ផ្សារ​ទំនើប​អ៊ីអនទី២ នឹង​ត្រូវ​បើក​ដំណើរការ​នៅ​ចុងខែ​...

  • 2018-03-25 08:12:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង រៀបចំ​ដែនដី នគរ​រូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​បង្ហើប​ឲ្យដឹង​ថា​ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ អ៊ីអនម៉ល​២ ដែល​ស្ថិតនៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ អាច​នឹង​ត្រូវ​ដាក់ឲ្យ​ដំណើរការ​នៅ​ចុង​ខែឧសភា​ខាង​មុខ​នេះហើយ។ ការ​ថ្លែង​នេះ បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប PH Diamond Place កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ២០១៨។

លោក ជា សុផារ៉ា ថ្លែងនាពេលកន្លងមក
ផ្សារ​ទំនើប​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ជប៉ុន​នេះ ត្រូវ​បាន​ចាប់ផ្ដើម​សាងសង់​នៅចុង​ឆ្នាំ​២០១៦ ដោយ​ចំណាយ ១២០លាន​ដុល្លារ លើ​ផ្ទៃដី​ទំហំ ១០ម៉ឺន​ម៉ែត្រ​ការ៉េ ពោលគឺ​ធំជាង​ទីតាំង​ទី​មួយ ២ម៉ឺនម៉ែត្រ​ការ៉េ។

ប្រធាន​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ប្រចាំ​នៅ​កម្ពុជា លោក​ Makoto Yajima ធ្លាប់​បាន​លើកឡើង​ថា  ដោយ​មើល​ឃើញ​ផល​វិបាក​របស់​ប្រជាជន​នៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ​ដែលមាន​ជីវភាព​ប្រសើរ តែ​មិន​អាច​ធ្វើ​ដំណើរ​មក​ទីតាំងទី​១ នៅថ្ងៃចុង​សប្ដាហ៍​បាន ដោយសារ​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​នោះ ទើប​មាន​ការ​សាងសង់​គម្រោង​ទី២នេះ និង​​រំពឹង​ថា​អាច​ទាក់ទាញ​អតិថិជន​ទាំងនោះ​ ឲ្យ​ទៅ​កម្សាន្ត​បាន។

រូបគំរូផ្សារទំនើបអ៊ីអនម៉ល២

គួរ​រំលឹក​ផងដែរ​ថា​ ផ្សារ​ទំនើប​អ៊ីអនម៉ល​សាខា​ទី១ ក្បែរ​ស្ថានទូត​រុស្ស៊ី ផ្លូវ​សុធារស ត្រូវ​បាន​បើក​ដំណើរការ​ក្នុង​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១៤ ក្រោយ​បញ្ចប់​ការ​សាងសង់​រយៈពេល​១៨​ខែ​ ដោយបាន​បោះទុន​វិនិយោគ​ប្រមាណ​ជាង​ ២០៥​ លាន​ដុល្លារ៕

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;