កំណាត់ផ្លូវជាតិលេខ១ មានលក្ខណៈពិសេសធំៗ ២យ៉ាង
- 2018-03-13 01:57:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណាត់ផ្លូវជាតិលេខ១ មានលក្ខណៈពិសេសធំៗ ២យ៉ាង
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ នាព្រឹកនេះថា កំណាត់ផ្លូវនេះ គឺមានលក្ខណៈពិសេសខុសប្លែកពីគម្រោងដទៃ ចំនួន២យ៉ាងធំៗ។
ទី១. គ្រឹះផ្លូវមានកម្រាស់រហូតដល់ ៦៥សង់ទីម៉ែត្រ និងក្រាលបេតុងកៅស៊ូ AC កម្រាស់ ២០សង់ទីម៉ែត្រ ដែលធ្វើឲ្យកំណាត់ផ្លូវនេះ មានកម្រាស់បេតុងកៅស៊ូក្រាស់ជាងគេនៅកម្ពុជា។
ទី២. កំណាត់ផ្លូវនេះ មានប្រវែងសរុប ៤គីឡូម៉ែត្រ មានទទឹងចាប់ពី ២៥ម៉ែត្ររហូតដល់ ៣៩ម៉ែត្រ ក្នុងនោះ មាន ៤គន្លងសម្រាប់រថយន្ត (២ទៅ ២មក) ២គន្លង សម្រាប់ម៉ូតូ (១ទៅ ១មក) និងចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងចាប់ពី ១ម៉ែត្រ រហូតដល់ ៨,៥ម៉ែត្រ ដែលមានបង្កប់លូមូលនៅខាងក្រោមផងដែរ ដើម្បីរំដោះទឹកកុំឲ្យលិចផ្លូវ ជាពិសេសនារដូវវស្សា។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤នេះ គឺជាដំណាក់កាលចុងក្រោយនៃគម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ ពីភ្នំពេញ-អ្នកលឿង ដែលមានប្រវែងសរុបជិត ៥៦គីឡូម៉ែត្រ។
លោករដ្ឋមន្រ្តីបន្តថា ផ្លូវជាតិលេខ១ គឺជាផ្នែក១នៃផ្លូវអាស៊ានហាយវ៉េ AH1 រត់កាត់តំបន់ទំនាបនៃមហាអនុតំបន់ទន្លេមេគង្គ (GMS) បាងកក-ភ្នំពេញ-វង់តាវ ដែលនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំង ក្នុងការបម្រើឲ្យកិច្ចសហប្រតិបត្តិការ ការប្រកួតប្រជែង ការរួមគ្នារស់នៅជាសហគមន៍ ការតភ្ជាប់ ការធ្វើសមាហរណកម្មតំបន់ និងសកលភាវូបនីយកម្ម ពិសេសការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការផ្គត់ផ្គង់ភស្តុភារ លំហូរពាណិជ្ជកម្ម និងទេសចរណ៍ជាតិ-អន្តរជាតិ ដែលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិនានារបស់កម្ពុជា៕
អត្ថបទទាក់ទង៖ កំណាត់ផ្លូវជាតិលេខ១ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