មុនស្លាប់ រូបវិទូល្បី Stephen Hawking ធ្លាប់លើកពីរឿង៥យ៉ាងអាចឲ្យពិភពលោករលាយ
- 2018-03-14 06:37:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនស្លាប់ រូបវិទូល្បី Stephen Hawking ធ្លាប់លើកពីរឿង៥យ៉ាងអាចឲ្យពិភពលោករលាយ
ចន្លោះមិនឃើញ
លោក Stephen Hawking គឺជារូបវិទូដ៏ល្បី១រូប ដែលមានការទទួលស្គាល់ទូទាំងពិភពលោក។ ប៉ុន្តែជាដំណឹងអកុសល លោក Hawking បានទទួលមរណភាពទៅហើយ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នេះ ក្នុងវ័យ៧៦ឆ្នាំ។ គួររំលឹកថា មុនពេលស្លាប់ លោកសាស្ត្រាចារ្យ Stephen Hawking ធ្លាប់បានរៀបរាប់ពីរឿងរ៉ាវចំនួន ៥ អំពីរបៀប និងពេលវេលា ដែលពិភពលោកទាំងមូលឈានដល់ថ្ងៃអវសាន។
សារព័ត៌មាន Cambridge News បានចងក្រងនូវទ្រឹស្ដីចំនួន ៥ គួរឲ្យចាប់អារម្មណ៍របស់លោក Stephen Hawking ដូចខាងក្រោម៖
១. មនុស្សនឹងស្លាប់ដោយសារគ្រាប់បាល់ភ្លើងដ៏ធំមហិមា
មិនដល់ ៦០០ឆ្នាំទៀតទេ អ្នករាល់គ្នាលើពិភពលោក នឹងស្លាប់ នៅពេលដែលពិភពលោកជួបប្រទះនឹងបញ្ហាកំណើនប្រជាជនច្រើនពេក (លើសចំនួន) ហើយការប្រើប្រាស់ថាមពលដ៏លើសលប់របស់ពិភពលោកនឹងធ្វើឲ្យផែនដីរលាយឆេះក្លាយជាដុំបាល់ភ្លើងដ៏ធំមួយ។ លោក Hawking ថ្លែងបែបនេះ កាលពីខែវិច្ឆិកាកន្លងទៅ ក្នុងកិច្ចប្រជុំកំពូលអ្នកវិទ្យាសាស្ត្រ Tencent WE។
លោកសាស្ត្រាចារ្យវ័យ៧៥ឆ្នាំរូបនេះ បញ្ជាក់ថា ប្រសិនបើចង់ជួយសង្គ្រោះផែនដីពីបញ្ហាខាងលើ មនុស្សជាតិត្រូវយកគំរូតាមខ្សែភាពយន្តអាមេរិកមួយឈ្មោះថា "Star Trek" ដោយស្វែងរក និងធ្វើដំណើរទៅកាន់កន្លែងណាមួយផ្សេងទៀតដើម្បីរស់នៅ។
២. មនុស្សយន្តនឹងគ្រប់គ្រងពិភពលោកទាំងមូល
លោក Hawking បានបង្ហាញពីការព្រួយបារម្ភជាខ្លាំងអំពីបច្ចេកវិទ្យា AI ដែលអាចនឹងគ្រប់គ្រងមនុស្ស។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Wired.co.uk លោកនិយាយថា៖ "ពួកយើងគួរតែបង្កើនការស្រាវជ្រាវបន្ថែមលើការអភិវឌ្ឍបច្ចេកវិទ្យា AI តែយើងគួរតែប្រុងប្រយ័ត្នផងដែរអំពីគ្រោះថ្នាក់ជាក់ស្ដែងរបស់ AI... ច្បាស់ណាស់ នឹងមានទម្រង់ជីវិតថ្មីម៉្យាង ដែលនឹងគ្រប់គ្រងលើមនុស្សបានវិញ"។
