Lady Gaga, Beyoncé … និង​អ្នក​ស្រី ប៉ែន រ៉ន សុទ្ធ​តែ​ធ្លាប់​ច្រៀង​បទ​ចម្រៀង​ដ៏​ល្បី​មួយ​បទ​នេះ

  • 2018-03-23 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 496

ចន្លោះមិនឃើញ

នៅ​ការ​ប្រគុំ​តន្ត្រី​សម្រាប់​​​កម្ម​វិធី​ទូរ​ទស្សន៍​មួយ​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤​កន្លង​ទៅ តារា​ចម្រៀង​លំដាប់​ពិភព​លោក Lady Gaga បាន​ចូល​រួម​បង្ហើរ​សម្លេង​នៅ​ក្នុង​កម្ម​វិធី​នោះ តាម​រយៈ​បទ​ចម្រៀង​មួយ​បទ​។

សូមអញ្ជើញទស្សនាបទចម្រៀងដែលច្រៀងដោយLady Gaga ៖

បទ​ចម្រៀង​ដែល Lady Gaga ច្រៀង​នៅ​ពេល​នោះ មាន​ចំណង​ជើង​ថា Bang Bang។ Bang Bang មិន​មែន​ជា​បទ​ចម្រៀង​ថ្មី​នោះ​ទេ​។ តាម​ពិត​ទៅ​បទ​ចម្រៀង​នេះ ធ្លាប់​បាន អង្រួន​ពិភព​លោក​ តាំង​ពី​កន្លះ​សតវត្សរ៍​មុន​មក​ម្ល៉េះ។ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ បទ​ចម្រៀង Bang Bang នៅ​មិន​ទាន់​ស្រក​ស្រុត​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​នៅ​ឡើយ​ទេ​។

មុន​គេ​បង្អស់ បទ​ចម្រៀង​នេះ ច្រៀង​ដោយ​អ្នក​ចម្រៀង​អាមេរិ​កាំង ឈ្មោះ​នាង​ Cherilyn Sarkisian។ វា​ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​របស់​លោក Sonny Bonno ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ប្តី​របស់​នាង​។​

ពេល​ចេញ​លក់​ដំបូង​នៅ​ឆ្នាំ ១៩៦៦ Bang Bang បាន​លក់​ដាច់​រាប់​លាន​ថាស និង​បាន​ជាប់​ចំណាត់​ថ្នាក់​ជា​បទ​ចម្រៀង​កំពូល​ នៅ​ស្ទើរ​គ្រប់​ប្រទេស​ក្នុង​ពិភព​លោក ។ ក្រោយ​មក​បទ​ចម្រៀង​នេះ​ បាន​ក្លាយ​ជា​បទ​ចម្រៀង​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ពិភព​លោក ប្រចាំ​ទស​វត្សរ៍​ឆ្នាំ​១៩៦០​។

Bang Bang ច្រៀង​រៀប​រាប់​អំពី​អារម្មណ៍​របស់​នារី​ម្នាក់​ ដែល​នឹក​ឃើញ​ដល់​កុមារ​ភាព របស់​នាង​។ កាល​ណោះ​ នាង​ធ្លាប់​បាន​ប្រឡែង​លេង​នឹង​កុមារា​ម្នាក់ ដោយ​លេង​បាញ់ គ្នា​នៅ​លើ​សេះ​ឈើ។ លុះ​ធំ​ដឹង​ក្តី​ឡើង​ ពួក​គេ​ក៏​ស្រឡាញ់​គ្នា ហើយ​រៀប​ការ​ជា​មួយ​គ្នា។ ប៉ុន្តែ​ក្រោយ​មក​បុរស​នោះ​ បាន​ចាក​ចេញ​ពី​នាង​ដោយ​មិន​បា​នលា​សូម្បី​១​ម៉ាត់។ ទង្វើ​នេះ ​ប្រៀប​ដូច​ជា​ គ្រាប់​កាំភ្លើង​ដែល​បុរស​នោះ បាន​បាញ់​ទម្លុះ​បេះ​ដូង​ដ៏​ស្មោះ​ស្ម័គ្រ​របស់​នាង …។

