កំពង់ស្ពឺ ​នៅ​តែ​មានប្រជាប្រិយភាព ទាក់ទាញ​គម្រោង​វិនិយោគ​រោងចក្រ​​ឧស្សាហកម្ម

  • 2018-03-13 08:33:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅមិនឆ្ងាយពីប៉ុន្មាន​ពី​រាជធានីភ្នំពេញ នៅ​តែ​បន្ត​ទាក់ទាញ​គម្រោងវិនិយោគលើការសាងសង់រោងចក្រឧស្សាហកម្មជាហូរហែ។

ជាក់ស្តែង គិតត្រឹមខែកុម្ភៈ ឆ្នាំ​២០១៨​ កន្លងទៅ​ថ្មីៗ​នេះ ក្រុមហ៊ុនវិនិយោគរោងចក្រឧស្សាហកម្មមួយចំនួនទៀត បាន​ទទួលវិញ្ញាបនប័ត្រដើម្បីបើកដំណើរការ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានដូចជា៖

  • គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម និងជីកសិកម្មរបស់ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD ស្ថិតក្នុងស្រុកគងពិសី

  • គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងរបស់ក្រុមហ៊ុន WINCROWN (CAMBODIA) INDUSTRIAL CO., LTD ស្ថិតក្នុងស្រុកសំរោងទង

  • និង​គម្រោងបង្កើតរោងចក្រផលិតកាបូប​គ្រប់ប្រភេទ ស្ថិតក្នុងស្រុកសំរោងទង របស់ក្រុមហ៊ុន NANWANG TRAVEL GOODS CO., LTD

បន្ថែម​លើ​នេះ កាលពីចុងខែមករា រោងចក្រផលិតឥដ្ឋបេតុងខ្នាតធំមួយស្ថិតនៅក្នុងស្រុកឧដុង្គ និង​រោងចក្រ​ផលិត​កែ​ច្នៃ​ផ្លែឈើ​ស្រស់​ជាលើក​ដំបូង Hyundai Agro Cambodia ស្ថិត​នៅ​ភ្នំស្រួច ក៏បានបើកដំណើរការផងដែរ។

រោងចក្រ​ផលិត​កែ​ច្នៃ​ផ្លែឈើ​ស្រស់​ជាលើក​ដំបូង ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ស្រុក​ភ្នំស្រួច កាលពី​ចុង​ខែមករា
ចំនួននៃគម្រោងវិនិយោគ កើតមានជាបន្តបន្ទាប់នេះ បាន​ជំរុញ និងលើកមុខមាត់ខេត្តកំពង់ស្ពឺឱ្យកាន់តែមានសក្តានុពល ប្រែក្លាយជាតំបន់ប្រមូលផ្តុំដោយ​រោងចក្រ​ឧស្សាហកម្ម ស្របពេលដែលអ្នក​ជំនាញអចលនទ្រព្យលើកឡើងថាចរន្តទិញ​លក់ដីធ្លី ក៏មានការកើនឡើងផងដែរ។

លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Pointer បានថ្លែងឲ្យដឹងថា ការស្រូបទាញគម្រោងវិនិយោគរោងចក្រ​ឧស្សាហកម្ម ដោយសារតែខេត្តកំពង់ស្ពឺ មានផែអាស៊ានមួយស្ថិតនៅក្នុងស្រុកឧដុង្គ ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន។

បន្ថែមពីនេះ ខេត្តកំពង់ស្ពឺក៏មានការតភ្ជាប់ទៅតំបន់ប៉ូលសេដ្ឋកិច្ច គឺខេត្តព្រះសីហនុ តាមរយៈការឆ្លងកាត់ផ្លូវជាតិលេខ៤។

នាយកប្រតិបត្តិរោងចក្រផលិតឥដ្ឋបេតុង Béton Block & Pave ស្ថិតក្នុងស្រុកឧដុង្គ លោក Serge Pak បានលើកឡើងដែរថា ការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន ពិតជាមានសារសំខាន់ណាស់ ហើយម្យ៉ាងវិញទៀតស្រុកឧដុង្គមាន​ចម្ងាយ​តែ​ប្រមាណ ៣០គីឡូម៉ែត្រ​ប៉ុណ្ណោះ​​ពីរាជធានីភ្នំពេញ។

យោងតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥ - ២០២៥ របស់រាជ​រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ខេត្តកំពុងស្ពឺ កំពុងក្លាយជាទីតាំងសម្រាប់សហគ្រាសធុនធំ ដែលមានសហគ្រាសកម្មន្តសាល​ធុនធំប្រមាណ ១២ភាគរយ៕

ប្លង់​ទីតាំង​គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម និងជីកសិកម្មរបស់ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD

អត្ថបទ៖ សិរីឧត្តម

អត្ថបទថ្មី
;