៣. ភាពឆេវឆៅរបស់មនុស្ស និងបច្ចេកវិទ្យានុយក្លេអ៊ែរ នឹងឆក់យកជីវិតអ្នករាល់គ្នា នាពេលណាមួយមិនខាន
ថ្លែងប្រាប់សារព័ត៌មាន BBC នៅក្នុងគម្រប់ខួប៧៥ឆ្នាំ លោក Hawking បានឲ្យដឹងថា លោកមានក្ដីបារម្ភចំពោះការវិវឌ្ឍរបស់មនុស្ស ដែលអាចធ្វើឲ្យហ្សែនរបស់អ្នករាល់គ្នាកាន់តែមានភាពលោភលន់ និងភាពឆេវឆៅ។ ជាក់ស្ដែង បញ្ហានយោបាយពិភពលោក បានធ្វើឲ្យមានការអភិវឌ្ឍជាខ្លាំងនូវវិស័យយោធា ក៏ដូចជាអាវុធទំនើបៗជាច្រើន។ រឿងទាំងនេះហើយនឹងបង្កឲ្យមានមហន្តរាយជៀសមិនផុតនោះឡើយ។
៤. យើងត្រូវសង្វាតរកពិភពដទៃ ដើម្បីរស់នៅក្នុងរយៈពេល១០០ឆ្នាំខាងមុខ
យើងត្រូវតែរុករកបច្ចេកវិទ្យាថ្មីទៀត ដើម្បីជៀសវាងភាពដាច់ពូជនៃមនុស្សជាតិ។ នេះជាការលើកឡើងរបស់លោក Hawking ទៅកាន់ BBC។
យ៉ាងណាមិញ ប្រសិនបើយើងមិនអាចរកភពថ្មីរស់នៅទាន់ពេលទេ នោះបម្រែបម្រួលអាកាសធាតុ កំណើនប្រជាជនជ្រុលហួស ជំងឺរាតត្បាត និងសង្គ្រាម នឹងធ្វើឲ្យពិភពលោកឈានដល់ដំណាក់កាលចុងក្រោយ។
៥. ដូណាល់ ត្រាំ
លោក Hawking ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលរិះគន់ចំពោះនយោបាយលោក ដូណាល់ ត្រាំ។ នៅពេលដែលលោក ត្រាំ ប្រធានាធិបតីអាមេរិក កាលពីខែឧសភា មិនព្រមចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងជួយសង្គ្រោះបម្រែបម្រួលអាកាសធាតុក្រុងប៉ារីស លោក Hawking គឺមនុស្សម្នាក់ដែលជំទាស់នឹងគំនិតលោក ត្រាំ ខ្លាំងជាងគេមួយរូប។
លោកព្រមានថា ការសម្រេចចិត្តរបស់ ត្រាំ នឹងរុញច្រានពិភពលោកឈានទៅដល់ថ្ងៃបញ្ចប់ ហើយមានលក្ខណៈដូចភពផ្កាយព្រះសុក្រ ដែលមានសីតុណ្ហភាពដល់២៥០អង្សា និងមានធ្លាក់ភ្លៀងអាស៊ីតថែមទៀតផង។ លោកបន្តថា៖ "បម្រែបម្រួលអាកាសធាតុគឺជាគ្រោះថ្នាក់ធំបំផុតយើងកំពុងជួបប្រទះ ហើយវាជាបញ្ហាមួយដែលយើងអាចបង្ការមុនបាន ប្រសិនបើយើងចាប់ផ្ដើមពីឥឡូវ"។ "ដោយសារតែការមិនព្រមជឿលើបម្រែបម្រួលអាកាសធាតុ និងបដិសេធលើកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស លោក ដូណាល់ ត្រាំ នឹងបង្កឲ្យកើតមានការបំផ្លិចបំផ្លាញបរិស្ថានមិនអាចជៀសផុតបានឡើយ ចំពោះពិភពលោកដ៏ស្រស់បំព្រងរបស់យើង"៕