របរ​ធ្វើ​កញ្ឆេរ​លក់ នៅ​តែ​ជា​សិប្បកម្ម​ប្រពៃណី​ចោល​​មិន​បាន​របស់​អ្នក​ស្រុក​កំពត

  • 2018-03-19 10:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃ​នេះ​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​វគ្គ២ នឹង​បង្ហាញ​សកម្មភាព​របស់​អ្នក​ភូមិ​អូរតូច ឃុំ​អណ្ដូង​ខ្មែរ ស្រុក​កំពត ដែល​បាន​ចាប់​របរ​ធ្វើ​​កញ្ឆេរ ឬ​ហៅ​ថា​លួ ជាច្រើន​ឆ្នាំ​មក​ហើយ។ ចង់​ដឹង​វិធី​ធ្វើ​កញ្ឆេរ របៀប​ម៉េចខ្លះ​នោះ សូម​ទស្សនា​រូបភាព និង ការ​អត្ថាធិប្បាយ​​ខាងក្រោម​៖

១. អ្នកស្រី ហូង ណាត អាយុ៤៣ឆ្នាំ ប្រកប​របរ​ធ្វើ​កញ្ឆេរ​លក់ (អ្នក​កំពត​ហៅ​ថា លួ) នៅ​ភូមិ​អូរតូច ឃុំ​អណ្ដូង​ខ្មែរ ស្រុក​កំពត ខេត្ត​កំពត។ អ្នក​ស្រី​ប្រកប​របរ​នេះ ជាង​២០​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​នៅ​លីវ​រហូត​ដល់​មាន​គ្រួសារ។ អ្នកស្រី​ចេះ​ធ្វើ​កញ្ឆេរ តាម​រយៈ​ការ​មើល​អ្នក​ដទៃ​ត្បាញ​តែ​ប៉ុណ្ណោះ។ ដោយសារ​ការ​ឧស្សាហ៍​ព្យាយាម អ្នក​ស្រី ហូង ណាត បាន​ក្លាយ​ជា​អ្នក​ត្បាញ​កញ្ឆេរ​ដ៏​ស្អាត​ល្អ និង​មាន​ទីផ្សារ។

២. ប្ញស្សី និង ផ្តៅ គឺជា​វត្ថុធាតុ​ដើម​សំខាន់​ក្នុង​ការ​ធ្វើ​កញ្ឆេរ។ នៅ​មុន​ពេល​មិន​ទាន់ មាន​ប្តី អ្នក​ស្រី ហូង ណាត ត្រូវ​ឡើង​ភ្នំ​ដើម្បី​ទៅ​កាប់​ប្ញស្សី​ដោយ​ខ្លួន​ឯង។ តែ​បច្ចុប្បន្ន​នេះ ប្តី​អ្នក​ស្រី​ជា​អ្នក​រ៉ាប់រង​ទៅ​កាប់​ប្ញស្សី​ជំនួស។ ហើយ​ពេល​ខ្លះ អ្នក​ស្រី ត្រូវ​ទិញ​ប្ញស្សី​ពី​អ្នក​ជិត​ខាង​ដែល​ឡើង​ទៅ​កាប់​នៅ​លើ​ភ្នំ​ចម្ងាយ ៧ ទៅ ១០គីឡូ​ម៉ែត្រ​ពី​ភូមិ។ នៅ​ក្នុង​រូប​នេះ អ្នក​ភូមិ​ម្នាក់​ដឹក​ប្ញស្សី​មក​លក់​ឱ្យ​អ្នក​ស្រី ហូង ណាត។

៣. ប្ញស្សី​ដែល​កាប់​រួច​ហើយ ត្រូវ​ទម្លាក់​មក​ជើង​ភ្នំ ហើយ​ត្រូវ​ពុះ​ច្រៀក​ជា​បន្ទះ​តូចៗ រួច​ដឹក​ជញ្ជូន​តាម​កង់ ឬ​ម៉ូតូ មក​កន្លែង​ធ្វើ​កញ្ឆេរ។ នៅ​មុន​ពេល​ត្បាញ​កញ្ឆេរ បន្ទះ​ប្ញស្សី​ទាំង​នោះ ត្រូវ​ហាល​ថ្ងៃ​ឱ្យ​ស្រពាប់​បន្តិច និង​ត្រូវ​បិត​ឱ្យ​ស្អាត​តាម​ទំហំ ដែល​គេ​ចង់​បាន។ នៅ​ក្នុង​រូប​នេះ អ្នក​ស៊ី​ឈ្នួល​របស់​អ្នក​ស្រី ហូង ណាត កំពុង​បិត​បន្ទោះ​ប្ញស្សី នៅ​ក្រោម​ដើម​ឈើ​នា​កន្លែង​ធ្វើ​កញ្ឆេរ។

៤. អ្នក​ស្រី ហូង ណាត កំពុង​ត្បាញ​កញ្ឆេរ​ដោយ​ចាប់​ផ្តើម​ពី​ផ្នែក​គូទ​ទៅ​មុន (ក-គូទ)។ដោយ​មាន​ជំនួយ​ពី​អ្នក​ជិត​ខាង បច្ចុប្បន្ន​អ្នក​ស្រី ហូង ណាត ត្បាញ​កញ្ឆេរ​បាន ចំនួន​ពី ៧ ទៅ ៨ ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​កាល​ត្បាញ​តែ​ម្នាក់​ឯង អ្នកស្រី​អាច​ត្បាញ​បាន​ពី ៣ ទៅ ៥ ក្នុង​មួយ​ថ្ងៃៗ។

៥. អ្នក​ស្រី ហូង ណាត មាន​សមត្ថភាព​អាច​ត្បាញ​កញ្ឆេរ​បាន​គ្រប់​ទំហំ​ទៅ​តាម​ការ​បញ្ជា​ទិញ​ពី​ឈ្មួញ​កណ្ដាល។ ភាគ​ច្រើន កញ្ឆេរ​របស់​អ្នក​ស្រី លក់​មួយ​ក្នុង​តម្លៃ​ពី​១ម៉ឺន​រៀល​ទៅ ៣​ម៉ឺន​រៀល។ ហើយ​យ៉ាង​ហោច​ណាស់ អ្នក​ស្រី​អាច​រក​ប្រាក់​ចំណូល​បាន ១០០ដុល្លារ ក្នុង​រយៈពេល​៥​ថ្ងៃ។ ប្រាក់​ចំណូល​នេះ ក៏​នឹង​ត្រូវ​ចែកចាយ​ទៅ​អ្នក​ស៊ី​ឈ្នួល​របស់​អ្នកស្រី ទៅ​តាម​ការងារ​ដែល​ពួកគេ​ធ្វើ​ផង​ដែរ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;