើម្បី​ទស្សនា​សត្វ​ត្រយង​យក្ស និង​ត្រយង​ចង្កំ​ក​ស​ជា​រៀងរាល់​ឆ្នាំ។

ត្រយង​ចង្កំ​ក​ស ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការIUCN ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកល​លោក។ ពួក​វា​មាន​វត្តមាន​នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ ហើយ​ចំនួន​នៅ​សេសសល់​របស់​វា​ភាគ​ច្រើន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំនួន​សត្វ​ត្រយង​ចង្កំ​ក​ស មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង អំឡុង​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​តិច​ជាង​១​ពាន់​ក្បាល​នៅ​លើ​ពិភពលោក។

ព្រៃឈើ​នៅ​ក្នុង​សហគមន៍​ទេសចរ​ធម្មជាតិ​ត្មាតប៉ើយ គាំទ្រ​ដល់​ការ​រស់​នៅ​របស់​សត្វ​ត្រយង​ចង្កំ​កស​ប្រមាណ​៥០​ក្បាល ស្មើ​នឹង​៥​ភាគរយ​នៃ​ចំនួន​របស់​វា​ទាំង​អស់​នៅ​លើ​ពិភពលោក។ ទោះ​យ៉ាង​នេះ​ក្តី ការ​បាត់​បង់​ទីជម្រក ការ​បរបាញ់ និង​ការ​រំខាន កំពុង​តែ​គំរាម​កំហែង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ត្រយង​ចង្កំ​ក​ស​៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;