បទ​ចម្រៀង Bang Bang ក៏​ល្បី​ខ្លាំង​ណាស់​ដែរ នៅ​ប្រទេស​អ៊ីតាលី​និង​បារាំង​។ នៅ​ប្រទេស​បារាំង បទ​ចម្រៀង​នេះ​ត្រូវ​បាន​ច្រៀង​ឡើង​វិញ ជា​ភាសា​បារាំង ដោយ​អ្នក​ចម្រៀង​ឈ្មោះ Sheila ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង ខ្លាំង​ក្លា​នៅ​រដូវ​ក្តៅឆ្នាំ​១៩៦៦​។ បទ​ចម្រៀង​​ជា​ភាសា​បារំាង​សរសេរ​ទំនុក​ថ្មី​ដោយ Claud Carrére និង Georges Aber។

ចាប់​តាំង​ពី​ឆ្នាំ​១៩៦៦ មក​ទល់​នឹង​ឆ្នាំ​២០១៨​នេះ បទ​ចម្រៀង Bang Bang ត្រូ​វបាន​អ្នក​ចម្រៀង​​ទាំង​ស្រី​ទាំង​ប្រុស ជា​ច្រើន​នាក់ យក​ទៅ​ច្រៀង​ជា​ភាសា​ជាតិ​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន ភាសា​បារាំង ភាសា​អាល្លឺ​ម៉ង់​ ភាសា​អ៊ីតាលី ភាសា​ស៊ុយ​អ៊ែត ភាសា​ប៉ូឡូញ ភាសា​ប៊ុល​ហ្គារី ភាសា​ទួគី ភាសា​ក្រិក ភាសា​អ៊ីរ៉ង់ ភាសា​ប្រេស៊ីល ភាសា​រ៉ូម៉ានី ភាសា​ចិន ភាសា​ជប៉ុន ភាសា​វៀតណាម និង​ភាសាខ្មែរ ជា​ដើម​។

ភាព​ល្បីល្បាញ​របស់​បទ​ចម្រៀង Bang Bang បាន​រសាត់​មក​ដល់​កម្ពុជា​។ ផលិតករ​ខ្មែរ បាន​និពន្ធ​ទំនុក​ច្រៀង​ថ្មី​ ដោយ​ដាក់​ចំណង​ជើង​ថា “ ស្នេហា” ។ អ្នក​ស្រី ប៉ែន រ៉ន គឺ​ជា​សិល្បករ​ខ្មែរ​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ប្រគល់​ភារៈ​ឲ្យ​បង្ហើរ​សំឡេង​តាម​រយៈ​បទ​ចម្រៀង​ថ្មី​នេះ​ ។

ជាង​៥០​ឆ្នាំ​ហើយ ដែល​បទ​ភ្លេង​នៃ​បទ​ចម្រៀង Bang Bang បាន​កំដរ​អារម្មណ៍​មិត្ត​អ្នក​ស្តាប់ គ្រប់​ទិស​ទី​។ ក្រៅ​តែ​ពី​ការ​ផលិត​ដើម្បី​ដាក់​លក់​នៅ​ទី​ផ្សារ បទ​ចម្រៀង​នេះ ត្រូវ​បាន​គេ​ផលិត​ដើម្បី​ចាក់​ផ្សាយ​តាម​វិទ្យុ ទូរ​ទស្សន៍​ និង ដាក់​បញ្ចូល​ក្នុង​ខ្សែ​ភាព​យន្ត​ផង​ដែរ​៕

**ចុចអានអត្ថបទ​ប្រវត្តិ​បទ​ចម្រៀង​ជា​ច្រើនទៀត

---> Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW


អត្ថបទ៖ ឃុត សុខឿន​